COVID-19
ជាតិ
​លោក ឃួង ស្រេង នឹងចាត់វិធានការលើឈ្មួញដែលដំឡើងថ្លៃទំនិញ
16, Apr 2021 , 11:59 am        
រូបភាព
លោក ឃួង ស្រេង (រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ)
លោក ឃួង ស្រេង (រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ)
ដោយ:
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងចាត់វិធានការលើឈ្មួញដែលដំឡើងថ្លៃទំនិញ នៅក្នុងអំឡុងពេលបិទខ្ទប់។ មូលហេតុឈានដល់ការចាត់វិធានការបែបនេះ បន្ទាប់ពីអាជីវករមួយចំនួន ឆ្លៀតឱកាសដំឡើងថ្លៃទំនិញប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។

 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជីវករទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយអ្នកក្រីក្រ ជួយពលរដ្ឋដែលកំពុងមានទុក្ខ និងអំពាវនាវដល់អាជីវករ កុំដំឡើងថ្លៃទំនិញដោយគ្មានហេតុផល អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ ។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
 
បន្ទាប់ពីមានសេចក្ដីប្រកាសបន្ទាន់មួយរបស់រាជរដ្ឋាភិបាលស្ដីពីការសម្រេចបិទខ្ទប់រាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ កាលពីថ្ងៃទី១៤ មេសា ២០២១ រយៈពេល១៤ថ្ងៃ។ នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ មានពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅទិញស្បៀង ដើម្បីស្ដុកទុក ជាហេតុនាំឲ្យអាជីវករមួយចំនួនឆ្លៀតឱកាសដំឡើងថ្លៃទំនិញ។
 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យភ្នាក់ងារដូចជាមន្ទីរកសិកម្ម ​និងមន្ទីរពាណិជ្ជកម្ម ចុះពិនិត្យគ្រប់ទីតាំងសត្តឃាតទាំងអស់ ក្នុងរាជធានីភ្នំពេញ ដោយ​អះអាងថា មិនមានការដំឡើងថ្លៃក្នុងការផ្គត់ផ្គង់លើទីផ្សារនោះទេ។ លោកបានលើកឡើងដូច្នេះ៖«ខ្ញុំ នឹងស្រាវជ្រាវបន្តទៀតថាមូលហេតុនៃការឡើងថ្លៃទំនិញនេះមកពីមូលហេតុអី បើរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចហើយថា មិនបិទអ្នកដែលដឹកទំនិញ ពិសេសគ្រឿងឧបភោគបរិភោគដែលយកមកផ្គត់ផ្គង់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនោះទេ»។
 
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាក់ថា អាជ្ញាធរកំពុងធ្វើការងារនេះ ដោយមិនទុកឲ្យជនទុច្ចរិតឆ្លៀតឱកាសបន្តនោះទេ។ លោកថា បើសិនទំនិញមានការឡើងថ្លៃអាជីវករត្រូវធានាថា ទំនិញត្រូវតែមានគុណភាព សុខុមាលភាពជូនពលរដ្ឋ អ្នកបរិភោគ ហើយមិនមែនចេះតែឡើងថ្លៃដោយគ្មានហេតុផលនោះទេ។ 
 
«តើការតម្លើងថ្លៃទំនិញនេះឈរលើមូលដ្ឋានអ្វី? បើខ្វះមូលដ្ឋានខ្ញុំនឹងមានវិធានការរដ្ឋបាល។ ទី១-ខ្ញុំនឹងណែនាំឲ្យបញ្ចុះថ្លៃទំនិញទៅតាមប្រក្រតីភាពនៅពេលដែលមិនទាន់បិទខ្ទប់ភ្នំពេញ។ ទី២-ខ្ញុំអាចមានវិធានការទៅថ្ងៃអនាគតថែមទៀត ដល់ឈ្មួញដែលទុច្ចរិតឆ្លៀតឱកាសដែលពលរដ្ឋកំពុងមានទុក្ខលំបាក ក្នុងការដំឡើងថ្លៃគ្មានហេតុផល ថ្វីដ្បិតតែយើងអនុវត្តគោលនយោបាយទីផ្សារសេរីក៏ពិតមែន តែយើងក៏មានវិធានការដល់ឈ្មួញទុច្ចរិតដែរ។  នេះជាសំនួរដែលលោក ឃួង ស្រេង បានចោទសួរទៅកាន់អាជីវករឆ្លៀតឱកាសដំឡើងថ្លៃទំនិញនាវិបិត្តកូវីដ-១៩នេះ៕
 

Tag:
 ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com