COVID-19
ជាតិ
អាជ្ញាធរខេត្តសៀមរាប សម្រេច​បិទខ្ទប់សង្កាត់ស្វាយដង្គំ សាលាកំរើក និងសង្កាត់សៀមរាប ​​​​២សប្តាហ៍
16, Apr 2021 , 11:05 am        
រូបភាព
រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់សង្កាត់ចំនួន ៣ រយៈពេល២សប្តាហ៍ គឺសង្កាត់ ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប។ វិធានការបិទខ្ទប់នេះ ត្រូវអនុវត្តចាប់ពីម៉ោង ០ ថ្ងៃទី ១៦ មេសាបា រហូតដល់ថ្ងៃទី ២៩ មេសា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្របិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យរាលដាលទៅតំបន់ផ្សេង។



គួរ​សម្គាល់ថា វិធានការ​នេះ​ត្រូវបាន​ដាក់ចេញ​បន្ទាប់ពី នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​អាជីវករ​ផ្សារ​ដល់​ទៅ​៧​នាក់​ហើយ ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៥ ខែមេសា​។ ករណី​ទីមួយ គឺ​កើត​លើ​ឈ្មោះ អ៊ឹង ខៃ​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប​នៅ​ផ្សារ​ក្រោម ដែល​ពាក់ព័ន្ធ​នឹង​បុរស​អ្នករត់​តាក់ស៊ី ដែល​វិជ្ជមាន​កូ​វីដ​១៩ នៅ​ចុង​ខែមីនា​កន្លងទៅ​។ គិត​ត្រឹម​ថ្ងៃ​ដដែល សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ  ខេត្តសៀមរាប មាន​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន ២០​នាក់​ហើយ ក្នុងនោះ​បានជា​សះស្បើយ​ចំនួន ៣​នាក់​។

តាម​សេចក្តីសម្រេច របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​អំឡុងពេល​បិទ​ខ្ទប់​នេះ បុគ្គល​គ្រប់រូប នឹង​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញពីផ្ទះ លើកលែងតែ​ចាំបាច់​មួយចំនួន ដូចជា​ទៅ​កន្លែងធ្វើការ និង​ប្រកប​អាជីវកម្ម ក្នុង​តំបន់​បិទ​ខ្ទប់ ដោយមាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​។ ការធ្វើដំណើរ​ទៅ​កន្លែង​លក់​ម្ហូប គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ និង​ការធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព ឬ​ឱសថស្ថាន ដោយ​បញ្ហា​សុខភាព​បន្ទាន់ ក៏​ស្ថិត​ក្នុងករណី​លើកលែង​ដែរ​។ ក្រៅពីនេះ ការធ្វើដំណើរ​បំពេញបេសកកម្ម​របស់​ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ និង​កម្លាំងប្រដាប់អាវុធ ក៏ដូចជា​ការធ្វើដំណើរ​ចូលរួម ក្នុង​សកម្មភាព​បម្រើ​ប្រយោជន៍​សាធារណៈ និង​ការធ្វើដំណើរ​ដោយ​មូលហេតុ​ចាំបាច់ និង​បន្ទាន់ ក៏ត្រូវ​មានការ​អនុញ្ញាត ពី​អាជ្ញាធរ​ជាមុន​តាម​ការស្នើសុំ​ដែល​កំណត់​របស់​អាជ្ញាធ​រ ក៏​នឹង​ត្រូវបាន​លើកលែង​ដែរ​។​
 
​បើទោះជា​ស្ថិត​ក្នុងករណី​លើកលែង​ការធ្វើដំណើរ​ក៏ដោយ ប៉ុន្តែ​បុគ្គល​គ្រប់រូប ត្រូវមាន​កាតព្វកិច្ច ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ប្រកាន់ខ្ជាប់​ការ​អនាម័យ និង​ការ​វាស់​កម្ដៅ ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​។ នេះ​បើតាម​សេចក្តីសម្រេច​ដដែល​។​
 
​រាល់​ការជួបជុំ និង​ប្រមូលផ្ដុំ​ទាំងអស់​ក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវបាន​ហាមឃាត់ លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ដូចជា ជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ​ក្នុង​លំនៅដ្ឋាន ការរៀបចំ​ពិធី​បុណ្យសព​តាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល ដើម្បី​យក​សំណាក​អ្នកពាក់ព័ន្ធ​កូ​វីដ​-១៩ និង​សង្គ្រោះបន្ទាន់ និង​ការជួបជុំ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​។ នេះ​បើតាម​សេចក្តីសម្រេច​ដដែល ដោយបាន​បន្តថា ចំពោះ​អាជីវកម្ម ដែល​មិនមែនជា​តម្រូវការ ក៏​ត្រូវបាន​ហាមឃាត់ លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ដូចជា សកម្មភាព​បំពេញការងារ​ក្នុង​ក្របខណ្ឌ​សាធារណៈ​ដូចជា កងក​ម្លាំ​ប្រដាប់អាវុធ សេវា​ផ្គត់ផ្គង់​អគ្គិសនី ទឹកស្អាត សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ជាដើម​។ អាជីវកម្ម តាម​ប្រព័ន្ធ​អន​ឡាញ ឱសថស្ថាន ការផ្គត់ផ្គង់​ទំនិញ​ដែលជា​តម្រូវ​ការចាំបាច់ ក៏ត្រូវ​បានអនុញ្ញាត​។ រាល់​ការធ្វើដំណើរ​ដែល​ត្រូវបាន​អនុញ្ញាត​នេះ នឹងត្រូវ​ហាមឃាត់​ក្នុង​ចន្លោះ​ម៉ោង​៨ ដល់​ម៉ោង​៥​ភ្លឺ លើកលែងតែ​មូលហេតុ​សុខភាព​បន្ទាន់​។ ចំពោះ​បុគ្គល​ណា​ដែល​ល្មើស​វិធានការ អំឡុងពេល​បិទ​ខ្ទប់​នេះ នឹងត្រូវ​ទទួលទោស​ដែល​ចែង​ដោយ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com