COVID-19
ជាតិ
បន្តឹង ដើម្បីសម្រាល!
18, Apr 2021 , 12:21 pm        
រូបភាព
លិខិតមិត្តអ្នកអាន លីម ពិសិដ្ឋ 

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមេសា  បានចេញសេចក្តីសម្រេចស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់កូវីដ-១៩។ សេចក្តីសម្រេចនេះ បន្ថែមនូវលក្ខខណ្ឌតឹងរ៉ឹង លើសសេចក្តីសម្រេចដំបូងកាលពីថ្ងៃទី១៤ខែមេសា។

 
ប្រការ២-ថ្មីនៃសេចក្តីសម្រេចបានបញ្ជាក់ថា៖«បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ»។ 
 
ការរឹតបន្តឹងនេះ បានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលសង្កេតឃើញថា ព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈមិនធូរស្បើយទាល់តែសោះ។ តួលេខចុងក្រោយបានបង្ហាញថា កម្ពុជាមានករណីសរុបចំនួន៥៧៧១ ដោយ៥២២៨ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។  អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មាន ៣៣១១នាក់ និងអ្នកសះស្បើយសរុបមាន២៤១៦នាក់។ ចំណែកអ្នកស្លាប់ដោយកូវីដ-១៩ មានចំនួន ៤១ ក្នុងនោះ មានស្រី១៧ នាក់ និងប្រុស២៤នាក់។ 
 
ម្យ៉ាងទៀតការរឹតបន្តឹងនេះត្រូវបានគេមើលឃើញថា បើទោះបីជាមានសេចក្តីជូនដំណឹងបិទខ្ទប់កាលពីថ្ងៃទី១៤ខែមេសាយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋមួយចំនួននៅបន្តល្មើសនឹងបម្រាមនានា។ សម្រាប់ខ្ញុំ ក្នុងនាមជាប្រជាពលរដ្ឋក្រុងភ្នំពេញម្នាក់ ខ្ញុំគិតថា អាជ្ញាធរពិតជាបានធ្វើកិច្ចការរបស់ខ្លួនសមល្មមហើយ នៅឡើយតែប្រជាពលរដ្ឋ។ ប្រសិនបើប្រជាពលរដ្ឋចូលរួមគោរពសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់ នោះព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈអាចនឹងត្រូវបិទបញ្ចប់លឿន តែផ្ទុយទៅវិញ បើប្រជាពលរដ្ឋមិនចូលរួម នោះបញ្ហាការឆ្លងមេរោគកូវីដនឹងនៅតែបន្តកើនឡើង។ រដ្ឋាភិបាលបានព្រមានទុកជាមុនហើយថា បើស្ថានការណ៍មិនធូរស្បើយទេ ការបិទខ្ទប់នឹងបន្តលើសពីថ្ងៃទី២៨ខែមេសានេះទៅទៀត។ 
 
ត្រង់ចំណុច ប្រជាពលរដ្ឋគួរយល់ថា ខ្លួនឯងពិបាកដោយគ្រាន់តែស្ថិតនៅក្នុងផ្ទះតែប៉ុណ្ណោះ។ ប៉ុន្តែ តើប្រជាពលរដ្ឋមានបានដឹងពីការលំបាករបស់អាជ្ញាធរ និងវេជ្ជបណ្ឌិតឬទេ?  ពួកគេធ្វើការ២៤ម៉ោងដោយមិនបានពិសា និងទទួលទានដំណេកគ្រប់គ្រាន់។ តើពលរដ្ឋយល់
ចំណុចនេះឬទេ? បើយល់ និងអាណិតពួកគេ សូមបងប្អូនមេត្តាគ្រាន់តែកុំចេញពីផ្ទះបានហើយ ព្រោះ ការមិនចេញពីផ្ទះ នឹងចូលរួមកាត់បន្ថយការឆ្លង។ 
 
សរុបសេចក្តីមកវិញ ការរឹតបន្តឹងតឹងរ៉ឹងរបស់អាជ្ញាធរនៅពេលនេះ គឺដើម្បីឲ្យស្ថានការណ៍ព្រឹត្តិការណ៍២០កុម្ភៈធូរស្បើយ ឬឈានទៅលុបបំបាត់ជាស្ថាពរ។ ពិបាកបន្តិច តែសេចក្តីសុខនឹងកើតឡើងសម្រាប់រយៈពេលវែង។ ក្រពះក្រៀមស្វិត និងពិបាកបន្តិច តែសួតនៅដំណើរការ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com