COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ចំណូលធ្លាក់ចុះរាល់ខែ អាជីវករផ្សារត្រាំខ្នារ សង្ឃឹមវ៉ាក់សាំង ធ្វើឲ្យផ្សារអ៊ូអរឡើងវិញ
18, Apr 2021 , 6:59 pm        
រូបភាព
ត្រាំខ្នារ, តាកែវ៖ សកម្មភាពលក់ដូរទំនិញនៅផ្សារត្រាំខ្នារ ប្រែទៅជាស្ងប់ស្ងាត់បន្តិចម្ដងៗ។ ផ្សារបោះដុំ និងលក់រាយទំនិញនេះ មិនសូវមានអតិថិជនច្រើនដូចមុនឡើយ។ អាជីវករ ដែលជួលកន្លែងសម្រាប់លក់ ភាគច្រើនមិនមានចំណូលគ្រប់គ្រាន់ដើម្បីបង់ថ្លៃឈ្នួលនោះឡើយ។ ការណ៍នេះ បណ្ដាលមកពីការភ័យខ្លាចជំងឺកូវីដ១៩ របស់ពលរដ្ឋនៅតំបន់នេះ។

 
 
អ្នកទិញ និងអ្នកលក់ ចាប់ផ្ដើមមើលមុខគ្នា សឹងតែមិនស្គាល់ ថ្វីបើ ពួកគេ នាំគ្នាពាក់ម៉ាស់ការពាររៀងៗខ្លួន និងមិនហ៊ាននៅជិតគ្នាដូចមុនឡើយ។ ទិដ្ឋភាពនេះ កើតឡើងចាប់ពីថ្ងៃដែលរដ្ឋាភិបាល ឲ្យឈ្មោះផ្លូវការមួយថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ អ្នកឆ្លងជំងឺកូវីដ-១៩កើនឡើងកាន់តែច្រើន និងបន្តរាតត្បាតនៅតាមខេត្តមួយចំនួន។ ទីប្រជុំជនផ្សារត្រាំខ្នារ ក៏ប្រឈមនឹងការឆ្លងកូវីដ-១៩ដែរ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យម្ចាស់អាជីវករភាគច្រើននៅផ្សារនេះ ធ្លាក់ចុះចំណូលរបស់ខ្លួន ហើយម្ចាស់អាជីវកម្ម ជួលផ្ទះឬតូបគេ កាន់តែប្រឈម បិទទ្វារ។ ចំណូលពីការលក់នេះ មិនអាចគ្រប់គ្រាន់នោះទេ សម្រាប់ថ្លៃឈ្នួលជួលកន្លែងនោះទេ។ 
  


 
ជាការពិត ផ្សារត្រាំខ្នារក្នុងខេត្តតាកែវនេះ នៅតែដំណើរការធម្មតា។ អាជីវករនៅតាមផ្ទះ បន្តបើកលក់ទំនិញរាល់ថ្ងៃ តែថា ពលរដ្ឋនៅតាមភូមិ មិនសូវមកទិញទំនិញដូចមុនឡើយ។ អាជីវករលក់នៅតាមផ្ទះរបស់ខ្លួន មិនសូវជាមានទុក្ខកង្វល់ច្រើននោះទេរឿងចំណូលធ្លាក់ចុះ ព្រោះថា ពួកគេមិនត្រូវបង់ថ្លៃឈ្នួលនោះឡើយ។ លក់ដាច់ខ្លះ មិនដាច់ខ្លះ ក៏អាជីវករប្រកបរបរប្រពៃណីនេះ នៅតែអាចផ្គត់ផ្គង់ជីវភាពបានដែរ។ ប៉ុន្តែ អាជីវករ ដែលជួលតូប, ផ្ទះ, ឬហាង ដើម្បីលក់ទំនិញវិញ កំពុងមានក្ដីព្រួយបារម្ភជារៀងរាល់ថ្ងៃ។ បើលក់ មិនដាច់ គឺមិនមានលុយឲ្យថ្លៃជួលនោះទេ។ 
 
