អន្តរជាតិ
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ចង់ចូលរួមកិច្ចប្រជុំពិសេសអាស៊ាននៅឥណ្ឌូណេស៊ី
19, Apr 2021 , 12:59 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា ធ្វើបាតុកម្មសម្តែងការគាំទ្ររដ្ឋាភិបាលស្រមោល។ រូបភាព៖ Reuters
ប្រជាជនមីយ៉ាន់ម៉ា ធ្វើបាតុកម្មសម្តែងការគាំទ្ររដ្ឋាភិបាលស្រមោល។ រូបភាព៖ Reuters
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា នៅថ្ងៃទី១៨ ខែមេសា បានជំរុញឱ្យអាស៊ានផ្តល់កