COVID-19
ជាតិ
២៩១នាក់ទៀតមានវិជ្ជមានកូវីដ-១៩នៅកម្ពុជា ហើយអ្នកស្លាប់ឡើងដល់៣៩នាក់
17, Apr 2021 , 11:25 am        
រូបភាព
មនុស្សចំនួន​២៩១នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅកម្ពុជា និងសះស្បើយ​២៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនាថ្ងៃសៅរ៍ ទី១៧ ខែមេសា។ អ្នកស្លាប់មាន១នាក់ទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់៣៩នាក់។



ក្នុងចំណោមករណីថ្មីទាំង​២៩១ មាន ១ករណីនាំចូល ដោយអ្នកជំងឺ​ជាស្ត្រីបារាំងអាយុ២៤ឆ្នាំ ដែលធ្វើដំណើរមកពីស្វីស ឆ្លងកាត់សិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី៣ ខែមេសា។ លទ្ធផលសំណាកលើកទី២ ឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន។

២៩០ករណីទៀតសុទ្ធតែពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ ២២៨ករណីនៅភ្នំពេញ មានជនជាតិខ្មែរ​២២៥នាក់ ចិន​២នាក់ និង​វៀតណាម១នាក់ ដោយក្រសួង​មិនទាន់បានផ្តល់ព័ត៌មានលំអិតទាក់ទងនឹងកន្លែងសម្រាកព្យាបាល​របស់ពួកគាត់នៅឡើយ។

១៤ករណីនៅខេត្តកណ្តាល សុទ្ធតែជាជន​ជាតិខ្មែរ ដោយស្ត្រី៤នាក់ និង​បុរស​៩នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងស្ត្រី១នាក់ទៀតសម្រាកនៅមណ្ឌលព្យាបាលស្រុក​កោះធំ។

២៦នាក់នៅ​ខេត្តព្រះសីហនុ មាន​អ្នកជំងឺ១នាក់ទៀតមរណភាព កាលពីថ្ងៃទី១៦ ខែ​មេសា រីឯ២៥នាក់ទៀត សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

១២ករណីនៅតាកែវ សុទ្ធតែជាជនជាតិខ្មែរ មានស្ត្រី១០នាក់ និង​បុរស២នាក់ ដែលត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ក្រៅពីនេះ ព្រៃវែងមាន២ករណីនៅស្រុកស្វាយអន្ទរ និងស្រុកព្រះស្តេច រីឯស្វាយរៀងមាន​៨ករណី ដោយ៦នាក់ព្យាបាលនៅក្រុងបាវិត ១នាក់នៅពេទ្យសាមគ្គីរំដួល និង១នាក់នៅពេទ្យស្វាយជ្រុំ។

ករណីសះស្បើយ​មាន​២៣នាក់ ដោយ​៤នាក់នៅពោធិ៍សាត់ ៦នាក់នៅព្រះសីហនុ និង​១៣នាក់នៅភ្នំពេញ។

គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន​៥៧៧១ ដោយ៥២២៨ពាក់ព័ន្ធសហគមន៍​២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន​២៤១៦នាក់ និង​៣៩នាក់បានទទួលមរណភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com