បទយកការណ៍ / បទសម្ភាសន៍
ជនពិការភ្នែកមួយចំនួនកំពុងជួបវិបត្តិសេដ្ឋកិច្ចខ្លាំង ព្រោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
17, Apr 2021 , 9:59 am        
រូបភាព
ភ្នំពេញ៖ ជនមានពិការភាពភ្នែកមួយចំនួន ដែលមានមុខរបរជាតន្ត្រីករភ្លេងបុរាណ ស្ទើរតែមិនមានអាហារទទួលទានទៅហើយ ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រោះពួកគេពុំអាចចេញទៅប្រកបការងារបាន។ ជនពិការភ្នែកមួយចំនួន នៅសេសសល់ប្រាក់សន្សំខ្លះ ខណៈពេលអ្នកខ្លះទៀតអស់ប្រាក់សន្សំ ហើយបង្ខំចិត្តសុំខ្ចីប្រាក់ពីមិត្តដែលខ្វះខាតដូចគ្នា គ្រាន់ដោះទាល់មួយគ្រា។ ប្រសិនបើជំងឺអាសន្នរោគកូវីដ១៩ នៅតែអូសបន្លាយយូរតទៅទៀត ពួកគេថាខ្លួនមិនដឹងត្រូវរស់ដោយរបៀបណាតទៅទៀតឡើយ។



តទៅនេះសូមអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖




 
ចាប់តាំងពីមានព្រឹត្តិការណ៍២០កុម្ភៈ បម្រាមនានាត្រូវបានអនុវត្ត ដូចជាហាមការជួបជុំក្នុងចំនួនមនុស្សច្រើន ហាមរៀបចំពិធីអាពាហ៍ពិពាហ៍ ហាមរៀបចំពិធីបុណ្យ តាមបែបសាសនានិងប្រពៃណី ព្រមទាំងបិទការសម្ដែងសិល្បៈគ្រប់ប្រភេទជាដើម ដើម្បីចូលរួមទប់ស្កាត់ការរីករាយដាលជំងឺអាសន្នរោគកូវីដ១៩។ 
 
ស្របពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស កំពុងតែជួបវិបត្តិដូចគ្នា ជនមានពិការភាពភ្នែកមួយចំនួន ដែលមានតែមុនរបរជាតន្ត្រីករភ្លេងបុរាណតែមួយមុខនោះ រឹតតែជិតដល់ផ្លូវទាល់ច្រក ព្រោះគ្មានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
 
លោក ណូន សុខ ដែលចេះចាំស្ទាត់ឧបករណ៍ភ្លេងបុរាណខ្មែរជិត២០ប្រភេទនោះ កំពុងតែជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ចាប់តាំងពីមានព្រឹត្តិការណ៍២០កុម្ភៈ។ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាម Telegram លោក ណូន សុខ បញ្ជាក់ដូច្នេះ៖«ទាំង៣លើកនៃការផ្ទុះកូវីដ-១៩ ហើយនៅលើកទី១ថ្វីត្បិតមិនមានភ្លេងលេងក្ដី ប៉ុន្តែខ្ញុំមិនសូវជាពិបាកទេ ព្រោះខ្ញុំបានសន្សំប្រាក់ទុកខ្លះ។ លើកទីមួយខ្ញុំរកបានមួយលានរៀល ប្រុងធ្វើការងារផ្សេងទេ ប៉ុន្តែដោយសារមិនបានចេញទៅលេងភ្លេង ដោយសារកូវីដ ខ្ញុំបានចាយលុយនោះ។ លើកទី២ហ្នឹងក៏មិនអីដែរ អាចនៅបានលេងខ្លះៗ ទោះបីជាគេបិទក៏បិទមិនយូរដែរ ប៉ុន្តែដែលធ្ងន់ធ្ងរគឺលើកទី៣នេះឯង ព្រោះអត់បានសន្សំទុកទេ»។ 
 
