ជាតិ
លោក ថោង ប៊ុនថារី ប្រាប់អ្នករកស៊ីកុំបាក់ទឹកចិត្ត និងត្រូវត្រៀមខ្លួនងើបឡើងវិញក្រោយវិបត្តិកូវីដបិទបញ្ចប់
17, Apr 2021 , 6:59 pm        
រូបភាព
សៀមរាប៖ ជាខេត្តដែលពឹងលើវិស័យទេសចរណ៍ប្រមាណ៩០ភាគរយ សៀមរាបបានប៉ះពាស់សេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងអំឡុងវិបត្តិជំងឺកូវីដនេះ។ ទោះស្ថិតក្នុងស្ថានភាពអាក្រក់បែបនេះក្ដី អ្នកជំនាញផ្នែកអាជីវកម្មលើកទឹកចិត្តអ្នករកស៊ីទាំងឡាយមិនត្រូវបោះបង់ ឬបាក់ទឹកចិត្តក្នុងគ្រានេះទេ ផ្ទុយទៅវិញពួកគេត្រូវត្រៀមខ្លួនជានិច្ចដើម្បីពង្រឹងអាជីវកម្ម ដើម្បីស្វាគមន៍ការត្រឡបមករកសភាពដើមវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដបានបិទបញ្ចប់។

 
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប លោក ថោង ប៊ុនថារី លើកឡើងថា ស្ថានភាពសេដ្ឋកិច្ចក្នុងខេត្តសៀមរាបនៅពេលនេះ គឺដុនដាបខ្លាំងដែលមិនធ្លាប់មានពីមុនមក។ យ៉ាងណា លោកថារី ពន្យល់ថា មុនផ្ទុះកូវីដ ស្ថានភាពភ្ញៀវទេសចរក្នុងខេត្តសៀមរាបបានធ្លាក់ចុះប្រមាណជិត២ឆ្នាំ បូករួមការអភិវឌ្ឍផ្លូវក្នុងក្រុងក៏ធ្វើឲ្យអាជីវកម្មមួយចំនួនធំ មានការប្រឈមខ្លាំងផងដែរ។
 
ក្នុងកាលៈទេសៈនេះ ដើម្បីឲ្យអាជីវកម្មមួយនៅអាចបន្តឈរជើងទៅមុខបាន លោក ថោង ប៊ុនថារី ប្រាប់ពីដំណោះស្រាយចំនួន៤ ដែលគួរគិតមុនគេ។ ទី១ ត្រូវគិតពីខ្លួនឯង ធ្វើយ៉ាងណាមានភាពរឹងមាំ នឹងនរ កុំបាក់ទឹកចិត្ត ទី២ ការជំរុញលើកទឹកចិត្តពីគ្រួសារ និងឲ្យពួកគាត់យល់ពីស្ថានការដែលកំពុងជួបប្រទះ ទី៣ សហគ្រិនទាំងអស់ត្រូវមើលឲ្យឃើញពីបញ្ហា និងការលំបាករបស់ខ្លួន និងត្រូវរៀបចំការសន្សំសំចៃនានាលើការចំណាយក្នុងស្ថាប័ន។ លោក ប៊ុនថារី ណែនាំឲ្យសហគ្រិនទាំងអស់ គួរគិតពីការបង្វែរអាជីវកម្មទៅបណ្ដាស្រុកជុំវិញ ព្រោះថា អាជីវកម្មខ្លះមិនអាចដំណើរក្នុងក្រុងដូចពីមុន តែតាមបណ្ដាស្រុកជុំវិញនៅអាចធ្វើបាន ឬក៏អាចពង្រីកទៅបណ្ដាខេត្តមួយចំនួនផងដែរ ដែលមិនសូវប៉ះពាល់ខ្លាំងក្នុងវិបត្តិកូវីដនេះ។ 
 
បន្ថែមពីនេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខេត្តសៀមរាបក៏ណែនាំឲ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវត្រៀមខ្លួនដូចជាពង្រឹងស្ថាប័នអាជីវកម្មខ្លួនឡើងវិញ ដោយមិនត្រូវបោះបង់អាជីព ឬចំណេះជំនាញខ្លួនដែលខំកសាង១០ទៅ២០ឆ្នាំចោល រួចទៅបង្កើតអ្វីដែលថ្មីនោះទេ ព្រោះវាអាចមានហានិភ័យខ្ពស់សម្រាប់សហគ្រិនទាំងនោះ៕

ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ថោង ប៊ុនថារី ដូចតទៅ


 
 

Tag:
 សេដ្ឋកិច្ចសៀមរាប
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com