ជាតិ
បទយកការណ៍ / បទសម្ភាសន៍
របរលក់ទឹកកកឈូសតាមកង់ ជួយដោះទាល់ជីវភាពគ្រួសារលោក យឿន យន
19, Apr 2021 , 7:59 am        
រូបភាព
កណ្ដាល៖ ក្រោយពីជំងឺកូវីដ១៩ផ្ទុះខ្លាំង មិនអាចចេញទៅធ្វើការងារក្រៅភូមិបាន ហើយការងារសំណង់ និងការងារផ្សេងៗទៀត នៅក្នុងភូមិក៏ពុំសូវមានផង ជាហេតុនាំឱ្យលោក យឿន យន ចាប់របរលក់ទឹកកកឈូសតាមកង់ គ្រាន់ដោះទាល់ជីវភាពប្រចាំថ្ងៃ។ ទោះជាយ៉ាងណា លោក យឿន យន ពុំទាន់ដឹងថាលោកនឹងប្រកបរបរនេះ ដល់ពេលណាឡើយ អាស្រ័យលើស្ថានភាពជាក់ស្ដែង។
 
តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖




 
រស់នៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល លោក យឿន យន បានចាប់របរលក់ទឹកកកឈូស ដែលចេះតពីឪពុកទើបតែបានរយៈពេល៣ខែប៉ុណ្ណោះ ក្រោយពីលោកពុំអាចចេញទៅធ្វើការងារនៅឆ្ងាយស្រុកបាន ព្រោះតែការរីករាលដាលជំងឺកូវីដ-១៩។ ធ្លាប់ធ្វើជាងសំណង់ និងទៅស៊ីឈ្នួលកាច់ពោតឱ្យអ្នកភូមិ កាលពីមុនដែរ ប៉ុន្តែបច្ចុប្បន្ននេះ ការងារទាំងនោះ ក៏មិនសូវសម្បូរ ដែលជាហេតុនាំឱ្យលោកចាប់របរលក់ទឹកកក គ្រាន់ដោះទាល់ជីវភាពបានខ្លះ។ 
 
លោក យឿន យន បញ្ជាក់បន្ថែម៖«ពីមុនខ្ញុំធ្វើការងារសំណង់ បើមានការងារនៅស្រុក ខ្ញុំធ្វើនៅក្នុងស្រុក ប៉ុន្តែបើមិនមានទេ ខ្ញុំទៅធ្វើការនៅឆ្ងាយ។ ស្រុកមានជំងឺបែបនេះ ខ្ញុំមកនៅស្រុកគ្រាន់បានលក់ទឹកកក បានលុយបង់អង្គការខ្លះ។ ការងារនៅក្នុងស្រុកមានបន្តិចបន្តួច ធ្វើបាន១ថ្ងៃទៅ២ថ្ងៃក៏ហើយ អ៊ីចឹងខ្ញុំពិបាករកការងារទៀត ដល់អ៊ីចឹងខ្ញុំក៏ចាប់មុខរបរហ្នឹងទៅ គ្រាន់បានដោះស្រាយជីវភាព»។ 
 
មានអាយុ៣៧ឆ្នាំ បុរសសម្បុរខ្មៅមុខមូល ដែលពាក់ម៉ាសកំណាត់ពណ៌ទឹកប៊ិករូបនេះ ត្រូវចំណាយថ្លៃដើមទឹកកកក្នុងមួយថ្ងៃអស់ប្រមាណ៤ពាន់រៀល និងគ្រឿងផ្សំដើម្បីធ្វើទឹកស្ករសរុបប្រមាណជិត២ម៉ឺនរៀល។ មានកង់ខ្មែរចាស់មួយ ដោយដាក់ធុងទឹកកកស្នោទំហំប្រហែលមួយហត្ថការ៉េ ដាក់នៅរានកង់ខាងក្រោយ និងមានចងឈើអបតួកង់ ដើម្បីរៀបកន្លែងដាក់ដបទឹកស្ករ លោក យន ខំជិះកង់មួយនេះទៅលក់ឆ្ងងកាត់ពីភូមិមួយទៅភូមិមួយទៀត ក្រោមកម្ដៅថ្ងៃក្ដៅហួតហែង ទម្រាំងបានប្រាក់ចំណេញប្រហែល៣ម៉ឺនរៀលក្នុងមួយថ្ងៃ។


 
លោក យឿន យន បញ្ជាក់បន្ថែម៖«លក់មួយថ្ងៃបានប្រហែល៥ម៉ឺនរៀល ប៉ុន្តែកាត់ការចំណាយនៅសល់ប្រហែល៣ម៉ឺនអីហ្នឹង ព្រោះវាមិនសូវបានថ្លៃដែរ មួយកែវបានតែ៥រយរៀល នៅថ្លៃទឹកកក និងទឹកស្ករទៀត ឡើងថ្លៃគ្រប់យ៉ាង។ ខ្ញុំមានលក់មួយកែវ១ពាន់ដែរ ប៉ុន្តែមួយថ្ងៃលក់បានតែប្រហែល៥កែវទេ ភាគច្រើនលក់បានតែ៥រយ វាសមរម្យហូប។ ទឹកស្ករនេះខ្ញុំធ្វើខ្លួនឯង ធ្វើតពីឪពុករបស់ខ្ញុំ គាត់លក់តាំងពីខ្ញុំនៅក្មេងៗ ហើយគាត់បង្រៀនឱ្យខ្ញុំចេះធ្វើ»។
 
