ជាតិ
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ
17, Apr 2021 , 12:29 pm        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំង ប្រភេទ Sinovac ដែលរដ្ឋាភិបាលកម្ពជា បានបញ្ជាទិញជំហានទីពីរ ពីចិន ចំនួន ៥០ម៉ឺនដូស បានមកកម្ពុជាហើយ នៅម៉ោង១០:១៥នាទីព្រឹក ថ្ងៃទី ១៧ ខែមេសានេះ។ 
វ៉ាក់សាំងនេះចំនួន៥០ម៉ឺនដូសនេះ  កម្ពុជាបានបញ្ជាទិញជំហានទីពីរ ដោយកន្លងទៅ រដ្ឋាភិបាល បានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovasc ពីចិន ប្រមាណ ១,៥លានដូស ក្នុងតម្លៃ១៥លានដុល្លារ។


 
ទាក់ទង់នឹងការផ្ដល់វ៉ាក់សាំង កាលពីថ្ងៃទី១០មេសា ប្រមុខរាជរដ្ឋាភិបាល បានអះអាងថា បើគ្មានអ្វីប្រែប្រួលនោះ វ៉ាក់សាំង ប្រមាណ ៨លានដូសទៀត នឹងដឹកមកដល់កម្ពុជា ជាបន្តបន្ទាប់ នៅចន្លោះខែមេសា ដល់ខែសីហា ឆ្នាំនេះ។ ប៉ុន្តែ សម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំងនោះទេ។ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ៖ «នៅថ្ងៃទី១៧នេះនឹងមកដល់ (វ៉ាក់សាំង) ចំនួនកន្លះលានដូសទៀត។ ខែឧសភា នឹងមកដល់ ចំនួន១លាន៥សែនដូស ។ ខែមិថុនានឹងមកដល់ចំនួន៣លានដូស។ ខែកក្កដានឹងមកដល់២លានដូស ខែសីហានឹងមក ដល់១លានដូស»។  
 


បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន៣ប្រភេទ ស្មើនឹង ៣,១២៤,០០០ដូស ដោយក្នុងនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន១,៣លានដូស ដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលចិន តាំងពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១មក។ បន្ទាប់មកកម្ពុជា ក៏ទទួលបានវ៉ាក់សាំងCOVISHIELD ចំនួន៣២៤,០០០ដូស ជាជំនួយរបស់កម្មវិធីCOVAX និង១,៥លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ដែលកម្ពុជាបញ្ជាទិញពីចិន ក្នុងតម្លៃ១៥លានដុល្លារ។
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ១៥មេសា កម្ពុជា មានពលរដ្ឋសរុប ១,២២៣,៣២២នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយក្នុងនោះ មាន៩៥៤,០៦៧នាក់ ជាក្រុមពលរដ្ឋមានអាទិភាព និង ២៦៩,២៥៥នាក់ទៀត ជាកងកម្លាំងយោធា៕ 


 

Tag:
 វ៉ាក់សាំង
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com