ជាតិ
មកស្គាល់ប្រវត្តិវត្តអារាម១២ ដែលសង់តាមបណ្ដោយស្ទឹងសៀមរាប
16, Apr 2021 , 8:59 pm        
រូបភាព
វត្តព្រះព្រហ្មរ័ត្ន
វត្តព្រះព្រហ្មរ័ត្ន
សៀមរាប៖ ស្ទឹងសៀមរាប ត្រូវបានគេប្រដូចទៅនឹងទន្លេគង្គា ដែលជាទន្លេដ៏ពិសិដ្ឋរបស់ឥណ្ឌា។ ស្ទឹងសៀមរាបដែលមានប្រភពទឹកពីភ្នំគូលេន ដែលជាបូជានីយដ្ឋាន និងជាទីសក្ការៈដ៏ស័ក្ដិសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ និងត្រូវបានរៀបចំប្រសិទ្ធីពីភ្នំធម្មជាតិ ទៅជាភ្នំកៃលាស នាសតវត្សទី៩។ ទឹកភ្នំគូលេន ហូរកាត់តំបន់អង្គរបង្កើតជាស្ទឹង៤សំខាន់ៗ រួមមាន ស្ទឹងពួកខាងលិច ស្ទឹងសៀមរាបនៅកណ្ដាល ស្ទឹងរលួស និងស្ទឹងទឹកលិចនៅខាងកើត។ ក្នុងចំណោមនោះ ស្ទឹងសៀមរាបដែលសំខាន់ជាងគេ ហូរកាត់កណ្ដាលអតីតរាជធានីអង្គរ ដែលបច្ចុប្បន្នហូរកាត់ក្រុងសៀមរាប ជាតំណាងទន្លេគង្គា ដែលហូរចុះពីភ្នំហិមពាន្ដ។

 
ចាប់តាំងពីសតវត្សទី១៨ មក តាមមាត់ច្រាំងនៃស្ទឹងសៀមរាប វត្តមានវត្តតូចៗជាច្រើន ត្រូវបានរៀបចំកសាងឡើង ហើយដែលបានទាក់ទាញមនុស្សម្នាមករស់ជុំវិញ បង្កើតជាភូមិឋានរហូតមកដល់សព្វថ្ងៃ។ វត្តអារាមនៅតាមបណ្ដោយស្ទឹងសៀមរាបសរុបមានចំនួន ១២ ដែលក្នុងនោះមានទាំងវត្តបុរាណ និងខ្លះទៀតទើបនឹងកសាងនាសម័យកាលក្រោយនេះ។
 
សារព័ត៌មានថ្មីៗ សូមដកស្រង់ខ្លឹមសារខ្លីៗពីប្រវត្តិនៃទីអារាមចំនួន១២ ដែលស្ថិតនៅតាមបណ្ដោយស្ទឹងសៀមរាប រាប់ចាប់ពីប៉ែកខាងលើ (ខាងជើង) ចុះទៅទន្លេសាប (ខាងត្បូង)។ ខ្លឹមសារទាំងនេះ ដកស្រង់ចេញពីការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា ដែលរៀបរៀងឡើងដោយលោក សេន សែត ចងក្រងឡើងនាឆ្នាំ ២០១៤-២០១៥។
 
ទី១. វត្តទេពពោធិវង្ស ហៅវត្តថ្មី




 
ស្ថិតនៅទិសពាយ័ព្យនៃក្រុងសៀមរាប វត្តនេះសាងឡើងក្នុងឆ្នាំ ១៩៩០ ដោយសំណង់វិហារកសាងរវាងឆ្នាំ ១៩៩៣ និង១៩៩៧។ វត្តនេះក៏ត្រូវបានគេស្គាល់ជាទូទៅថាវត្តក្បាលខ្មោចផងដែរ គឺបរិវេណវត្តនេះមានតម្កល់គ្រោងឆ្អឹងប្រជាជនដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម។ ក្រៅពីឆ្អឹងជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម ដែលភ្ញៀវទេសចរតែងចូលទស្សនា វត្តថ្មី មានក៏មានសាលារៀនអង្គការ និងសាលាមតេយ្យផងដែរ។
 
ទី២. វត្តព្រះឥន្ទកោសី


 
ហេតុដែលថាឈ្មោះព្រះឥន្ទកោសី គឺយោងទៅព្រះឥន្ទ ក្នុងចម្លាក់នៃប្រាសាទមួយស្ថិតខាងកើតព្រះវិហារ ហើយប្រាសាទនេះនៅដល់សព្វថ្ងៃ។ ប្រាសាទឥន្ទកោសី កសាងនៅពាក់កណ្ដាលទី២ នៃសតវត្សទី១០ ដែលមានធ្នឹមដ៏ស្រស់ស្អាតនៅលើទ្វារខាងត្បូង រួមជាមួយចម្លាក់ចំណាស់នៃរឿងកូរសមុទ្រទឹកដោះ។
 