ដើម្បីចង់លក់ដាច់បានច្រើន អ្នកលក់ទឹកកកដោយប្រើឈើឈូស តាមបែបបុរាណរូបនេះ ខំធ្វើទឹកស្ករដោយខ្លួនឯង ដោយយករូបមន្តពីឪពុកដែលបានបង្រៀនខ្លួនតាំងតែពីក្មេង។ ចេញទៅលក់ចាប់ពីម៉ោង៨ឬ៩ព្រឹក បុរសពាក់អាវកបត់ដៃវែងពណ៌ទឹកប៊ិក និងស្លៀកខោពណ៌គគីជើងវែងរូបនេះ ថាក្នុងមួយថ្ងៃទាល់តែគាត់លក់អស់ទឹកស្ករចំនួន៦ដប ទើបអាចបានប្រាក់ចំណេញ៣ម៉ឺនរៀល៖«ទឹកស៊ីរ៉ូភ្លាវៗ ដាក់ទឹកកកហូបមិនកើតទេ ដូច្នេះខ្ញុំធ្វើទឹកស្ករ។ 
 
ទឹកស្ករនេះវាថ្លៃជាង ខ្ញុំទិញមួយគីឡូ៣ពាន់រៀលឯណោះ។ ខ្ញុំរម្ងាស់វារហូតដល់ដាច់ទឹក ហើយយើងលាយទឹករំចេកបន្តិចឱ្យវាក្រអូប។ ខ្ញុំគ្រាន់តែលាយទឹកស៊ីរ៉ូបន្តិច ដើម្បីឱ្យមានពណ៌។ មួយថ្ងៃខ្ញុំលក់អស់ ទើបបាន៥ម៉ឺនរៀល បើលក់មិនអស់ទេ ក៏មិនបានប្រាក់ប៉ុណ្ណេះដែរ»។


 
ឈរនៅចិញ្ចើមផ្លូវក្រោមម្លប់ដើមខ្នុរ ខាងមុខផ្ទះអ្នកភូមិ លោក យឿន យន ដែលមានកូន៥នាក់ បញ្ជាក់ពីគុណភាពនៃការរក្សាទុកទឹកស្ករដែលលោកធ្វើដូច្នេះ៖«បើលក់អស់ក៏អស់ បើមិនអស់ទេ ក៏ចែកបងប្អូនកូនក្មួយហូបទៅ។ ទឹកស្ករនេះខ្ញុំមិនដែលទុកដែរ មិនដឹងថាទុកបានប៉ុន្មានថ្ងៃទេ ព្រោះធ្វើលក់តែមួយថ្ងៃៗហ្នឹង ប៉ុន្តែខ្ញុំធ្លាប់ទុកហូបបានប្រហែល ២ទៅ៣ថ្ងៃដែរ។ ខ្ញុំលក់ដាច់ច្រើននៅពេលថ្ងៃ ប្រហែលម៉ោង១១ ឬម៉ោងជាង១១ ពេលដែលគេបាយហើយ គេហូបលាងមាត់»។  
 
នាម៉ោងជិត១២ថ្ងៃត្រង់ ក្រោមកម្ដៅថ្ងៃដ៏ក្ដៅ លោក យ៉ន ដែលឈរដាក់ជើងម្ខាងនៅលើកង់ ហើយជើងម្ខាងទៀតសម្រាប់ទប់លំនឹងខ្លួន ព្រមទាំងទប់កង់ពុំឱ្យដួលផងនោះ ថាលោកអាចលក់ទឹកកកឈូសនេះបានតម្លៃមួយកែវតែ៥រយរៀលប៉ុណ្ណោះ ដោយពិបាកនឹងលក់ថ្ងៃជាងនេះខ្លាំងណាស់។ 
 
ភ្នែកមើលទៅពូម្នាក់ដែលកំពុងអង្គុយយោលអង្រឹង ក្រោមដើមខ្នុរជិតចិញ្ចើមផ្លូវនៅក្បែរនោះ លោក យន ពន្យល់៖«គេចូលចិត្តហូបច្រើនដែរ ប៉ុន្តែវាមិនបានថ្ងៃ លក់បានតែ៥រយ វាមិនបានលុយច្រើន ១០កែវទើបបាន៥ពាន់ ចុះ៥ម៉ឺនយើងគិតមើលប៉ុន្មានកែវ? ច្រើនដែរ។ វាមិនសូវចំណេញទេ ប៉ុន្តែបើយើងមិនរក មិនដឹងទៅរកអ្វីឥឡូវ។ ខ្ញុំមិនមានដីធ្វើស្រែចម្ការទេ ហើយរាល់ថ្ងៃដីនៅផ្ទះក៏មិនមានដែរ មានតែដីនៅក្រោយម៉ែបន្តិច បើដីខ្លួនឯង មិនមានទេ»។



