កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ចង់បាន Ronaldo ពី Juventus ដោយយក Pogba ជាថ្នូរ
15, Apr 2021 , 9:59 pm        
រូបភាព
អនាគតរបស់កីឡាករ Cristiano Ronaldo ជាមួយក្រុម Juventus រដូវកាលក្រោយបានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុក។ ក្រៅពីត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញ និងផ្លាស់ទៅលីគកំពូលអាមេរិក ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះក៏មានភាគរយខ្ពស់ក្នុងការវិលទៅចូលរួមជាមួយ Manchester United ផងដែរ។


ខ្សែប្រយុទ្ធ និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ទំនងជានឹងចាកចេញពី Juventus នារដូវកាលក្រោយ ទោះបីកិច្ចសន្យារបស់គេនៅមានសុពលភាពមួយឆ្នាំទៀតក៏ដោយ។ 
Ronaldo ទៅប្រកបអាជីពនៅទឹកដីអ៊ីតាលីនេះបានចំនួន៣រដូវកាល គិតទាំងរដូវកាលនេះ ក្រោយចាកចេញពី Real Madrid កាលពីឆ្នាំ២០១៨។ ពីររដូវកាលកន្លងមក ដ្បិតតែជួយសេះបង្កង់ឈ្នះជើងឯក Serie A ទាំងពីរលើក ប៉ុន្តែបំណងរបស់ម្ចាស់ពាន Ballon D’or ៥សម័យ ក្នុងការដណ្តើមពាន Champions League ខកខានទៅហើយ។
 
Ronaldo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអតីតក្លិបចាស់ Real Madrid និងការផ្លាស់ប្តូរទៅអាមេរិក និងជម្រើសមួយទៀតគឺត្រឡប់ទៅ Old Trafford វិញ ដោយមានលក្ខខណ្ឌប្តូរជាមួយខ្សែបម្រើឆ្នើម Paul Pogba។
 
យោងតាមតាមការចុះផ្សាយរបស់កាសែត Calciomercato ក្រុមរហស្សនាមបិសាចក្រហម ចង់ចុះកិច្ចសន្យាជាមួយអតីតកីឡាករខ្លួន Ronaldo នៅរដូវកាលក្រោយ ហើយនឹងពិចារណាលើកិច្ចព្រមព្រៀងដោះដូរជាមួយក្លិប Juventus ដោយមានខ្សែបម្រើបារាំង Pogba ជាថ្នូរ។
 
Pogba បានចាកចេញពី Juventus ត្រឡប់ទៅ Man Utd កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃជិត១០០លានដុល្លារ។ ខ្សែបម្រើបារាំង វ័យ២៨ឆ្នាំរូបនេះ ធ្លាប់មានគម្រោងត្រឡប់ទៅអ៊ីតាលីវិញច្រើនលើកមកហើយ ព្រោះបំពេញតួនាទីមិនបានល្អឱ្យសមតម្លៃ៕
 

Tag:
 Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com