COVID-19
ជាតិ
រកឃើញអ្នកវិជ្ជមានកូវីដ១៩ ២នាក់ទៀត ដែលប៉ះពាល់ជាមួយអាជីវករផ្សារក្រោម និងបិទមន្ទីរពិសោធន៍វេជ្ជសាស្រ្ដមួយកន្លែង
15, Apr 2021 , 9:44 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២នាក់បន្ថែមទៀត នាយប់ថ្ងៃទី១៥ មេសានេះ ដែលពួកគេពាក់ព័ន្ធជាអាជីវករនៅផ្សារក្រោម ក្រុងសៀមរាប។ បន្ថែមពីនេះ អាជ្ញាធរបានសម្រេចបិទបណ្ដោះអាសន្ននូវមន្ទីរពិសោធ៍វេជ្ជសាស្រ្ដ ប្រាសាទតាកែវ ដោយសារអ្នកជំងឺធ្លាប់ចូលទីតាំងនេះកាលពីថ្ងៃទី១១ មេសា។

 
អ្នកវិជ្ជមានចំនួន២នាក់បន្ថែមទៀត ដែលពាក់ព័ន្ធនឹងអាជីវករនៅផ្សារក្រោម រួមមានទី១ ឈ្មោះ ឡេង សុខេង ភេទប្រុស អាយុ ៥៥ឆ្នាំ និងទី២ ឈ្មោះ ឃាង លក្ខិណា អាយុ១០ឆ្នាំ អ្នកទាំង២គឺជាប្ដីនិងកូនរបស់លោកស្រី ចឿម ផល្លា ដែលតេស្ដឃើញវិជ្ជមានកូវីដ១៩កាលពីថ្ងៃទី១២ មេសា។ លោកស្រី ចឿម ផល្លា បានឆ្លងជំងឺនេះពីកូនប្រុសឈ្មោះ អ៊ឹង ខៃលី មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ដែលពាក់ព័ន្ធនឹងបុរសអ្នករត់តាក់ស៊ី។
 
បន្ថែមពីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប្រាសាទកែវ មានទីតាំងស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាបណ្ដោះអាសន្នផងដែរ ក្រោយអ្នកជំងឺឈ្មោះ ឡេង សុខេង បានចូលកាលពីថ្ងៃទី១១ មេសា។
 
រដ្ឋបាលខេត្តបានអំពាវនាវឲ្យអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ ឬធ្លាប់ចេញចូលមន្ទីរពិសោធន៍ខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ហើយប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
 
គិតត្រឹមរសៀលថ្ងៃទី១៥ ខែមេសានេះ អាជីវករផ្សារចំនួន៧នាក់ហើយ ដែលតេស្ដឃើញវិជ្ជមានកូវីដ១៩។ ករណីទីមួយ គឺកើតលើឈ្មោះ អ៊ឹង ខៃលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ដែលពាក់ព័ន្ធនឹងបុរសអ្នករត់តាក់ស៊ី ដែលវិជ្ជមានកូវីដ១៩ នៅចុងខែមីនាកន្លងទៅ។ គិតត្រឹមថ្ងៃដដែល សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ  ខេត្តសៀមរាបមានករណីអ្នកវិជ្ជមានកូវីដ១៩ចំនួន ២០នាក់ហើយ ក្នុងនោះបានជាសះស្បើយចំនួន ៣នាក់៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com