បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វីសិស្សក្នុងសម័យសង្គមរាស្ត្រនិយមគោរពគ្រូ និងប្រឹងប្រែងរៀនសូត្រ?
18, Apr 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ធ្លាប់ជាសិស្សពូកែកាលរៀនក្នុងសម័យសង្គមរាស្ត្រនិយម អ្នកស្រី ចាប ម៉េងលៀង បច្ចុប្បន្នគឺជាគ្រូបង្រៀននៅវិទ្យាល័យអប់រំពិសេស។ បានចូលនិវត្តន៍កាលពីឆ្នាំ២០១៨ ប៉ុន្តែបច្ចុប្បន្ននៅតែបន្តបង្រៀនសិស្ស ក្នុងក្របខណ្ឌគ្រូកិច្ចសន្យា អ្នកស្រី ចាប ម៉េងលៀង ថាសិស្សសម័យសង្គមរាស្ត្រនិយម គោរពគ្រូ គោរពវិន័យ ប្រឹងប្រែងរៀនសូត្រ និងស្ដាប់ដំបូន្មានគ្រូខ្ជាប់ខ្ជួន ដោយខុសពីសិស្សបច្ចុប្បន្ន។


 
បើទោះបីជាធ្លាប់បានឆ្ងងកាត់ការសិក្សា ក្នុងសម័យគ្រូប្រើវិន័យតឹងរឹង ហ្មត់ចត់ ដាក់កំហិតខ្លាំង និងមានការដាក់ពិន័យដោយប្រើរំពាត់ក្ដី ប៉ុន្តែអ្នកស្រី ចាប ម៉េងលៀង យកត្រឹមវិធីសាស្ត្រល្អៗដែលគ្រូជំនាន់នោះមាន មកបង្រៀនសិស្សបច្ចុប្បន្នដោយមិនប្រើអំពើហឹង្សាលើសិស្សឡើយ។
 
ចូលបម្រើការជាគ្រូបង្រៀន តាំងពីឆ្នាំ១៩៩៥ អ្នកស្រី ចាប ម៉េងលឿង ដែលបានបង្រៀនទាំងសិស្សពិការភ្នែក និងសិស្សមិនពិការនោះ ថាការបង្រៀនសិស្សដោយការលើកទឹកចិត្ត និងលួងលោម គឺជាវិធីសាស្ត្រដ៏ល្អប្រសើរ។ ទោះជាយ៉ាងណា អ្នកស្រីក៏ទទួលស្គាល់ដែរថា សិស្សខ្លះត្រូវការឱ្យគ្រូប្រើវិធីទន់ភ្លន់ តែសិស្សខ្លះទៀត ទាល់តែគ្រូដាក់ពិន័យធ្ងន់ធ្ងរ ទើបព្រមធ្វើកិច្ចការសាលា។  
 
តើហេតុអ្វីបានជាសិស្សក្នុងសម័យសង្គមរាស្ត្រនិយម គោរពគ្រូ និងប្រឹងប្រែងរៀនសូត្រ? ដើម្បីជ្រាបច្បាស់ពីការសិក្សាអប់រំកាលពីសម័យនោះ ថាមានសណ្ឋានយ៉ាងណា បើប្រៀបធៀបនឹងការសិក្សាអប់រំក្នុងសម័យបច្ចុប្បន្ន តទៅនេះសូមអស់លោក លោកស្រី អ្នកនាងកញ្ញា ស្ដាប់បទសម្ភាសរវាង កញ្ញា ប៉ូ សាគុន ជាមួយអ្នកស្រី ចាប ម៉េងលៀង គ្រូបង្រៀនសិស្សពិការភ្នែក និងសិស្សមិនពិការ ដោយក្ដីរីករាយ៖




 
មានស្រុកកំណើតនៅខេត្តកណ្ដាល ក្នុងស្រុកពញាឮ ដោយមានឪពុកជាអ្នកបើកឡាន ក្នុងក្រសួងសាធារណៈការ និងមានម្ដាយជាមេផ្ទះ គ្រូបង្រៀនរូបនេះ ថាមនុស្សរៀនពូកែ មិនមែនមកពីមានខ្សែលោហិតអ្នកចេះដឹងឡើយ ប៉ុន្តែគឺមកពីការប្រឹងប្រែងដោយខ្លួនឯង។
 
មានជន្មាយុ៦៣ឆ្នាំ អ្នកស្រី ចាប ម៉េងលៀង  តែងទទួលបានអំណោយពីគ្រូនិងសិស្សដូចគ្នាជាញឹកញាប់ កាលពីសម័យនៅរៀន ព្រោះតែការរៀនពូកែរបស់គាត់។ អ្នកស្រីថា កាលពីសម័យសង្គមរាស្ត្រនិយម ប្រសិនបើសិស្សរូបណា ទៅសាលាយឺត នោះគ្រូនឹងដាក់ពិន័យឱ្យសូត្រមេរៀន ឬគ្រូវាយមួយរំពាត់ មុនអនុញ្ញាតឱ្យចូលអង្គុយនៅតុ ដូច្នេះសិស្សពេលនោះ ខំរៀននិងប្រយ័ត្នប្រយែងខ្លាំង៕
 

Tag:
 ការអប់រំ
  ការសិក្សា
  សិស្ស
  គ្រូ
  វិធីសាស្រ្តបង្រៀនសិស្ស
 
© រក្សាសិទ្ធិដោយ thmeythmey.com