តូបលក់ ម៉ាស៊ីនភ្លើង ទូរទឹកកក ម៉ាស៊ីនកិនស្រូវ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយនៅជាប់នឹងផ្លូវជាតិលេខ៣ ត្រង់ផ្លូវបត់ចូលផ្សារត្រាំខ្នារ គឺជាតូបរបស់លោក ខាត់ សុខា ដែលបានជួលគេជិត២ឆ្នាំមកហើយ។ អ្នកលក់រូបនេះ ហាក់មិនសូវលក់ដាច់ ប៉ុន្មានទេនៅខែដំបូង ដ្បិតអ្នកទិញមិនទាន់ស្គាល់ និងមានអតិថិជន។ ប៉ុន្មានខែក្រោយមក លោក សុខា លក់ម៉ាស៊ីនភ្លើងដាច់គួរសម និងមានអតិថិជននៅតាមភូមិច្រើន។ ផ្ដើមលក់ដាច់ និងអាចផ្គត់ផ្គង់ថ្លៃឈ្នួលតូបបាន ម្ចាស់តូបលក់គ្រឿងអគ្គីសនីរូបនេះ មានក្ដីសង្ឃឹម ថាអាជីវកម្មរបស់លោក នឹងកាន់តែរីកចម្រើនទៅមុខ។
 

 
លក់ដាច់មិនបានប៉ុន្មានខែផង ជំងឺកូវីដ១៩ បានឆ្លងជាសហគមន៍នៅថ្ងៃទី២០កុម្ភៈ។ បុរសវ័យ៣៦ឆ្នាំរូបនេះ ចាប់ផ្ដើមលក់មិនសូវដាច់ ហើយមិនមែនតែលោកម្នាក់នោះទេ គឺមុខរបរលក់ដូរទូទៅ ប្រែមកជាបែបនេះ។ លោក សុខា ប្រាប់អ្នកសារព័ត៌មានថ្មីៗទាំងទឹកមុខស្រពោនថា៖ «ចាប់ពីថ្ងៃនោះមក ខ្ញុំលក់មិនសូវដាច់ទេ។ ថ្ងៃខ្លះ ខ្ញុំលក់មិនបានម៉ាស៊ីនមួយគ្រឿងផង។ និយាយរួម គឺធ្លាក់ចុះ៧០ភាគរយ»។
 
នៅម៉ោង១២ ថ្ងៃត្រង់ បុរសរូបនេះ កំពុងអង្គុយរងចាំអតិថិជន។ រីឯ ភរិយារបស់លោក កំពុងសម្រាកនៅផ្ទះ ព្រោះគាត់ទើបតែសម្រាលបានកូនស្រី១ខែប៉ុណ្ណោះ។ មិនថាអាកាសធាតុក្ដៅយ៉ាងណា លោក សុខា មិនហត់នឿយកម្លាំងកាយឡើយ។ «រាល់ថ្ងៃនេះ កម្លាំងកាយ មិនហត់ទេ តែខ្ញុំសឹងតែអស់កម្លាំងចិត្តហើយ។ បើកូវីដ-១៩ នៅតែរីករាលដាលខ្លាំង ខ្ញុំប្រហែលអស់លទ្ធភាព ជួលតូបនេះហើយ»។ នេះជាការបញ្ជាក់របស់លោក សុខា ដែលសង្ឃឹមតិចណាស់ថាមានលទ្ធភាពបង់ថ្លៃតូបនេះ មួយខែ៤០០ដុល្លារ ប្រសិនជំងឺនេះនៅតែផ្ទុះខ្លាំង និងអូសបន្លាយរយៈពេលយូរទៀត។ 
 

 
លោក សុខា កំពុងបារម្ភកាន់តែខ្លាំង ដ្បិតថា ចំណូលប្រចាំខែរបស់លោក គឺពឹងផ្អែកតែលើរបរមួយនេះប៉ុណ្ណោះ។ លោករអ៊ូថា៖ «តម្លៃតូបនេះ មិនចុះថ្លៃទេ។ លក់បានខែចាស់ សម្រាប់បង់គេខែថ្មី។ ឥឡូវនេះ មិនមានលុយសម្រាប់បង់ខែមេសានេះទេ ព្រោះថា លក់មិនដាច់សោះ»។ 
 