ទោះជាយ៉ាងណាក៏ដោយ លោក សុខ ដែលមានពិការភាពភ្នែកទាំងសងខាងតាំងពីកំណើតនោះ ថាស្ថិតក្នុងខែកុម្ភៈដល់ដើមខែមីនា លោកនៅមានភ្លេងលេងខ្លះដែរ ប៉ុន្តែដល់ជិតពាក់កណ្ដាលខែមីនាលោកបានបាត់បង់ការងារទាំងស្រុង៖«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ទោះបីខ្ញុំមិនបានលេងភ្លេងនៅភ្នំពេញ តែខ្ញុំអាចបានឡើងមកលេងភ្លេងខ្លះៗនៅសៀមរាប ប៉ុន្តែខ្ញុំបានអាក់ខានពីថ្ងៃទី១៩ខែមីនា ដោយសារតែវាមានករណីធ្ងន់ធ្ងរ ខ្ញុំមិនបានលេងភ្លេងរហូតដល់ពេលនេះ»។
 
ក្រៅពីជំនាញភ្លេង តន្ត្រីករវ័យ៣៨ឆ្នាំរូបនេះ មិនអាចធ្វើអ្វីផ្សេង ដើម្បីរកប្រាក់ចិញ្ចឹមជីវភាពឡើយ ហើយគ្រួសាររបស់លោកក៏មានជីវភាពទីទាល់ក្រ ដោយមិនអាចពឹងផ្អែកលើបងប្អូនបានឡើយ។ មកដល់ដំណាក់កាលនេះ លោកបង្ខំចិត្តសុំខ្ចីប្រាក់ពីសិស្សរបស់ខ្លួន ដើម្បីដោះទាល់ជីវភាពមួយរយៈសិន។ ប៉ុន្តែទៅថ្ងៃមុខ ប្រសិនបើកូវីដ១៩មិនផុតរលត់ទេ តន្ត្រីកររូបនេះ មិនដឹងថាខ្លួនត្រូវរស់ដោយរបៀបណាឡើយ៖«ប្រសិនបើអស់ភ្លេងលេង ខ្ញុំគឺមិនអាចធ្វើអ្វីបាន ហើយស្ថានភាពបែបនេះមិនមែនមានតែខ្ញុំទេ ខ្ញុំមានសិស្សនៅកំពង់ចាម២ទៅ៣នាក់ទៀត គឺស្ថានភាពដូចខ្ញុំដែរ។ ពេលនេះខ្ញុំបានខ្ចីប្រាក់សិស្សអស់១០ម៉ឺនរៀល»។
 
ជាតន្ត្រីករភ្លេងបុរាណខ្មែរមួយរូបទៀតលោក លន ម៉ៃហាំង ដែលមានស្រុកកំណើតនៅខេត្តកំពុងចាម ក៏កំពុងជួបវិបត្តិសេដ្ឋកិច្ចខ្លះៗដែរ។ មានវ័យ៣០ឆ្នាំ លោក ម៉ៃហាំង ក៏មានការងារម៉ាស្សាក្រៅម៉ោងផងដែរ ប៉ុន្តែពេលនេះការងារនោះត្រូវបាត់បង់ព្រោះកូវីដ១៩។ បុរសសម្បុរស្រអែមរូបនេះ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលខ្លះដែរ ដោយអាចសម្រួលដល់ជីវភាពខ្លះ៖«រាល់ថ្ងៃនេះខ្ញុំជួលផ្ទះគេនៅ។ ពេលមិនមានកូវីដ-១៩ ខ្ញុំរំពឹងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ផ្ដល់ឱ្យខ្ញុំបានខាងក្រ២។ ពេលកូវីដនេះដ្បិតថាមិនមានរោងលេងភ្លេង ប៉ុន្តែខ្ញុំមានមិត្តភ័ក្ដិគាត់ហៅឱ្យទៅស្នាក់នៅផ្ទះគាត់ ហើយខ្ញុំយកចំណេះវិជ្ជារបស់ខ្ញុំ ទៅបង្រៀនគាត់ ហើយគាត់ឱ្យប្រាក់កម្រៃមកវិញ តាមលទ្ធភាពរបស់គាត់»។
 
