អន្តរជាតិ
មេបញ្ជាការយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំអាស៊ាននៅឥណ្ឌូណេស៊ី
17, Apr 2021 , 8:29 pm        
រូបភាព
មេបញ្ជាការយោធាមីយ៉ាន់ម៉ា​ លោក មីន អ៊ុងឡាំង។ រូបភាព៖ AP
មេបញ្ជាការយោធាមីយ៉ាន់ម៉ា​ លោក មីន អ៊ុងឡាំង។ រូបភាព៖ AP
លោកឧត្តមសេនីយ មីន អ៊ុងឡាំង នឹងចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅក្នុងទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ខាងមុខ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានលើកឡើងបែបនេះ នៅថ្ងៃទី១៧ ខែមេសា។


 
រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីដើមខែកុម្ភៈ និងការបង្រ្កាបលើក្រុមបាតុករពីសំណាក់រដ្ឋាភិបាលយោធា គឺជាចំណោទថ្មីមួយសម្រាប់អាស៊ាន។ កន្លងមក អាស៊ាន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសម្តងហើយ ប៉ុន្តែអង្គការតំបន់មួយនេះ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ ដោយកាលនោះប្រធានអាស៊ាន ព្រុយណេ បានចេញសេចក្តីថ្លែងការណ៍ជំនួស។
 
បន្ទាប់ពីមិនអាចសេចក្តីថ្លែងការណ៍រួមបាន មេដឹកនាំព្រុយណេ ប្រាប់ឱ្យមន្រ្តីរបស់ខ្លួនរៀបចំកិច្ចប្រជុំមេដឹកនាំអាស៊ានវិញម្តង នៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដែលនឹងជជែកពីស្ថានការណ៍នៅមីយ៉ាន់ម៉ា។ 
 
យ៉ាងណាមិញ កិច្ចប្រជុំមេដឹកនាំអាស៊ាននេះ ក៏នឹងមានវត្តមានរបស់មេបញ្ជាការយោធាមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង ផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសថៃ នៅថ្ងៃទី១៧ ខែមេសា បានអះអាងយ៉ាងដូច្នេះថា៖ «មេដឹកនាំមួយចំនួន បានអះអាងថាពីវត្តមានរបស់ខ្លួន ក្នុងនោះរួមទាំងលោកមីន អ៊ុងឡាំងផងដែរ»។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
កិច្ចប្រជុំមេដឹកនាំអាស៊ាននេះ ធ្វើឡើងស្របពេលស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា បានកំពុងមានភាពច្របូកច្របល់ និងកំពុងស្ថិតលើមាត់ជ្រោះនៃសង្រ្គាមស៊ីវិល។ ក្រុមប៉ូលិសមីយ៉ាន់ម៉ា បានបាញ់សម្លាប់ និងចាប់ខ្លួនបាតុករស្ទើរជារៀងរាល់ថ្ងៃ។ មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៧០០នាក់ បានបាត់បង់ជីវិត និងជាង ៤០០០នាក់ ត្រូវចាប់ឃុំខ្លួន។ លើសពីនេះ ក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ១០ក្រុម បានប្រកាសរក្សាជំហរ នៅខាងប្រជាជន ដើម្បីប្រឆាំងរដ្ឋាភិបាលយោធាថែមទៀត។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចាប់ផ្តើមដោះលែងអ្នកទោសចំនួន ២៣០០០នាក់។ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេ ថាតើក្រុមយោធាដោះលែង អ្នកជាប់ឃុំ ដោយសារបាតុកម្ម និងប្រឆាំងនឹងខ្លួនឬយ៉ាងណា៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com