ជាតិ
សិប្បកម្មស៊ីរ៉ាម៉ិចលោក សុន សីហាក់ នៅតែមានអ្នកបញ្ជាទិញក្នុងស្រុកច្រើន ក្នុងវិបត្តិកូវីដ-១៩
17, Apr 2021 , 8:59 am        
រូបភាព
សៀមរាប៖ ខុសពីវិស័យដទៃ ដែលស្ងប់ស្ងាត់ ឬបិទទ្វារដោយសារវិបត្តិជំងឺកូវីដ១៩ជាសាកល រោងសិប្បកម្មផលិតកុលាលភាជន៍ ឬភាសាម្យ៉ាងទៀតហៅថា ស៊ីរ៉ាម៉ិច របស់លោក សុន សីហាក់ នៅដំណើរការជាធម្មតា។ ដូចរបរមួយចំនួនធំក្នុងខេត្តសៀមរាប ដែលពឹងផ្អែកស្ទើរទាំងស្រុងលើភ្ញៀវទេសចរបរទេស ម្ចាស់សិប្បកម្មរូបនេះ  បានងាកមកផ្តោតលើទីផ្សារក្នុងស្រុកជំនួសវិញ ទើបធ្វើឲ្យអាជីវកម្មមួយនេះនៅឈរជើងនឹងក្នុងអំឡុងវិបត្តិកូវីដជាងមួយឆ្នាំមកនេះ។


 
«គ្រប់ទីកន្លែងជួបវិបត្តិ ដោយសារគេផ្តោតលើទេសចរណ៍ ខ្ញុំក៏ដូចគ្នា ក្នុងខែ៤ឆ្នាំទៅ ខ្ញុំបិទទ្វារកន្លះខែដែរ តែពេលនោះអង្គុយគិតថា បើចាំតែទេសចរមិនដឹងពេលណា»។ នេះជាពាក្យសំដីរបស់លោក សុន សីហាក់ ម្ចាស់សិប្បកម្មយីហោ «មរតកស៊ីរ៉ាម៉ិច»។ លោកបន្តថា ភ្លាមៗនៅពេលនោះ ក៏ចាប់ផ្តើមរកវិធីសាស្រ្ដឲ្យអតិថិជនខ្មែរ ក្នុងស្រុកងាកមកប្រើប្រាស់ និងចាប់ផ្តើមនូវវត្ថុសិល្បៈដែលរោងសិប្បកម្មលោកផលិត។ លោក សីហាក់ ចាប់ផ្តើមបង្ហាញផលិតផលរបស់លោក និងដាក់តម្លៃលក់ក្នុងបណ្ដាញសង្គម។
 
បន្ទាប់ពីចាប់ផ្តើមលក់តាមបណ្ដាញសង្គម លោក សីហាក់ ទទួលបានការបញ្ជាទិញជាហូរហែរពីអតិថិនតាមបណ្ដារាជធានី និងខេត្តផ្សេងៗ ក្នុងនោះអតិថិននៅរាជធានីច្រើនជាងគេ។ អតិថិជនខ្លះបញ្ជាទិញសម្ភារប្រើប្រាស់សម្រាប់តាំងក្នុងផ្ទះ ខ្លះដាក់នៅតាមហាងភោជនីយដ្ឋាន និងខ្លះទៀតលើកយកទៅលក់បន្តក៏មាន។ លោក សីហាក់ រៀបរាប់បន្ថែមថា៖« កាលនៅមានភ្ញៀវ យើងអត់ផ្តោតលើភ្ញៀវខ្មែរទេ ដោយសារគិតថា តម្លៃនេះខ្មែរមិនអាចទិញបាន តែពេលមានកូវីដក៏យកតម្លៃដែលធ្លាប់បោះដុំឲ្យម៉ូយ យកមកលក់ឲ្យខ្មែរ ខំកែច្នៃធ្វើម៉េចឲ្យតម្លៃទាប ធ្វើម៉េចឲ្យគាត់គាំទ្រផលិតផលក្នុងស្រុក ឃើញថាយើងលក់បាន ក៏មានភ្ញៀវបញ្ជាទិញច្រើនដែរ»។


