ជាតិ
កសិករជាង៤០នាក់នៅសៀមរាបបានប្រាក់ឧបត្ថម្ភដើម្បីពង្រីកអាជីវកម្ម
18, Apr 2021 , 1:59 pm        
រូបភាព
សៀមរាប៖ កសិករចំនួន ៤១នាក់ ដែលស្ថិតក្នុងគម្រោងអេម (AIMS) ខេត្តសៀមរាប ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ដើម្បីពង្រីកអាជីវកម្ម ពិសេសអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩។

 
 
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី បានឲ្យដឹងថា ការផ្តល់ថវិកាឧបត្ថម្ភដល់កសិករនៅពេលនេះ គឺដើម្បីជួយកសិករ មានលទ្ធភាពពង្រីកអាជីវកម្មបន្ថែម ក្នុងនោះមានការរៀបចំអណ្ដូងទឹក ដើរដោយប្រព័ន្ធសូឡា និងការធ្វើទ្រុងមាន់ជាដើម។  លោកបន្ថែមថា កសិករទាំង៤១នាក់ ទទួលប្រាក់ក្នុងមូលនិធិនវានុវត្តន៍ ដែលមានទឹកប្រាក់ប្រមាណ ២ម៉ឺនដុល្លារ។ លោក ភឿន គឹមលី ពន្យល់ថា៖‍« គ្រួសារនីមួយៗ ទទួលបាន៣៥ភាគរយ ដែលគេកំណត់មិនលើសពី១ពាន់ដុល្លារ។ ចំណែកជំហានទី២ គាត់ទទួល២០ភាគរយ តែមានទឹកប្រាក់រហូត១០ម៉ឺនដុល្លារ មានន័យថាប្រសិនគាត់ មានទុនវិនិយោគប្រហែល ១០ម៉ឺន គាត់អាចទទួល២ម៉ឺនដុល្លារ»។
 
ក្រៅពីការឧបត្ថម្ភផ្នែកមូលនិធិ មន្ទីរពាណិជ្ជកម្ម ក៏បានធ្វើការជាមួយអ្នកពាក់ព័ន្ធនានា ដោយភ្ជាប់កសិករ ជាមួយដៃគូផ្សេងៗ ដូចជាខាងកសិកម្ម តែជាទូទៅខាងពាណិជ្ជកម្មបានព្យាយាមភ្ជាប់កសិករទៅកាន់ទីផ្សារ ក៏ដូចជាជួយរៀបចំផែនការងារអាជីវកម្ម។ យ៉ាងណាលោក ភឿន គឹមលី អះអាងថា កសិករនៅមានទម្លាប់ធ្វើការតាមគ្នា ដែលជាហានិភ័យធ្វើឲ្យកសិផលពួកគាត់មានបញ្ហា ធ្លាក់តម្លៃ ឬមិនមានទីផ្សារជាដើម។


 រូបភាព៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប
ទាក់ទងនឹងការធ្លាក់ចុះ នៃតម្លៃមាន់ស្រែ របស់កសិករនាពេលថ្មីៗនេះ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបពន្យល់ថា ជាធម្មតាទេកសិផលតែងធ្លាក់ថ្លៃខ្លះ នៅពេលទំហំតម្រូវទាប។ លោកអះអាងថា ពុំមានលក់មិនដាច់ទេ គ្រាន់តែការបញ្ជាទិញទាប ហើយតម្លៃក៏ចុះជាងពេលមុន។ លោកបន្ថែម៖‍« បើយើងធៀបពីមុន រដូវនេះកាលពីមុនមានជំងឺកូវីដ គឺយើងរកមាន់លក់មិនបានទេ តែឥឡូវភ្ញៀវក៏អត់ បុណ្យទានផ្សេងៗក៏អត់»។
 
គួរបញ្ជាក់ថា គម្រោងអេមរបស់ក្រសួងពាណិជ្ជកម្ម បានចាប់ផ្តើមនៅខេត្តសៀមរាប នៅក្នុងឆ្នាំ២០១៩ ដែលធ្វើការជាមួយកសិករក្នុងរង្វង់ ៤ពាន់នាក់ ក្នុងគោលដៅ៦ពាន់នាក់។ គម្រោងនេះ មន្ទីរពាណិជ្ជកម្ម បានធ្វើការជាមួយកសិករលើវិស័យសូត្រ មាន់ បន្លែ និងស្រូវ ដោយបានភ្ជាប់កសិករទៅកាន់ទីផ្សារដោយផ្ទាល់។ បច្ចុប្បន្នមន្ទីរកំពុងធ្វើការជាមួយកសិករក្នុង៨ស្រុក រួមមាន ក្រុងសៀមរាប ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកអង្គរជុំ និងកំពុងពង្រីកសកម្មភាពទៅកាន់ស្រុកវ៉ារិន  ក៏ដូចជាបណ្ដាស្រុកផ្សេងៗទៀតទូទាំងខេត្ត៕
 
 

Tag:
 កសិកម្ម
  គម្រោង AIMS
© រក្សាសិទ្ធិដោយ thmeythmey.com