ជាតិ
ខ្មោចមង៖ ឃាតកលាក់មុខ
17, Apr 2021 , 9:29 pm        
រូបភាព
ដោយ:
ខេត្តសៀមរាប៖ កាលពីថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០២១ ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានធ្វើសកម្មភាពសម្អាតសំរាម នៅតាមបណ្តោយច្រាំងស្ទឹងសៀមរាប ក្នុងពេលចុះបំពេញការងារ នៅក្នុងភូមិបណ្តែតទឹក និងសហគមន៍នេសាទចុងឃ្នៀស។ ស្ទឹងសៀមរាប បានហូរចាក់ទៅក្នុងបឹងទន្លេសាប ដែលជាបឹងសម្បូរទៅដោយជលផលទឹកសាបជាងគេបំផុតមួយនៅក្នុងតំបន់។ ក្នុងចំណោមសំរាម ដែលក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានរកឃើញ គឺ សាច់មងដែលត្រូវបានបោះបង់ចោលដោយអ្នកនេសាទ ជាសំរាមដែលលេចធ្លោជាងគេ។


 
បឹងទន្លេសាប គឺជាបឹងដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាផ្នែកមួយនៃជីវចម្រុះ ដែលមានផលិតភាពជលផលដ៏ច្រើនបំផុតនៅលើពិភពលោក។ ជាអកុសល ការបំពុលបរិស្ថានបឹង ចេះតែខ្លាំងកើនឡើងជារៀងរាល់ថ្ងៃ ដោយសារការបោះចោលមងដោយអ្នកនេសាទនៅលើច្រាំង និងក្នុងទឹកបឹងកើនឡើង។
 
សាច់មង ត្រូវបានផលិតចេញពីសរសៃនីឡុង (Nylon) ដែលមានប្លាស្ទិកជាវត្ថុធាតុដើម  វាមិនរលួយ និងអាចស្ថិតនៅក្នុងបរិស្ថានដោយគ្មានកាលកំណត់។ មងដែលមិនអាចប្រើការបាន ត្រូវបានអ្នកនេសាទបោះបង់ចោលក្នុងបឹងទន្លេសាបជារៀងរាល់ឆ្នាំ។ មងទាំងនោះ នៅតែបន្តរសាត់អណ្តែតនៅក្នុងទឹក និងបន្តចាប់ត្រី ហើយទីបំផុតបានសម្លាប់ត្រី និងសត្វដទៃទៀតផងដែរ។ ដោយសារតែមងទាំងនោះ ក្លាយជាមងគ្មានម្ចាស់ ពួកវាបានអណ្តែតដោយសេរីនៅក្នុងទឹក ប្រៀបបាននឹងខ្មោចអណ្តែតទឹក ដូច្នេះទើបត្រូវបានគេហៅថា៖ «ខ្មោចមង»។


 
មានបញ្ហាជាច្រើនដែលបណ្តាលឱ្យមងទាំងនោះ ក្លាយជា «ខ្មោចមង»។ វាអាចត្រូវបានអ្នកនេសាទធ្វើឱ្យបាត់ដោយចៃដន្យនៅក្នុងបឹងបន្ទាប់ពីរាយហើយ ឬក៏ត្រូវបោះបង់ចោលដោយសារវាដាច់រហែកខ្លាំង មិនអាចជួសជុលទេ។ យើងអាចឃើញខ្មោចមង នៅលើច្រាំងនៃបឹងទន្លេសាប នៅរដូវសម្រក ឬនៅលើដើមឈើតាមព្រៃលិចទឹក ឬនៅតោងជាប់កំណាត់ឈើដែលអណ្តែតនៅលើផ្ទៃទឹក។
 
ទោះបីមើលទៅហាក់ដូចជាខ្មោចមង ពុំមានបង្កគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរក៏ដោយ តែខ្មោចមងនៅតែបន្តធ្វើឱ្យត្រីងាប់ និងបានឱ្យមានមហន្តរាយដល់បឹងទន្លេសាប នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ត្រី និងវារិសត្វដទៃទៀត អាចងាយនឹងជាប់ខ្មោចមងដែលគេបោះបង់ចោល ហើយអត់ចំណីរហូតដល់ងាប់។ ត្រីដែលជាប់ខ្មោចមងទាំងនោះ អាចក្លាយចំណីនៃពពួកមំសាសីដទៃ ដែលរួមចំណែកធ្វើឱ្យមានការថយចុះបរិមាណត្រីនៅក្នុងបឹងផង។ ម៉្យាងទៀត អ្នកនេសាទក៏តែងតែជួបប្រទះជារឿយៗ ផងដែរ នៅពេលដែលខ្មោចមងបានទាក់ស្លាបចក្រទូករបស់ពួកគេ ជាប់គាំងទៅមុខមិនរួច។
 
ដើម្បីកាត់បន្ថយខ្មោចមងនៅបឹងទន្លេសាប យើងសូមអំពាវនាវដល់អ្នកនេសាទ ឱ្យមានការប្រុងប្រយ័ត្ននៅពេលបោះបង់មងរបស់ពួកគេចោល៖ សូមកុំបោះវាចូលទៅក្នុងទឹក ឬតាមបណ្តោយច្រាំង ដោយជំនួសមកវិញ ពួកគេគួររកកន្លែងសមរម្យដើម្បីបោះចោលវា។ តោះចូលរួមទាំងអស់គ្នាដើម្បីសុខុមាលភាព បឹងទន្លេសាប និងទន្លេមេគង្គ ប្រកបដោយនិរន្តរភាព៕



 


© រក្សាសិទ្ធិដោយ thmeythmey.com