ជាតិ
កម្ពុជាទទួលបានចំណូលជាង១ពាន់លានដុល្លារពីការនាំចេញកសិផល នៅត្រីមាសទី១ឆ្នាំ២០២១
16, Apr 2021 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលសរុបចំនួន ១.០១៤,១២ លានដុល្លារ ពីការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានការកើនឡើង ៤១៨,៨៤លានដុល្លារ ស្មើនឹង៧០.៣៦ភាគរយ។ នេះបើតាមរបាយការបូកសរុបការងាររបស់នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ មេសា ឆ្នាំ២០២១។

 
បើតាមរបាយការណ៍របស់នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កសិផលទាំងនោះរួមមាន ការនាំចេញស្រូវមានចំនួន ១.២៣លានតោន គិតជាទឹកប្រាក់ ៣១៦.០៣លានដុល្លារ ប្រៀបធៀបរយៈពេលដូចគ្នាការនាំចេញស្រូវមានការកើនឡើងចំនួន ៦៩៣.៣៥ពាន់តោន ឬ២០៨.៤៣លានដុល្លារ។ ចំណែកការនាំចេញអង្ករសម្រេចបានចំនួន ១៥៥.៧៥ពាន់តោន គិតជាទឹកប្រាក់ ១០៩.៨០លានដុល្លារ ប្រៀបធៀបរយៈពេលដូចគ្នាមានការថយចុះ៥៣.៣៧ពាន់តោន ឬ ៣៦.០៣លានដុល្លារ។
 
រីឯការនាំចេញកៅស៊ូមានចំនួន ៦១.៩៣ពាន់តោន គិតជាទឹកប្រាក់ ៩៣.០៤លានដុល្លារ។ ដោយឡែកការនាំចេញកសិផលផ្សេងៗទៀតមានចំនួន ២.៦៨លានតោន គិតជាទឹកប្រាក់ ៤៩៥.២៦លានដុល្លារ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com