 
តាមពិតទៅលោក យឿន យន ក៏មានបំណងចង់ពង្រីកមុខរបររបស់ខ្លួននៅពេលនេះផងដែរ ប៉ុន្តែដោយកត្តាជីវភាពខ្វះខាត ទើបបានជាលោកទ្រាំធាក់កង់ដើរលក់ គ្រាប់បានចំណេញប្រាក់បន្តិចបន្តួចនេះ៖«ខ្ញុំចង់លក់ដាក់រទេះដែរ ប៉ុន្តែខ្ញុំអត់លុយទិញ។ នេះបើលក់ឆ្ងាយ ប្រហែលជាដាច់គ្រាន់បើដែរ ប៉ុន្តែខ្ញុំលក់បានជិត ពិបាកថាណាស់។ ខ្ញុំធាក់កង់ទៅលក់ដល់ដីបាក់ ខ្ញុំត្រឡប់មកវិញ។ កាលណាជិះលឿន ខ្ញុំខ្លាចស្ដាប់មិនឮ ដូច្នេះខ្ញុំជិះយឺតៗ ហើយគេហៅទិញមួយកែវឬពីរកែវអ៊ីចឹងទៅ។ កាលណាខ្ញុំទៅឆ្ងាយពេក វាហួសម៉ោង»។
 
ក្បិតតែរបរលក់ទឹកកកឈូស អាចជួយស្រោចស្រង់ជីវភាពគ្រួសាររបស់លោក យឿន យម ខណៈពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងននេះក៏ពិតមែន ប៉ុន្តែលោកក៏ពិបាកនឹងថែរក្សាវាបានយូរអង្វែងដែរ ព្រោះរបរនេះអាចលក់ដាច់បានតែខែក្ដៅនោះឯង៖«បើខ្ញុំនៅតែលក់ដាច់ ខ្ញុំចេះតែលក់បន្ត ប៉ុន្តែបើលក់មិនដាច់ទេ ខ្ញុំដូរទៀតទៅ។ ខ្ញុំធ្វើការឱ្យគេគិតថ្ងៃ ក៏បាន២ទៅ៣ម៉ឺនរៀល មិនលើសគ្នាដែរ។ បើលក់ដាច់ ខ្ញុំចេះតែលក់ តែបើខែភ្លៀង និងខែត្រជាក់លក់អត់ដាច់ទេ។ ខ្ញុំមិនបានរៀនសូត្រចេះដឹងអ្វី នឹងបានធ្វើការនឹងគេ អ៊ីចឹងខ្ញុំប្រែប្រួលតាមការងាររហូត។ ដល់ខែភ្លៀងខ្ញុំដើរធ្វើកម្មករគេ»។

 
មានកូន៥នាក់ ហើយកូនៗដែលគ្រប់អាយុសុទ្ធតែបានចូលរៀននៅសាលា បុរសដែលមានប្រពន្ធទើបសម្រាលកូនខ្ចី ដោយមិនអាចចេញទៅធ្វើការនៅខាងក្រៅផ្ទះបាន ក្រៅតែពីនៅមើលថែរក្សាកូនខ្ចីនោះ ក៏ធ្លាប់មានចិត្តខ្មាសមិត្តភក្ដិ និងញាតិក្នុងភូមិដែរ នៅពេលចេញលក់ដំបូង ក៏ប៉ុន្តែពេលនេះចិត្តខ្មាស បានរលាយអស់ហើយ៖«មុខរបរនេះមិនមានអ្នកណាគេថាឱ្យខ្ញុំទេ ប៉ុន្តែបើនិយាយពីរឿងហត់ គឺហត់ណាស់ណា ខ្ញុំដឹងខ្លួនថាហត់ ប៉ុន្តែខ្ញុំមិនដឹងថាធ្វើម៉េច ចេះតែរកទៅ។ 
 
ហើយបើធ្វើការឱ្យគេ ដូចជាកាច់ពោតអី កាច់បានតែ២ថ្ងៃ ឈប់៤ទៅ៥ថ្ងៃ ទើបបានមានគេហៅទៀត។ ខ្ញុំមិនដែលលក់ទឹកកកនេះទេ ខ្ញុំទើបតែមកលក់នេះ។ មុនដំបូងខ្ញុំខ្មាសមិត្តភ័ក្ដិដែរតើ គេនិយាយបញ្ឆិតបញ្ឆៀងដែរ ប៉ុន្តែធ្វើម៉េចខ្ញុំកូនច្រើន បើខ្ញុំខ្មាស តើកូនបានអ្វីហូប? ដូច្នេះខ្ញុំចេះតែតស៊ូ ដល់យូរទៅ ខ្ញុំស៊ាំទៅជាលែងខ្មាស»៕
 
 

Tag:
 ទឹកកក
  ទឹកកកឈូស
  កូវីដ១៩
 
© រក្សាសិទ្ធិដោយ thmeythmey.com