ជាតិ
អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ត្រូវប្តូរមកចាក់នៅតាមមូលដ្ឋាន និងខេត្តខ្លួន
× ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ពលរដ្ឋដែលកំពុងស្ថិតក្នុងវិធានការបិទខ្ទប់ នៅភ្នំពេញ និងក្រុងតាខ្មៅ ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ មិនអនុញ្ញាតឱ្យធ្វើដំណើរមកទទួលវ៉ាក់សាំងនៅកន្លែងចាក់លើកទី១ឡើយ ដោយត្រូវចាក់នៅកន្លែងដែលខ្លួនកំពុងស្នាក់នៅ។ ដោយឡែក អ្នកនៅខេត្ត ដែលត្រូវចាក់ដូសលើកទី២នៅភ្នំពេញ ត្រូវចាក់នៅខេត្តខ្លួនវិញ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកត្រូវទទួលវ៉ាក់សាំងដូសទី២ ត្រូវទាក់ទងទៅមន្រ្តីសុខាភិបាល ឬអាជ្ញាធរ តាមមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានការសម្របសម្រួល ឱ្យចាក់ទាន់ពេល មិនត្រូវហួសថ្ងៃកំណត់ឡើយ (នៅចន្លោះពី ១៤ ទៅ ២៨ ថ្ងៃ បន្ទាប់ពីថ្ងៃចាក់ដូសទី១) ដើម្បីរក្សាគុណភាពវ៉ាក់សាំងក្នុងការបង្កើតអង់ទីគ័រក្នុងខ្លួន។
បើតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល គ.វ.១៩ នឹងផ្ដល់វ៉ាក់សាំង ចំនួន ៥,០០០ដូស ចេញពីស្ដុបបម្រុង ដើម្បីបន្ថែមជូនរាជ-ធានីខេត្ត ដោយក្នុងខេត្តមួយ ទទួលបានចំនួន ២០០ដូស ដើម្បីចាក់ជូនបុគ្គលដែលដល់ពេលចាក់ដូសទី២ ។
អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចមូលដ្ឋាន មិនត្រូវអនុញ្ញា ឱ្យអ្នកចាក់វ៉ាក់សាំងដូសទី២ ធ្វើដំណើរឆ្លង កាត់ខេត្តក្រុង នៅអំឡុង ពេលអនុវត្តវិធានការបិទខ្ទប់ឡើយ។ ហើយចំពោះ បុគ្គល ដែលកំពុងរស់នៅភ្នំពេញ និងតាខ្មៅ អាជ្ញាធរត្រូវកំណត់ទីតាំង ចាក់វ៉ាក់សាំងដែលនៅជិតពួកគាត់ និងសម្រួលឱ្យអ្នកចាក់វ៉ាក់សាំងដូសទី២ ចាក់ឱ្យបានទាន់ពេលកំណត់។ ដោយឡែក ក្នុងករណី ដែលខ្វះវ៉ាក់សាំង សម្រាប់ចាក់ជូនពលរដ្ឋ ដែលជាប់ក្នុងការអនុវត្តវិធានការវិទខ្ទប់ លើសពីចំនួន ២០០ដូស ត្រូវផ្ដល់ដំណឹង មក គ.វ.ក-១៩ ឱ្យបានឆាប់បំផុត ។
ប្រសិន ពលរដ្ឋមានបញ្ហាពីការចាក់វ៉ាក់សាំង អាចទាក់ទងតាមទូរស័ព្ទលេខ៖ ០១២ ៧៧៧ ៧៦០ , ០១២ ៩១៦ ០៩៩ ,០១២ ៩៨៩ ០៨៥ និង ០៩២ ៩៩៩ ៣៩៧៕
© រក្សាសិទ្ធិដោយ thmeythmey.com