 
ជាមួយនឹងការខិតខំប្រឹងប្រែងមិនឲ្យអាជីវកម្មខ្លួនដេកដួលដោយសារវិបត្តិកូវីដ១៩ ក្នុងនោះលោក សីហាក់ ក៏ខ្នះខ្នែងចង់ឲ្យបុគ្គលិកប្រមាណ១០នាក់ក្នុងរោងសិប្បកម្មលោក ដែលខំពុះពារជាមួយគ្នារយៈពេល៦ឆ្នាំមកនេះ បន្តមានការងារធ្វើតទៅមុខទៀតដែរ។ លោកបារម្ភថា បុគ្គលិកនឹងជួបវិបត្តិក្នុងគ្រួសារ ប្រសិនបើអស់ការងារដែលធ្លាប់ពឹងអាស្រ័យយូរឆ្នាំមកនេះ។ លោកបន្ត៖« ត្រឹមយើងមិនអីទេ តែបុគ្គលិកខ្លះនៅជំពាក់ធនាគារអីចឹង គិតថាធ្វើម៉េចក៏ដោយ ឲ្យតែគាត់មានការងារធ្វើ»។ ម្ចាស់សិប្បកម្មកុលាលភាជន៍រូបនេះបញ្ជាក់ថា កន្លែងលោកមិនបានកាត់ប្រាក់ខែបុគ្គលិកឡើយ និងឆ្លៀតថែមការឧបត្ថម្ភខាងក្រៅបន្ថែមទៀត នៅពេលមានការបញ្ជាទិញច្រើនពីអតិថិជន។ 
 
ការងាកមកចាប់អារម្មណ៍ផលិតផលក្នុងស្រុកពីអតិថិជនក្នុងស្រុកអំឡុងពេលនេះ ធ្វើឲ្យលោក សីហាក់ រីករាយជាខ្លាំង ហើយវាកាន់តែជំរុញឲ្យលោកនិងក្រុមការងារខិតខំប្រឹងច្នៃវត្ថុសិល្បៈឬវត្ថុប្រើប្រាស់ជាច្រើនទៀត ដើម្បីបំពេញតម្រូវការអតិថិជន។ យ៉ាងណាម្ចាស់សិប្បកម្មមរតកស៊ីរ៉ាម៉ិច ពន្យល់ថា លោកចង់លក់ផលិតផលក្នុងតម្លៃទាបជាងនេះទៀតដែរ តែធ្វើមិនទាន់បានដូចរបស់នាំចូលពីក្រៅមក ដ្បិតថា ការផលិតនៅមានទំហំតិច និងធ្វើដោយដៃ រីឯក្រុមហ៊ុនក្រៅស្រុក មានរោងចក្រផលិត ផលិតដោយម៉ាស៊ីន ដូច្នេះធ្វើឲ្យថ្លៃដើមមិនសូវចំណាយច្រើនទេ។


 
រោងសិប្បកម្ម មរតកស៊ីរ៉ាម៉ិច របស់លោក សីហាក់ ស្ថិតនៅខាងកើតស្ពាននាគ បង្កើតឡើងនៅឆ្នាំ២០១៥។ មានដើមកំណើតនៅភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក សីហាក់ ចាប់អាជីពនេះតពីគ្រួសារ ដែលលោកអះអាងថា ខ្លួនប្រហែលជាអ្នកជំនាន់ទី៥នៃគ្រួសារដែលមានដូនតាប្រកបរបរផលិតក្អមឆ្នាំងនៅស្រុកកំណើត។ លោករៀបរាប់យ៉ាងដូច្នេះថា៖‍ តាំងពីកើតមក សួរយាយគាត់ថា ម៉ែគាត់ធ្វើដែរ ចឹងបើគិតទៅរាប់ពីយាយ៣ជំនាន់ ចឹងអាច៥ជំនាន់មកដល់ខ្ញុំ។ 
 
ក្រោយពីខិតខំសិក្សារៀនសូត្រចំណេះជំនាញសិប្បកម្មដោយដៃនេះពីគ្រូបង្រៀនបរទេសដែលចូលទៅបង្រៀនដល់ភូមិ ក៏ដូចជាឆ្លងកាត់ធ្វើការច្រើនឆ្នាំ លោក សីហាក់ មានគំនិតកែច្នៃជំនាញនេះពីការធ្វើរបៀបបុរាណទៅទំនើប និងច្នៃសម្ភារប្រើប្រាស់ច្រើនប្រភេទ។ 
 
បច្ចុប្បន្ន លោក សីហាក់ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយមរតកកូលាលភាជន៍ ដែលដូនតាខ្មែរបានបង្កើតយូរលង់មកហើយ។ លើសពីនេះ លោកក៏កំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្ទេរចំណេះដឹងទាំងនេះទៅយុវជនជំនាន់បានសិក្សាស្វែងយល់ និងរក្សាមរតកនេះទៅអ្នកជំនាន់ក្រោយៗទៀត កុំឱ្យបាត់បង់។ យុវជនដែលចាប់អារម្មណ៍ស្រឡាញ់វិស័យនេះ លោក សីហាក់ លើកទឹកចិត្តមកធ្វើការនៅរោងសិប្បកម្មរបស់លោក ដោយលោកបង្រៀនដោយផ្ទាល់ និងផ្តល់ប្រាក់ឧបត្ថម្ភទៅពួកគាត់ថែមទៀត៕




















 
 
 
 
 
 

Tag:
 កុលាលភាជន៍
  ស៊ីរ៉ាម៉ិច
  សិប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com