ទី៣. វត្តព្រះឥន្ទកោសា


 
វត្តនេះស្ថិតនៅខាងត្បូងវត្តព្រះឥន្ទកោសីបន្ដិច និងមានចម្ងាយពីស្ពានថ្មព្រះរាជដំណាក់ប្រមាណ១គីឡូម៉ែត្រ។ វត្តនេះកសាងឡើងក្នុងឆ្នាំ ១៥០៣ ដោយសម្ដេច ប៉ិម ព្រមទាំងពុទ្ធបរិស័ទ។ ឈ្មោះវត្តនេះ យោងទៅនាមរបស់ព្រះឥន្ទ។ ព្រះវិហារសព្វថ្ងៃ មានអាយុកាលជិត១០០ឆ្នាំ ដោយសាងសង់ឡើងនៅអំឡុងឆ្នាំ ១៩២៥ ដឹកនាំកសាងដោយព្រះតេជគុណ ឥន្ទ ជោត ជាព្រះគ្រូចៅអធិការ ភិក្ខុសាមណេរ និងពុទ្ធបរិស័ទ។
 
ទី៤. វត្តពោធិលង្កា 


 
ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប វត្តនេះមានឈ្មោះដើមថា វត្តពោធិ៍ កសាងក្នុងឆ្នាំ ១៤៩៣។ វត្តនេះ បានក្លាយទៅជាវត្តពោធិ៍លង្កា ដោយសារដើមឡើយមានវត្តវៀតណាមមួយនៅខាងលិចស្ទឹងឈ្មោះថា លង្កា លុះក្រោយមកគេបានរុះរើចោល ទើបក្រោយមកទៀតក៏គេយកឈ្មោះវត្តទាំងពីរបូកបញ្ចូលគ្នាតែម្ដង។
 
ទី៥. វត្តបូណ៌ ឬ វត្តរាជបូណ៌


 
វត្តនេះមានភាពល្បីល្បាញខ្លាំងក្នុងក្រុងសៀមរាប និងជាវត្តមួយក្នុងចំណោមវត្តចំណាស់ក្នុងខេត្ត។ តាមឯកសារ វត្តនេះសាងសង់ឡើងក្នុងរវាងឆ្នាំ ១៦៥០។ ចំណែកសំណង់វិហារ ដោយមានរចនាប័ទ្មស្រស់ស្អាត មានបង្កប់ទាំងនិមិត្តរូបច្រើនជាតិសាសន៍ផង។ និមិត្តសញ្ញាទាំងនោះត្រូវបានអះអាងថា ត្រូវបានអនុម័តឲ្យប្រើដោយព្រះបាទ ចូឡាឡុងកន ក្នុងរវាងឆ្នាំ ១៨៩០ អំឡុងពេលសៀមរាបត្រួតត្រាខេត្តសៀមរាប។
 
ទី៦. វត្តព្រះព្រហ្មរត្ន


 
វត្តនេះមានន័យថា វត្តនៃរតនវត្ថុរបស់ព្រះព្រហ្ម និងមានទីតាំងស្ថិតនៅកណ្ដាលក្រុងសៀមរាប។ វត្តនេះស្ថិតនៅខាងកើតផ្សារចាស់ និងជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរផង ដ្បិតមានការរៀបចំសួនច្បារ និងបរិស្ថាន ស្រស់ស្អាត។ វត្តនេះទំនងសាងឡើងដោយព្រះបាទ អង្គចាន់ នៅចុងសតវត្សទី១៨ លើផ្ទៃដីដែលប្រគេនដោយគ្រួសារអ្នកមានឈ្មោះថា តាព្រហ្ម និងយាយរត្ន។ នៅឆ្នាំ១៩៤០ ព្រះចៅអធិការវត្តបានដាក់ឈ្មោះឡើងវិញ ថាវត្តព្រះព្រហ្មរត្ន។
 
ទី៧. វត្តដំណាក់


 
ជាវត្តចំណាស់មួយ តែពុំមានការបញ្ជាក់ពីឆ្នាំកសាងនៅពេលណានោះទេ ទោះមានអំណះអំណាង ចំណារដែលគេសរសេរលើជញ្ជាំងខាងជើង ដែលបញ្ជាក់ពីឆ្នាំកសាងថា ក្នុងឆ្នាំ១៩១៩ ក្ដី តែវាប្រហែលវេលានៃការជួសជុលឡើងវិញជាលើកដំបូងតែប៉ុណ្ណោះ។ ឆ្នាំ ១៩៩៥ សាលាធម្មសភាដែលបានធ្វើឡើងវិញ ត្រូវបានបង្វែរទៅជាមជ្ឈមណ្ឌលខេមរសិក្សា ដែលជាបណ្ណាល័យដ៏ធំ និងសម្បូរឯកសារស្រាវជ្រាវចំណាស់ៗជាច្រើន។
 