ទោះជាយ៉ាងណា ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ចំពោះជនក្រីក្រដែលលោក លន ម៉ៃហាំងទទួលបាន គឺអាចគ្រប់ត្រឹមបង់ប្រាក់ផ្ទះជួល ហើយប្រាក់ដែលបានពីបង្រៀនភ្លេងដល់មិត្តភ័ក្តិតែ២ខែនោះ អាចត្រឹមទុកចំណាយក្បិតក្បៀតក្នុងរយៈពេលខ្លីប៉ុណ្ណោះ៖«ប័នកូវីដដែលខ្ញុំបានពីខាងរដ្ឋាភិបាល ចំនួនប្រាក់ ១១ម៉ឺន២ពាន់រៀល។ ខ្ញុំនិយាយត្រង់ ប្រាក់នេះខ្ញុំបង់ផ្ទះជួលមិនគ្រប់ផង ព្រោះផ្ទះជួលរបស់ខ្ញុំមួយខែ៣៥ដុល្លារហើយ ដូច្នេះខ្ញុំត្រូវរកប្រាក់មកបង្រ្គប់បន្ថែម។ សម្រាប់ការបង្រៀនភ្លេងបុរាណទៅមិត្តភ័ក្ដិ មិនជាអចិន្ត្រៃយ៍ទេ គឺខ្ញុំបង្រៀនតែ២ខែទេ ហើយក្នុងមួយខែខ្ញុំទទួលបានប្រាក់១២០ដុល្លារ»។   
 
មកចាប់អារម្មណ៍តន្ត្រីករភ្លេងបុរាណមួយរូបទៀត គឺលោក យ៉ាង សារួន។ មានវ័យ២៧ឆ្នាំ សារួន បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ដែលមានពិការភាពភ្នែកទាំងសងខាងដូចគ្នាតាំងពីឆ្នាំ២០១៩។ មានតែជំនាញភ្លេងមួយមុខ មកដល់បច្ចុប្បន្ន សារួន មិនមានចំណូលទាល់តែសោះពីជំនាញរបស់ខ្លួន។ បច្ចុប្បន្នលោកយកប្រាក់សន្សំទុកព្យាបាលជំងឺនៅថ្ងៃមុខ មកចំណាយ៖«មុខរបរសំខាន់គឺខ្ញុំលេងភ្លេងពិណពាទ្យ ដល់ពេលឥឡូវបិទបុណ្យអ៊ីចឹងទៅ មិនមានចំណូលទេ។ សម្រាប់លុយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ខ្ញុំយកលុយសល់ពីការលេងភ្លេងពីមុន ដែលខ្ញុំបានសន្សំទុក ដើម្បីទុកមើលជំងឺ។ ប៉ុន្តែពេលកើតកូវីដ ខ្ញុំក៏យកលុយនោះមកចាយ លុយហ្នឹងមានមិនច្រើនទេ គឺមានតែបន្តិចបន្តួចប៉ុណ្ណោះ ទុកគ្រាន់ចាយបន្ត។ ខ្ញុំមានបញ្ហាតាំងពីដើមខែមីនា»។ 
 
យ៉ាងណាក៏ដោយ លោកក៏អាចធូរស្រាលមួយកម្រិតដែរ ព្រោះលោកមានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ដើម្បីបង់ថ្លៃផ្ទះជួល៖«ខ្ញុំទទួលបានប្រាក់ពីខាងរដ្ឋាភិបាល គឺប័នកូវីដ បានត្រឹម១៧ម៉ឺន៦ពាន់រៀលទេ ពីរនាក់ប្ដីប្រពន្ធ ហើយឱ្យថ្លៃផ្ទះគេទាំងអស់ៗ ទាំងទឹកទាំងភ្លើង ហើយមិនដែលបានយកប្រាក់ហ្នឹងមកចាយទេ។ ប្រពន្ធរបស់ខ្ញុំធ្វើការស្ម័គ្រចិត្តនៅកន្លែងមួយ បានប្រាក់ខែតែ២០ម៉ឺនរៀលទេ។ ហើយ២០ម៉ឺនហ្នឹងទៀត គ្រាន់តែឱ្យថ្លៃម៉ូតូឌុប និងទូទាត់ផ្សេងៗ»។
 
