អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅជួបលោក បៃឌិន នៅសេតវិមានខែក្រោយ
× ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅរដ្ឋធានី វ៉ាស៊ីនតោននាខែឧសភា។ ជំនួបនេះនឹងពិភាក្សាអំពីមធ្យោបាយក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការប្រកាសរបស់ការិយាល័យមេដឹកនាំ ទាំងពីរ។
រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការពិនិត្យឡើងវិញ គោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងជើង។ អាមេរិក ក៏ត្រូវបានកិច្ចសហប្រតិបត្តិការពីជប៉ុន និង កូរ៉េខាងត្បូងដើម្បីរកផ្លូវដោះស្រាយនុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទាំងកង្វល់សន្តិសុខផ្សេងទៀតក្នុង តំបន់រួមទាំងបញ្ហាចិនផងដែរ។
លោក បៃឌិន ជួបនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី១៦ ខែមេសា ហើយនៅខែក្រោយ នឹងបន្តជួបប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីនទៀត។ ក្នុងសេចក្ដីប្រកាសថ្ងៃទី១៦ ខែមេសា លោក Kang Min-seok អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លើកឡើងថា នាជំនួបចុងខែឧសភា លោក មូន និង លោក បៃឌិន នឹងជជែកអំពីពង្រឹងសម្ពន្ធភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើការរំសាយកម្មវិធីនុយក្លេអ៊ែរទាំងស្រុង និងបង្កើតសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៥ ខែមេសា អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Jen Psaki ក៏បានបញ្ជាក់ថា ជំនួបនេះនឹងផ្តោតសំខាន់ទៅលើសម្ពន្ធភាព រឹងមាំដូចដែករវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ។
កូរ៉េខាងជើង សម្រេចចិត្តមិនចរចាអ្វីទៀតឡើយជាមួយអាមេរិក ស្របពេលការចរចានៅនឹងថ្កល់តាំង ពីឆ្នាំ២០១៩ ពេលដែលលោក ដូណាល់ ត្រាំ ជួបលោក គីម ជុងអ៊ុន នៅវៀតណាម ហើយគ្មានបាន លទ្ធផលអ្វីនោះ។ រដ្ឋបាលលោក បៃឌិន ក៏បានទាក់ទងទៅកូរ៉េខាងជើងស្ងាត់ៗដែរ តែព្យុងយ៉ាងមិន តប។
ខណៈលោក ស៊ូហ្កា ជាមេដឹកនាំបរទេសដំបូងគេដែលបានជួបលោក បៃឌិន ដោយផ្ទាល់ចាប់តាំងពី ប្រធានាធិបតីរូបនេះបានចូលកាន់តំណែងនៅខែមករា លោក មូន ទំនងជាមេដឹកនាំទីពីរដែលជួប លោក បៃឌិន ដែរ៕
Tag:
កូរ៉េខាងត្បូង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com