COVID-19
ជាតិ
កូវីដ-១៩សម្លាប់មនុស្ស២នាក់ទៀត ដោយម្នាក់ស្លាប់នៅផ្ទះ ឯម្នាក់ទៀតស្លាប់មុនបញ្ជូនដល់ពេទ្យ
× ជំងឺកូវីដ-១៩ បានសម្លាប់ពលរដ្ឋខ្មែរ២នាក់ទៀត ដោយក្នុងនោះ មានម្នាក់ស្លាប់នៅផ្ទះ មុនដឹងលទ្ធផលវិជ្ជមានកូវីដ-១៩ និងម្នាក់ទៀត ស្លាប់មុនបញ្ជូនមកដល់មន្ទីរពេទ្យ។ មកទល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន៤១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៧ មេសានេះ។
តាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកស្លាប់ទាំងពីរ មានស្ត្រីអាយុ៤៨ឆ្នាំ រស់នៅខេត្តកំពង់ធំ ដែលទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១៦មេសា។ ដោយអ្នកជំងឺមានអាការហត់ខ្លាំង អ្នកជំងឺត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ ហ្លូងម៉ែ នៅម៉ោង ១០ និង២០នាទី យប់ថ្ងៃទី១៦ មេសាដដែល។ តែក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា អ្នកជំងឺ បានស្លាប់ មុនចូលដល់មន្ទីរពេទ្យ។
ចំណែកឯអ្នកជំងឺម្នាក់ទៀត ជាបុរសអាយុ៧០ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានស្លាប់នៅផ្ទះ កាលពីល្ងាច ថ្ងៃទី១៥ ខែមេសា។ ដោយសារមុនបាត់បង់ជីវិត អ្នកជំងឺមានអាការក្តៅខ្លួន ក្អក និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ គ្រូពេទ្យបានយកសំណាកវិភាគហើយរកឃើញថាអ្នកស្លាប់មានផ្ទុកកូវីដ-៩។
សូមជម្រាបថាគិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន៥៧៧១ ដោយ៥២២៨ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មាន ៣៣១១នាក់ និងអ្នកសះស្បើយសរុបមាន២៤១៦នាក់។ ចំណែកអ្នកស្លាប់ដោយកូវីដ-១៩ មានចំនួន ៤១ ក្នុងនោះ មានស្រី១៧ នាក់ និងប្រុស២៤នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com