COVID-19
ជាតិ
វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Sinovac របស់ចិន៥០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃស្អែក
× ភ្នំពេញ៖ វ៉ាក់សាំងចិន ប្រភេទ Sinovac ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញជំហានទីពីរចំនួន ៥០ម៉ឺនដូស នឹងមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសានេះ។ នេះបើតាមទំព័រហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា។
រដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន Sinovac ជំហានទីពីរចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា នៅថ្ងៃស្អែកនេះ។ ដោយឡែក ក្នុងជំហានទីមួយកន្លងទៅ រដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ប្រមាណ ១,៥លានដូស ពីចិនក្នុងតម្លៃ១៥លានដុល្លារ។
ទាក់ទងនឹងការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ នេះដែរ កាលពីថ្ងៃទី១០មេសា ប្រមុខរាជរដ្ឋាភិបាល អះអាងថា បើគ្មានអ្វីប្រែប្រួលនោះ វ៉ាក់សាំង ប្រមាណ ៨លានដូសទៀត នឹងដឹកមកដល់កម្ពុជា ជាបន្តបន្ទាប់ នៅចន្លោះខែមេសា ដល់ខែសីហា ឆ្នាំនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង ដែលនឹងមកដល់នោះទេ។ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ៖ «នៅថ្ងៃទី១៧នេះនឹងមកដល់ (វ៉ាក់សាំង) ចំនួនកន្លះលានដូសទៀត។ ខែឧសភា នឹងមកដល់ ចំនួន១លាន៥សែនដូស ។ ខែមិថុនានឹងមកដល់ចំនួន៣លានដូស។ ខែកក្កដានឹងមកដល់២លានដូស ខែសីហានឹងមក ដល់១លានដូស»។
គួរជម្រាបថា កម្ពុជា ទើបទទួលបានវ៉ាក់សាំងជាង ៣លានដូស ក្នុងនោះមាន វ៉ាក់សាំង Sinopharm ១,៣លានដូស, វ៉ាក់សាំង Sinovac ចំនួន ១,៥សែនដូស និង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ជាង៣០ម៉ឺនដូស។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ១៥មេសា កម្ពុជា មានមនុស្សសរុប ១,២២៣,៣២២នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយក្នុងនោះ មាន៩៥៤,០៦៧នាក់ ជាក្រុមពលរដ្ឋមានអាទិភាព និង ២៦៩,២៥៥នាក់ទៀត គឺជាកងកម្លាំងយោធា។ នេះយោងបើទិន្នន័យផ្សេងពីគ្នារបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com