ទី៨. វត្តស្វាយ


 
មានឈ្មោះពេញថា វត្តសុវណ្ណផលារង្សី ជាវត្តដំបូងបង្អស់នៅលើផ្លូវខាងត្បូងក្រុង ឆ្ពោះទៅទន្លេសាប។ វត្តស្វាយកសាងឡើងក្នុងឆ្នាំ ១៨៥៣។ ព្រះវិហារសាងសង់ក្នុងឆ្នាំ ១៩២៥ និងជួសជុលឡើងវិញក្នុងឆ្នាំ ១៩៦០ ដោយព្រះចៅអធិការព្រះនាម ចាប ពៅ ហើយខូចខាតតិចតួចក្នុងសម័យខ្មែរក្រហម តែត្រូវក្រុមឈ្មួញទុច្ចរិតបំផ្លិចបំផ្លាញសំណង់នេះ ដើម្បីកាយរកកំណប់នៅខាងក្រោមឫសសីមា។
 
ទី៩. វត្តគង់ម៉ុច 


 
ជាវត្តទី២ ដែលស្ថិតខាងត្បូងក្រុង ផ្លូវឆ្ពោះទៅបឹងទន្លេសាប ដោយឆ្លងកាត់កូនស្ពានតូចមួយចេញពីផ្លូវធំទៅ។ ព្រះវិហារចាស់ដែលបានសាងឡើងក្នុងឆ្នាំ ១៩២៥ ត្រូវជំនួសដោយវិហារថ្មីដែលផ្តើមសាងសង់ក្នុងឆ្នាំ ២០០៥។ តាមជណ្ដើរចូលសងខាង លម្អដោយរូបគំនូរសត្វបែបទេវកថាចម្រុះពណ៌។
 
ទី១០. វត្តពោធិក្រោម ឬវត្តពោធិបន្ទាយជ័យ


 
ជាវត្តទី៣ ស្ថិតនៅខាងត្បូងក្រុង ឆ្ពោះទៅទន្លេសាប។ វត្តដ៏តូច និងស្ងប់ស្ងាត់មួយនេះ មានព្រះវិហារដែលទើបសាងនៅឆ្នាំ២០០៥-២០០៧ សសរជ្រុងខ្ពស់ និងដំបូលយ៉ាងស្រស់ស្អាត។ ជញ្ជាំងវិហារខាងក្រៅ មានរូបចម្លាក់ស៊ីម៉ង់កំបោរស គំនូរច្បាស់ៗ ដោយបង្ហាញរឿងនិទានរាមកេរ្ដិ៍។ វិហារចាស់ សាងសង់ក្នុងឆ្នាំ ១៩៤៦ ដែលសព្វថ្ងៃជំនួសដោយសំណង់វិហារថ្មី ត្រូវបានរុះរើនៅឆ្នាំ ២០០៥។ 
 
ទី១១. វត្តអារញ្ញសាគរ 


 
ជាវត្តចុងក្រោយបង្អស់នៅខាងកើតស្ទឹង ភាគខាងត្បូងក្រុងសៀមរាប មុននឹងចូលទៅដល់បឹងទន្លេសាប។ ដើមឡើយវត្តនេះ នៅជាប់មាត់បឹងទន្លេសាបពេលខែទឹកឡើងខ្លាំងនារដូវវស្សា។ វិហារវត្តនេះ មានទម្រង់ស្ថាបត្យកម្មដ៏ពិសេស ដោយសង់លើផ្ទៃដីខ្ពស់ សសររចនាប័ទ្មខ្មែរបុរាណ និងបង្កាន់ដៃមាំ។ រីឯសសរ មានទម្រង់ជាខ្សែពួររមូរ ឬដូចគូទខ្យង ហើយសសរមួយៗមានគ្រឹះផ្សេងៗពីគ្នា។ លើសពីនេះ សសរនីមួយៗ ត្រូវបានគេធ្វើឡើងជាពីរថ្នាក់ ដែលដូចគ្នាបេះបិទទៅនឹងសសរមួល។ វិហារនេះ កសាងឡើងអំឡុងពាក់កណ្ដាលសតវត្សទី១៩។
 
ទី១២. វត្តអធ្វា


 
ជាវត្តតែមួយគត់ ដែលស្ថិតនៅខាងលិចស្ទឹងសៀមរាប និងសង់ក្នុងបរិវេណប្រាសាទដែលសង់មិនទាន់រួចរាល់ មានអាយុកាលស្របាលគ្នានឹងប្រាសាទអង្គរវត្ត ដែលគេហៅថាប្រាសាទអធ្វា។ ព្រះវិហារតូចច្រឡឹង សាមញ្ញបំផុត ត្រូវបានកម្ទេចចោលទាំងស្រុងក្នុងរបបខ្មែរក្រហម និងសាងឡើងវិញក្នុងឆ្នាំ ១៩៨០៕
 

Tag:
 វត្តតាមបណ្ដោយស្ទឹងសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com