ផ្អាករមណីយដ្ឋាន តែអ្នកស្រី យ៉ាដា បន្តលក់បន្លែត្រីសាច់ រក្សាចំណូលសម្រាប់បុគ្គលិកខ្លួន
ជាតិ
សេដ្ឋកិច្ច
ផ្អាករមណីយដ្ឋាន តែអ្នកស្រី យ៉ាដា បន្តលក់បន្លែត្រីសាច់ រក្សាចំណូលសម្រាប់បុគ្គលិកខ្លួន
17, Apr 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី កែវ យ៉ាដា បានប្ដូរពីម្ចាស់រមណីយដ្ឋានបែបធម្មជាតិ មកលក់បន្លែ ត្រីសាច់ តាមអនឡាញវិញ ដោយសារតែវិបត្តិកូវីដ-១៩។ ផ្ដើមជាអ្នកចិញ្ចឹមត្រីជាលក្ខណៈគ្រួសារប្រមាណ១០ឆ្នាំ រហូតបង្កើតជាកន្លែងកម្សាន្ត មិនបានប៉ុន្មានផងអ្នកស្រី យ៉ាដា ត្រូវប្ដូររបរមកលក់បន្លែ ត្រីសាច់ តាមអនឡាញវិញ។

 
មានទីលំនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប អ្នកស្រី កែវ យ៉ាដា សព្វថ្ងៃជាម្ចាស់កសិដ្ឋាន«រដ្ឋាដា» ដែលជាកន្លែងកម្សាន្តបែបធម្មជាតិ ដែលមានចិញ្ចឹមត្រីច្រើនប្រភេទ រួមនឹងកង្កែប និងមានដាំបន្លែច្រើនមុខទៀតផង។ ដោយសារតែវិបត្តិកូវីដ-១៩ បាត់អ្នកចូលកម្សាន្ត បានធ្វើឲ្យកន្លែងកម្សាន្តអ្នកស្រី យ៉ាដា ត្រូវស្ងប់ស្កាត់ ព្រោះបាត់អ្នកទេសចរ។
 
អ្នកស្រី យ៉ាដា បានរអ៊ូរទាំប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទយ៉ាងដូច្នេះ៖«ឆ្នាំ២០០៥ ខ្ញុំចាប់ផ្ដើមចិញ្ចឹមត្រីបែបលក្ខណៈគ្រួសារ ជាង១០ឆ្នាំ ក្រោយមកបានបង្កើតជាកន្លែងកម្សាន្ត ដោយមានការចិញ្ចឹមត្រី និងដាំបន្លែ អាចឲ្យអ្នកទេសចរ ទៅកម្សាន្តស្រូបយកបរិយាកាសបរិសុទ្ធ និងហូបអារហារបែបធម្មជាតិ»។ 


 
ការបង្កើតរមណីដ្ឋានបែបធម្មជាតិ មិនបានយូរប៉ុន្មានផង ពោលត្រឹមរយៈ២ឆ្នាំប៉ុណ្ណោះ កម្ពុជាចាប់ផ្ដើមមានជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ហើយបានធ្វើឲ្យដំណើរការអាជីវកម្មរបស់អ្នកស្រី យ៉ាដា ត្រូវផ្អាកបណ្ដោះអាសន្ន ព្រោះបាត់អ្នកទេសចរ។
 
«យើងត្រូវសម្រេចចិត្តផ្អាកអាជីវកម្មបណ្ដោះអាសន្ន ដោយសារកាលៈទេសៈបង្ខំ។ កន្លែងយើង(រមណីយដ្ឋាន) មិនមានភ្ញៀវមិនអាចទ្រទ្រង់បន្តទៀត ព្រោះត្រូវទទួលបន្ទុកបុគ្គលិកចំនួន១០នាក់។ ដើម្បីជួយឲ្យពួកគាត់មានការងារធ្វើបន្ត ខ្ញុំសម្រេចលក់បន្លែ ត្រីសាច់ តាមអនឡាញវិញ»។ នេះជាសម្ដីរបស់អ្នកស្រី កែវ យ៉ាដា។
 
ជាស្រ្តីអ្នកដឹកនាំទទួលបន្ទុកបុគ្គលិក១០នាក់ និងជាម្ដាយមានកូន ៥នាក់ផងនោះ វាមិនមែនជារឿងងាយស្រួលឡើងសម្រាប់អ្នកស្រី។ ហើយស្ថិតក្នុងបរិបទកូវីដ-១៩ ទៀតនោះធ្វើឲ្យអ្នកស្រីពិបាកយ៉ាងខ្លាំង ក្នុងការចែកពេលវេលាសម្រាប់គ្រួសារ និងមុខរបរអ្នកស្រី។ ដ្បិតមានការលំបាកបែបនេះក្ដី តែអ្នកស្រី យ៉ាដា មិនព្រមបោះបង់ឡើយ។ ស្រ្តីវ័យ៤៦ឆ្នាំរូបនេះ បានរៀបរាប់ពីភាពលំបាក ក្នុងការងារជាអ្នកគ្រប់គ្រង និងជាអ្នកទទួលបន្ទុកគ្រួសារដូច្នេះ៖«វាមិនស្រួលទេ តែមិនដឹងធ្វើយ៉ាងម៉េច។ គ្រួសារខ្ញុំ(ប្ដី) ក៏គាត់ជួយដែរ តែខ្ញុំត្រូវចេញមុខរ៉ាប់រងច្រើនជាង។ ពេលខ្លះខ្ញុំត្រូវដឹកបន្លែ ត្រីសាច់ ឲ្យអតិថិជនផ្ទាល់ក៏មាន»។


 ត្រីសាច់ដែលលោកស្រី យ៉ាដា លក់

ទោះបីអ្នកស្រីខំប្រឹងយ៉ាងណា តែចំណូលពីការលក់បន្លែ ត្រីសាច់ នាពេលនេះមិនអាចផ្គត់ផ្គង់ឲ្យបុគ្គលិកគ្រប់គ្រាន់នោះទេ ដូច្នេះអ្នកស្រីចាំបាច់ត្រូវបន្ថែមទុនផ្ទាល់ខ្លួន លើប្រាក់ចំណេញពីការលក់ ដើម្បីផ្ដល់ឲ្យបុគ្គលិក។ 
 
ដ្បិតមិនបង្ហាញចំណូលប្រចាំថ្ងៃពីការលក់អនឡាញ តែអ្នកស្រី យ៉ាដាប្រាប់ថាចំណូលសព្វថ្ងៃតិចតួចបំផុត មិនសូវលក់ដាច់។ អ្នកខេត្តសៀមរាបរូបនេះនិយាយដូច្នេះ៖«កូវីដ-១៩ វាពិបាកហើយ ដល់ពេលរដ្ឋាភិបាលចេញបម្រាមគោចរ មិនឲ្យឆ្លងខេត្តទៀតវាកាន់តែយ៉ាប់។ លក់បានតិចណាស់ យើងអាចលក់បានតែខេត្តសៀមរាបទេ ព្រោះមិនអាចលក់ទៅខេត្តដទៃ»។
 
ចំណូលកាន់តែធ្លាក់ចុះ ហើយស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់ថមថយ មិនដឹងនោះទេថាអាជីវកម្មអ្នកស្រី កែវ យ៉ាដា នឹងអាចទ្រទ្រង់ដល់ពេលណា។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី៕


 រូបពីហ្វេសប៊ុកលោកស្រី កែវ យ៉ាដា



Tag:
 កែវ យ៉ាដា ជាតិ កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com