កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់៥រូប ដែលលេចធ្លោខ្លាំង លើសកម្រិតក្លិបពួកគេបច្ចុប្បន្ន
16, Apr 2021 , 3:29 pm        
រូបភាព
ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយ ក្រុមកម្រិតមធ្យម និងទាបមួយចំនួនតូចនៃលីគកីឡាបាល់ទាត់កំពូលទាំង ៥ នៅអឺរ៉ុបបានរីកមុខមាត់តាមរយៈកីឡាករពួកគេ។ តួយ៉ាងក្រុម Atalanta និង Sassuolo ក្នុងក្របខណ្ឌ Serie A ក៏ដូចជា Tottenham Hotspur និង Aston Villa នៅ Premier League សុទ្ធតែមានកីឡាករលេចធ្លោ ស្ទើតែលើសកម្រិតក្លិប ដែលពួកគេកំពុងប្រកបអាជីពទៅទៀត។



សារព័ត៌មានថ្មីៗនឹងបង្ហាញលោកអ្នកអំពីកីឡាករបាល់ទាត់ចំនួន៥រូបដែលមានសមត្ថភាព និងទេពកោស្យលើសកម្រិតក្លិបរបស់ពួកគេបច្ចុប្បន្ន ដោយសំអាងលើរបៀបលេង និងភាពលេចធ្លោក្នុងក្រុមនាការប្រកួតកន្លងមក។ អ្នកទាំង៥ ក៏ទំនងនឹងអាចផ្លាស់ប្តូរទៅកាន់ក្លិបធំៗនាពេលឆាប់ៗខាងមុខនេះផងដែរ។
 
១- Harry Kane ពិតជាខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន និងកំពុងនាំមុខគ្រាប់បាល់ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសនៅរដូវកាលនេះ។ ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ជាសមាជិកសំខាន់របស់ Tottenham Hotspur ក្នុងការនាំក្រុមប្រជែងពានធំៗក្នុងស្រុក និងអឺរ៉ុប។ បើទោះ Kane ល្អយ៉ាងណាក៏ដោយ តែក្រុមដែលមានលោក Jose Mourinho ជាអ្នកចាត់ការទូទៅទំនងជាមិនអាចទទួលបានពាននៅរដូវកាលនេះឡើយ។ Spurs បានធ្លាក់ពី Europa League ខណៈនៅ Premier League ពួកគេមានចំណាត់ថ្នាក់ទី៦។


 
២- Jack Grealish ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលពីររដូវកាលចុងក្រោយ ដោយនាំ Aston Villa ឡើងទៅលីគកំពូលរដូវកាលមុន និងមានចំណាត់ថ្នាក់ល្អនៅរដូវកាលនេះ។ ខ្សែបម្រើអន្តរជាតិអង់គ្លេស វ័យ២៥ឆ្នាំ ពិតជាគ្រាប់ពេជ្ររបស់អ្នកចាត់ការទូទៅលោក Dean Smith ដែលមិនអាចប្រកែកបាន។ Grealish ជាខ្សែបម្រើដ៏មានទេពកោសល្យក្នុងការបង្កើតឱ្យកាសរកគ្រាប់បាល់ និងមានសមត្ថភាពខ្ពស់ដូចទៅនឹងកីឡាករឆ្នើមៗលំដាប់ពិភពលោកផ្សេងទៀតដែរ។
 


៣- Declan Rice ជាខ្សែបម្រើការពារដ៏រឹងមាំសម្រាប់ក្រុម West Ham United។ កីឡាករអន្តរជាតិអង់គ្លេសវ័យ២២ឆ្នាំរូបនេះ បានបង្ហាញរបៀបលេងគួរឱ្យចាប់អារម្មណ៍បំផុតនៅតំបន់កណ្តាល ហើយថែមទាំងជួយក្រុមលោក David Moyes ស្ថិតនៅចំណាត់ថ្នាក់ទី៤ក្នុងតារាង Premier League រដូវកាលនេះផង។ Rice ស្ថិតក្រោមគោដៅរបស់ក្លិបធំៗនៅអឺរ៉ុប និងមានភាគរយច្រើនក្នុងការចាកចេញពីក្រុមរហស្សនាមញញ៉ួផង។



៤- Rodrigo de Paul តារាទើបរះនៅ Serie A។ Rodrigo ជាសមាជិកសំខាន់របស់ Udinese ជាមួយទម្រង់លេងដ៏អស្ចារ្យនៅរដូវកាលនេះ។ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន វ័យ២៦ឆ្នាំរូបនេះមានសមត្ថភាព និងបច្ចេកទេសក្នុងការគ្រប់គ្រងបាល់តាមរយៈការបង្កើតឱកាសឱ្យដៃគូសម្រេចទី។ Rodrigo ដែលមានជំនាញបញ្ជូនបាល់ល្អឥតខ្ចោះ មានការទាក់ទងពីក្លិបធំៗដើម្បីនាំរូបគេទៅរួមក្រុម។


 
៥- Domenico Berardi បង្ហាញរបៀបលេងដ៏ល្អសម្រាប់ក្រុម Sassuolo ក្នុងក្របខណ្ឌ Serie A។ ខ្សែបម្រើស្លាបដ៏មានទេពកោសល្យរូបនេះ បានបង្កគ្រោះថ្នាក់ឱ្យក្រុមគូប្រជែង ខណៈរូបគេរកបាន១១គ្រាប់ហើយសម្រាប់ Sassuolo ។ កីឡាករអ៊ីតាលី វ័យ២៦ឆ្នាំជាសមាជិកសំខាន់ក្នុងការជួយ Sassuolo រីកមុតមាត់ និងមានចំណាត់ថ្នាក់ល្អនៅក្របខណ្ឌអ៊ីតាលីរដូវកាលនេះ៕


 

Tag:
 Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com