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតូបរបស់លោក សុខា ស្លាកយីហោមានឈ្មោះថា តីៗអ៊ុតសក់ គឺជាតូបជួលគេរបស់យុវតី ស៊ុំ ស្រីតី។ តូបនេះ ធ្លាប់តែមានអតិថិជនរង់ចាំកក់សក់ ធ្វើក្រចក និងផាត់មុខជាច្រើននាក់នោះ បានប្រែមកស្ងាត់ស្រងំស្ទើរតែរាល់ថ្ងៃ។ ហាងដ៏ចង្អៀតមួយនេះ ប្រែមកទូលាយជាងមុន ដ្បិតថា មិនមានភ្ញៀវមកច្រើន។ នៅម៉ោង១១ព្រឹក ម្ចាស់ហាងសាឡនវ័យ១៩ឆ្នាំរូបនេះ កំពុងរៀបចំខោអាវថ្មីដើម្បីតាំងលក់បន្ថែមពីរបរសាឡន។ 
 
 
ដៃកំពុងមមាញឹករៀបចំខោអាវ យុវតីនៅភូមិត្រាំខ្នារ រូបនេះ ប្រាប់សារព័ត៌មានថ្មីៗទាំងសំឡេងខ្សាវៗដូច្នេះ៖ «ខែមេសានេះ មិនមានលុយបង់ថ្លៃតូបមួយខែ២៥០ដុល្លារនេះឡើយ។ មុនកូវីដផ្ទុះខ្លាំង ខ្ញុំមានអតិថិជនមកតាំងពីព្រឹក រហូតដល់ម៉ោង១០យប់ក៏មាន។ ឥឡូវ ថ្ងៃខ្លះមិនមានអតិថិជនសោះក៏មាន។ ប្រសិនបើមានអ្នកឆ្លងកូវីដ-១៩ មកផ្សារត្រាំខ្នារ គឺមានតែបិទហាង ហើយសម្រាកនៅផ្ទះទេ។ នៅផ្ទះមិនមានចំណូល និងគ្មានការងារធ្វើ»។ 
 

 
តរុណី មាឌល្អិត និងសម្បុរស ត្រូវផ្គត់ផ្គង់គ្រួសារ និងប្អូនប្រុស ដែលកំពុងរៀនវិទ្យាល័យ។ «ខ្ញុំត្រូវបង់ថ្លៃសាលា (ឯកជន) ប្អូនផង និងការចំណាយក្នុងគ្រួសារ។ បើនៅតែលក់មិនដាច់ ខ្ញុំត្រូវបង្ខំចិត្តបិទទ្វារសិន។ ខែមុនៗ លុយចំណេញ បានឲ្យថ្លៃឈ្នួលគេខែមុននេះ ប៉ុន្តែខែនេះ គឺមិនទាន់មានលុយទេ»។ នេះជាការបញ្ជាក់របស់ស្រីតី។ 

 
ដោយសារចំណូលធ្លាក់ចុះ ៧០ភាគរយ ស្រីតី ត្រូវផ្អាកការងាររបស់បុគ្គលិកខ្លួនមួយរូបសិន។ ប៉ុន្តែបើស្ថានភាពល្អប្រសើរឡើងវិញ ម្ចាស់ហាងសាឡននេះ នឹងជួលកូនជាងនោះមកវិញ។ ទន្ទឹមនឹងនេះ ស្រីតី ស្នើឲ្យម្ចាស់ផ្ទះបញ្ចុះតម្លៃខ្លះ ដើម្បីអាចមានលទ្ធភាពបង់ថ្លៃ និងបន្តរបរនេះទៅមុខ។ យុវតីកំព្រាឪពុករូបនេះ មិនចង់បិទហាងរបស់ខ្លួននោះទេ ដ្បិតថា វាជាប្រភពចំណូលសំខាន់សម្រាប់គ្រួសារ។ 
 
ផ្ទុយពីលោក ខាត់ សុខា និងស្រីតី ម្ចាស់ផ្ទះលក់សម្ភារប្រើប្រាស់ក្នុងផ្ទះ អ្នកស្រី គី ស្រីតូច នៅតែមានអតិថិជនមកទិញទំនិញរបស់អ្នកស្រីច្រើនគួរសម ដោយសារសម្ភារប្រើប្រាស់ក្នុងផ្ទះ ជារបស់ប្រើប្រាស់ចំបាច់ប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប។ របរនេះ ខុសពីការលក់ឧបករណ៍ប្រើប្រាស់បានច្រើនឆ្នាំ ដែលមិនងាយខូច តែក៏ធ្លាក់ចុះមួយចំនួនដែរ ចាប់តាំងពីជំងឺកូវីដ-១៩នេះ ឆ្លងច្រើនជាបន្តបន្ទាប់មក។  អ្នកស្រីលក់បានចំណូលប្រមាណ១លានរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ថយចុះពាក់កណ្ដាល បើធៀបនឹងស្ថានភាពធម្មតា ។  