វិលទៅលោក ណូន សុខ វិញ ព្រោះតែការស្នាក់នៅជាមួយម្ដាយនិងបងប្អួនដែលមានជីវភាពខ្វះខាតខ្លាំង ធ្វើឱ្យលោកមានបញ្ហាថប់បារម្ភខ្លះ ដោយសារតែភាពរកាំរកូសមួយចំនួន ព្រោះតែការមិនមានប្រាក់ចំណាយផ្សេងៗ៖«ខ្ញុំមានបញ្ហាផ្លូវចិត្តជាមួយអ្នកផ្ទះ។ កាលពីនៅលេងភ្លេងបាន វាធូរត្រចៀកដែរ ប្រសិនបើក្នុងមួយសប្ដាហ៍ហ្នឹងចេញបាន២រោង រោងខ្លះគេយក២យប់៣ថ្ងៃធូរដែរ។ រោងខ្លះទៀតមួយយប់មួយថ្ងៃ ហើយក្នុងមួយសប្ដាហ៍តែ២ទៅ៣រោង ក៏ធូរត្រចៀកដែរ បានលុយហើយ បានលេងភ្លេងសប្បាយទៀត។ ឥឡូវនេះមិនបានចេញទៅណា ដល់អ៊ឺចឹងវាស្ត្រេស វាតឹងចិត្តខ្លួនឯង ហើយខឹង ចង់តែរកឈើច្រត់មួយ ដើរទៅផ្ទះមិត្តភ័ក្ដិអ្នកភ្លេងដែលនៅឆ្ងាយ ប៉ុន្តែធ្វើមិនកើត»។


 
ចំណែកលោក លន ម៉ៃហាំង ថាបើទោះបីជាគាត់អាចទាក់ទងមិត្តពិការដូចគ្នា តាមទូរសព្ទនិយាយគ្នាលេងក៏ដោយចុះ ប៉ុន្តែអារម្មណ៍ឯកោខ្លះនៅតែមាន ព្រោះមិនមានភាពស្និទ្ធស្នាលដូចជួបផ្ទាល់ ដែលលោកថាមានតែជនពិការដូចគ្នាទើបយល់ពីអារម្មណ៍មួយនេះ៖«មិនសូវបានជួបមិត្តភ័ក្ដិបានផ្ដោះផ្ដងបញ្ហា។ ការជួបជុំមិត្តភ័ក្ដិរបស់ខ្ញុំ គឺខ្ញុំចង់សំដៅថា ធម្មតាអ្នកពិការមានតែមិត្តភ័ក្ដិគ្នាឯងហ្នឹងហើយ ដែលយើងយល់ចិត្តយល់ថ្លើមគ្នា និយាយត្រូវរឿងគ្នា ត្រូវសប្បាយក៏សប្បាយ ត្រូវសើចក៏សើច។ ពេលខ្ញុំកើតទុក្ខ មានមិត្តភ័ក្ដិទាំងនោះមកលួងលោមផ្លូវចិត្តខ្ញុំដែរ។ ប៉ុន្តែចេះបានទូរសព្ទមកប្រឡុប ខ្ញុំមើលព័ត៌មានលិច កើត ជើង ត្បូង គ្រាន់កំដរអផ្សុក»។
 
