COVID-19
អន្តរជាតិ
ថៃប្រកាសដាក់ខេត្តចំនួន ១៨ ជាតំបន់ក្រហមដោយសារឆ្លងកូវីដ-១៩ ខ្លាំង
17, Apr 2021 , 11:59 am        
រូបភាព
ប្រជាជនថៃ មកទទួលវ៉ាក់សាំង នៅក្នុងទីក្រុងបាងកក។ រូបភាព៖ Xinhua
ប្រជាជនថៃ មកទទួលវ៉ាក់សាំង នៅក្នុងទីក្រុងបាងកក។ រូបភាព៖ Xinhua
រដ្ឋាភិបាលក្រុងបាងកក នៅថ្ងៃទី១៦ ខែមេសា បានដាក់ខេត្តចំនួន១៨ ក្នុងនោះមានដូចជាបាងកក, ឈៀងម៉ៃ និងភូកេតជាដើម ជាតំបន់មានករណីឆ្លងកូវីដ-១៩ ខ្លាំងនៅក្នុងប្រទេស។ យ៉ាងណាមិញ មិនទល់ពេលនេះ រដ្ឋាភិបាលថៃ មិនទាន់ដាក់ចេញវិធានការបិទតំបន់់ ឬបម្រាមគោចរអ្វីឡើយ ក្នុងដំណាក់កាលផ្ទុះកូវីដ-១៩ ថ្មីនេះ។

 
 
បន្ទាប់ពីទើបតែអាចគ្រប់គ្រងស្ថានការណ៍ករណីឆ្លងកូវីដ-១៩ ដែលផ្ទុះចេញពីសមុទ្រសាគររួច ថៃបានរងគ្រោះជាថ្មី ដោយសារកូវីដ-១៩ ដែលផ្ទុះឡើងនៅក្នុងទីក្រុងបាងកក។ នៅថ្ងៃទី១៦ ខែមេសា ថៃបានរាយការណ៍ ករណីឆ្លងថ្មីចំនួន ១៥៨៥ករណី និងរាតត្បាតនៅខេត្តជាច្រើនរបស់ថៃ។ មកទល់ពេលនេះ ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣៩០៣៨ករណី និងអ្នកស្លាប់មានចំនួន ៩៧នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៨៤៨០នាក់។ 
 
យ៉ាងណាមិញ ថៃមិនទាន់ដាក់ចេញវិធានបិទតំបន់ ឬបម្រាមគោចរថ្មីឡើយ ប៉ុន្តែរដ្ឋាភិបាលប្រទេសមួយនេះ បានបញ្ជាឱ្យហាងលក់ទំនិញទាំងអស់បិទចាប់ពីម៉ោង ១១យប់ ដល់៤ជិតភ្លឺ ក្នុងរយៈពេល ពីរសប្តាហ៍។ ពេលនេះ រដ្ឋាភិបាលថៃ កំពុងតែពិចារណាលើវិធានទប់ស្កាត់កូវីដ-១៩ ដែលរីកសាយខ្លាំងនៅក្នុងប្រទេស។ 
 
ទាក់ទិននឹងករណីឆ្លងថ្មីនេះ ថៃបានប្រកាស ដាក់ខេត្តចំនួន ១៨ ដូចជាបាងកក ឈៀងម៉ៃ និងភូកេតជាដើម ជាតំបន់ឆ្លងខ្លាំង (តំបន់ក្រហម) និងខេត្តចំនួន ៥៨ផ្សេងទៀត ជាតំបន់មិនទាន់ធ្ងន់ធ្ងរ (តំបន់ទឹកក្រូច)។ 
 
ថ្លែងតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីកិច្ចប្រជុំនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 (CCSA) លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានបង្ហាញក្តីបារម្ភជាខ្លាំងលើវិធានការរបស់រដ្ឋាភិបាល ដែលអាចដាក់ចេញនៅពេលខាងមុខ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាជនមានចំណូលទាប និងប្រជាជនផ្សេងទៀត។  
 
ស្របពេលករណីឆ្លងបែបនេះ រដ្ឋាភិបាល ក៏បង្កើនការចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនដែរ។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រជាជនចាប់ពី ៥០ម៉ឺននាក់ ទៅ៦០ម៉ឺននាក់ បានទទួលវ៉ាក់សាំង ស្របពេលរដ្ឋាភិបាល កំពុងត្រូវការវ៉ាក់សាំងប្រឆាំងកូវីដ-១៩ បន្ថែមទៀត ដើម្បីបណ្តុះភាពស៊ាំជាសហគមន៍ ដែលអាចឈានទៅដល់ការបើកសេដ្ឋកិច្ចនៅក្នុងប្រទេសជាថ្មី៕ 
 

Tag:
 ថៃ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com