លក់ធ្លាក់ចុះ មិនចាំបាច់ត្រូវបង់ថ្លៃឈ្នួល អ្នកស្រីនៅតែអាចផ្គត់ផ្គង់គ្រួសារបាន។ ស្ត្រីវ័យ២៣ឆ្នាំរូបនេះ សង្ឃឹមថា ជំងឺកូវីដ-១៩ នឹងត្រូវបានទប់ស្កាត់បាន ហើយពលរដ្ឋនៅតំបន់ជុំវិញផ្សារដ៏ធំនេះ នឹងមកផ្សារនេះច្រើនដូចមុន។ ម្ចាស់អាជីវកម្មរូបនេះ បញ្ជាក់ខ្លីដូច្នេះ៖ «ខ្ញុំលក់ដាច់ខ្លះ មិនដាច់ខ្លះរាល់ថ្ងៃ ហើយចំណូលធ្លាក់ចុះជាង៥០ភាករយ។ ប្រសិនបើកូវីដ-១៩ នៅតែបន្ត វាអាចប៉ះពាល់ដល់ជីវភាពខ្លាំងជាងនេះ»។ 
 

 
ថ្វីបើ អតិថិជន នៅតែមកទិញទំនិញផ្សារនេះ ម្ចាស់អាជីវកម្មកំពុងបារម្ភជំងឺកូវីដ-១៩ឆ្លងចូលសហគមន៍របស់ខ្លួន ដែលឈានដល់បិទផ្សារត្រាំខ្នារនេះបណ្ដោះអាសន្ន។ ការបិទផ្សារ នឹងកាត់ផ្ដាច់ចំណូលទាំងស្រុង។ ហេតុនេះហើយ ម្ចាស់ផ្ទះ និងតូបជួល ភាគច្រើន បន្តក្ដីរំពឹង លើវ៉ាក់សាំងការពារកូវីដ-១៩។ 
 
«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាចចាក់វ៉ាក់សាំងជូនពលរដ្ឋ ដែលប្រឈមនឹងឆ្លងនៅតាមបណ្ដាខេត្ត។ ពេលនោះ ការលក់ដូរ របស់យើង អាចប្រសើរឡើងវិញ»។ នេះជាការសង្ឃឹមរបស់លោក ខាត់ សុខា ដោយបន្ថែមថា អ្នកទិញ ភាគច្រើន ខ្លាចអ្នកលក់។ អតិថិជនរបស់លោកសុទ្ធតែពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ដ្បិតថា កន្លែងលក់របស់លោកទូលាយ និងមិនមានមនុស្សច្រើន។ 
 
ចំណែកឯ ស្រីតី សង្ឃឹមថា នឹងបានចាក់វ៉ាក់សាំងឆាប់ៗ ដើម្បីឲ្យអតិថិជនមកហាងរបស់ខ្លួនច្រើនដូចមុន។ យុវតីរូបនេះ សាទរចំពោះការវ៉ាក់សាំងនៅតាមបណ្ដាខេត្តដូច្នេះ៖ «ខ្ញុំគិតថា ប្រសិនគេ (រដ្ឋាភិបាល) អាចចាក់វ៉ាក់ជូនពលរដ្ឋបានច្រើន នោះគាត់អាចធ្វើដំណើរបានវិញ។ គាត់អាចមកផ្សារច្រើនដូចមុន និងមកហាងខ្ញុំច្រើនដែរ»។ 
ម្ចាស់អាជីវកម្មទាំងនេះ សុទ្ធតែរំពឹងថា បើរដ្ឋាភិបាល អាចចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមខេត្ត អាជីវកម្មរបស់ខ្លួន នឹងដំណើរការរលូនឡើងវិញ។ ពលរដ្ឋនៅជុំវិញផ្សារ នឹងមកទិញទំនិញផ្សេងៗធម្មតា។  ជាមួយគ្នានេះ រដ្ឋាភិបាល កំពុងចាក់វ៉ាក់សាំងជូនក្រុមអាទិភាពនៅតាមបណ្ដាខេត្ត ដល់គ្រូបង្រៀន មន្ត្រី បុគ្គលិកធនាគារ៕ 




 
 
 
 

Tag:
 បទយកការណ៍
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com