COVID-19
ជាតិ
ព្រៃវែងមាន​វិជ្ជមាន​៥នាក់ទៀតដែល​លួចចូលពីភ្នំពេញ ក្រោយសះស្បើយត្រូវប្រឈមមុខច្បាប់​
18, Apr 2021 , 11:17 am        
រូបភាព
លោក ជា សុមេធី អភិបាល_ខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំកន្លងមក
លោក ជា សុមេធី អភិបាល_ខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំកន្លងមក
មនុស្ស ៥នាក់ទៀត ត្រូវបានតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីពួកគេលួចធ្វើដំណើរពីរាជធានីភ្នំពេញ ចូលខេត្តព្រៃវែង។ ក្នុងចំណោមនោះមាន ស្រី៣នាក់ ប្រុស២នាក់។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ១៨ មេសានេះ។

  
 
តាមអាជ្ញាធរខេត្ត បុគ្គលល្មើសទាំង៥នាក់នេះ នឹងទទួលទោសព្រហ្មទណ្ឌ តាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ-១៩ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ព្យាបាលជាពីជំងឺ និងបញ្ចប់ការធ្វើចត្តាឡីស័កក្រោយសះស្បើយ។
 
លោក ជា សុមេធី អភិបាល​ខេត្តព្រៃវែង បានបញ្ជាក់នៅលើ​ហ្វេសប៊ុក​ខ្លួន​ថា អ្នក​ទាំង៥ជាអ្នក​ស្រុកស៊ីធរ កណ្តាល។ កន្លងមក អាជ្ញាធរខេត្ត​ក៏បាន​រកឃើញករណីវិជ្ជមាន៤នាក់ផងដែរដែលលួចចូលពីភ្នំពេញ។
 
មាត្រា ៩នៃច្បាប់ និងបទប្បញត្តិពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចែងថា អំពើចម្លងដោយចេតនាជំងឺកូវីដ-១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥ឆ្នាំ ទៅ១០ឆ្នាំ ។ ប្រសិនបើអំពើនេះ ត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬដោយអង្គការចាត់តាំង ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារ ពី១០ឆ្នាំ ទៅ២០ឆ្នាំ ។ 
 
ដោយឡែកមាត្រា ១០ នៃច្បាប់ដដែល បានចែងថា អំពើដោយចេតនា មិនគោរពវិធានរដ្ឋបាលដែលដាក់ចេញស្របតាមច្បាប់ស្តីពីកូវីដ-១៩ ត្រូវពិន័យអន្តរការន៍ពី ១លានទៅ ៥លានរៀល ។ បើអំពើនេះ បណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ នឹងត្រូវផ្តន្ទាទោសពី ៦ខែ ទៅ៣ឆ្នាំ និងពីន័យជាប្រាក់ពី ២លានទៅ១០លានរៀល។ នេះបើតាមមាត្រាដដែល ដោយបន្តចែងទៀតថា បើអំពើដដែលនេះ បណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ត្រូវផ្តន្ទាទោសពី  ២ខែ ទៅ៥ឆ្នាំ និងពីន័យជាប្រាក់ពី ៥លានទៅ២០លានរៀល។
 
គួរកត់សម្គាល់ថា កាលពីថ្ងៃទី ១៦ មេសាកន្លងទៅអាជ្ញាធរខេត្តព្រៃវែង ក៏បានរកឃើញមនុស្សចំនួន ៤នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ហើយបានលួចធ្វើដំណើរចូលទៅខេត្តនេះ ផងដែរ។ ជនល្មើសនឹងបម្រាបទាំងនេះ នឹងរកទោសទណ្ឌព្រហ្មទណ្ឌ តាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ-១៩ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ព្យាបាលជាពីជំងឺ៕

© រក្សាសិទ្ធិដោយ thmeythmey.com