ជាតិ
សាសនា / ធម៌
អ្នកណាខ្លះ ជាញាតិ៧សន្តាន?
15, Apr 2023 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ញាតិ គឺសំដៅដល់ជន ដែលជាប់សែលោហិតនឹងគ្នា ទាំងខាងមាតានិងខាងបិតា។ ញាតិទាំង៧សន្តាន គឺរាប់ចាប់ពីយើងឡើងទៅ៣ថ្នាក់ និងក្រោមយើងចុះទៅ៣ថ្នាក់ រួមទាំងយើងផ្ទាល់ផងដែរ។

 
ញាតិទាំង៧សន្តាន រាប់ពីថ្នាក់លើយើងឡើងទៅ៣ជាន់ និងថ្នាក់ក្រោមយើង៣ជាន់។ ថ្នាក់លើយើង៣ជាន់ គឺថ្នាក់មាតាបិតា១, ថ្នាក់ជីដូនជីតា១ និង ថ្នាក់យាយទួតតាទួត១។ ចំណែក ថ្នាក់ក្រោមយើង៣ជាន់ទៀត គឺថ្នាក់កូន១, ថ្នាក់ចៅ១ និង ថ្នាក់ចៅទួត១។ ដូច្នេះ រួមទាំងអស់ គឺ ៦ថ្នាក់ ហើយបន្ថែមខ្លួនយើងម្នាក់ទៀត ទៅជា៧ថ្នាក់ ដែលយើងហៅថា ញាតិទាំង៧សន្តាន។ នេះបើតាមវចនានុក្រមសម្តេច ជួន ណាត។
 
មនុស្សមួយចំនួនធំ យល់ថា ញាតិទាំង៧សន្តាន គឺសំដៅដល់សាច់ញាតិទាំងឡាយណា ដែលជាសាច់សាលោកហិតរបស់ខ្លួនតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលខ្លួនឯងនោះទេ។ តែការពិត ញាតិទាំង៧សន្តាន គឺរាប់ទាំងខ្លួនយើងផងដែរ។
 
ម្យ៉ាងទៀត ប្រជាជនទូទៅ ជាពិសេសយុវជន ក៏យល់ច្រឡំផងដែរថា ញាតិទាំង៧សន្តាន គឺសំដៅដល់បងប្អូន ញាតិសន្តាន ដែលបានស្លាប់បាត់បង់ជីវិទៅហើយ។ ពួកគេ យល់យ៉ាងនេះ ដោយសារតែ ពេលធ្វើបុណ្យម្តងៗ អាចារ្យ និងចាស់ទុំ តែងតែអប់រំកូនចៅ និងយុវជន ឲ្យឧទ្ទិសបុណ្យកុសលដល់បុព្វការីជន និងញាតិទាំង៧សន្តាន ដែលបានចែកស្ថាន។ ត្រង់នេះហើយ ដែលជាហេតុនាំឲ្យពួកគេយល់ច្រឡំថា ញាតិទាំង៧សន្តាន គឺជាជាតិទាំងឡាយណា ដែលស្លាប់ទៅហើយ។ ញាតិទាំង៧សន្តាន គឺមិនមែនសំដៅតែទៅលើអ្នកស្លាប់នោះទេ តែក៏រាប់បញ្ចូលទាំងអ្នកនៅរស់គ្រប់រូប រួមទាំងខ្លួនយើងផងដែរ។
 
តាមពិតទៅ ញាតិរបស់យើងម្នាក់ៗ មានច្រើនណាស់ រាប់មិនអស់នោះទេ ព្រោះជីវិតមនុស្សសត្វគ្រប់រូប កើតស្លាប់ៗ ជាច្រើនកប្ប ច្រើនអសង្ខេយ្យ រាប់ពុំបាន ស្មានពុំកើត។ ញាតិទាំង៧សន្តាននេះ គ្រាន់តែជាចំនួនញាតិដ៏តូចមួយរបស់យើងប៉ុណ្ណោះ៕
 

Tag:
 ញាតិ៧សន្តាន
© រក្សាសិទ្ធិដោយ thmeythmey.com