លោក ម៉ៃហាំង ដែលធ្លាប់ធ្វើការផ្នែកម៉ាស្សាក្នុងមួយម៉ោងបានប្រាក់១ម៉ឺនរៀលនោះ ថាប្រាក់សន្សំរបស់លោកអាចទ្រទ្រង់ជីវភាព បានតែប៉ុន្មានខែដ៏ខ្លីទៅមុខទៀតប៉ុណ្ណោះ ប្រសិនបើកូវីដ១៩នៅតែមិនថមថយ លោកប្រាកដជាពិបាករស់ជាងនេះ៖«ពេលដែលកូវីដចេះតែអូសបន្លាយ ប្រសិនបើដល់ខែ៧ឬខែ៨ វាហួសពីគម្រងរបស់ខ្ញុំ បើដល់ពេលហ្នឹងខ្ញុំមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចទៀត បើបានទទួលប្រាក់ខែកូវីដតែជាង១០ម៉ឺនរៀលហ្នឹង។ ខ្ញុំមិនដឹងយកលុយពីណាទៀត ដើម្បីផ្គត់ផ្គង់ជីវភាពពីលើហ្នឹងទេ ដូច្នេះខ្ញុំគ្រាន់តែបារម្មណ៍ថាពេលដែលខ្ញុំអស់ពីភ្លេងនេះទៅ មិនដឹងថាមានអ្វីផ្សេងទៀតមកផ្គត់ផ្គង់ទេ។ ប៉ុន្តែបើកូវីដមិនអូសបន្លាយដល់ខែ៧ឬខែ៨ទេ ខ្ញុំមិនអីទេ»។
 
ដូចគ្នាដែរលោក ណូន សុខ បច្ចុប្បន្នកំពុងកាត់បន្ថយរបបអាហាររបស់ខ្លួនជាបណ្ដើរៗហើយ ព្រោះជីវភាពកាន់តែខ្សត់៖«ធ្លាប់តែអាហារពេលព្រឹកអាចបានបបរគ្រឿងត្រី ខ្ញុំចាប់ផ្ដើមចាយលុយលេងភ្លេងមុនៗអស់ ខ្ញុំខ្ចីប្រាក់គេ ដូច្នេះខ្ញុំត្រូវបន្ថយមែនទែន ភាគច្រើនខ្ញុំអត់អាហារពេលព្រឹក បានតែថ្ងៃត្រង់ ហើយនឹងល្ងាចទេ ព្រោះល្ងាចបើមិនហូប អាចធ្វើទុក្ខក្រពះ»។ 
 
ចំណែកលោក យ៉ាង សារួន វិញ ថ្វីត្បិតកើតក្នុងគ្រួសារក្រីក្រ ហើយជីវភាពប្ដីប្រពន្ធខ្វះមុខខ្វះក្រោយក៏ដោយចុះ ប៉ុន្តែលោកអះអាងថាគ្រួសាររបស់លោករស់យ៉ាងមានសុភមង្គម បន្ថែមពីនោះម្ដាយឪពុកទាំងសងខាង តែងជួយជ្រោមជ្រែងលោកជានិច្ចផងដែរ៖«សម្រាប់ប្ដីប្រពន្ធខ្ញុំ គឺយើងរៀនអត់ឃ្លាន ថ្ងៃខ្លះអត់លុយ យើងហូបពងទា។ បើរឿងឈ្លោះគ្នា យើងមិនដែលមានរកាំរកូសរឿងលុយកាក់ទេ។ 
 
រាល់ថ្ងៃដោយសារតែកូវីដ មិនមានម៉ូតូឌុបជូនប្រពន្ធរបស់ខ្ញុំទៅកន្លែងធ្វើការទេ ដល់អ៊ីចឹងឪពុកក្មេករបស់ខ្ញុំ គាត់មកជួយជូនប្រពន្ធរបស់ខ្ញុំទៅធ្វើការជាងកន្លះខែហើយ។ បើនៅផ្ទះគាត់(ឪពុកក្មេក) អាចទៅកាប់អុសបានលុយតិចតួច ប៉ុន្តែពេលមកនៅជាមួយខ្ញុំគាត់មិនបានអ្វីសោះ។ ហើយឪពុកខ្ញុំដែលនៅស្រុកគាត់ក៏ជាកសិករដូចគ្នាដែរ។ គាត់ឧបត្ថម្ភអង្ករបន្តិចបន្តួច បួនដប់គីឡូមកឱ្យកូន»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com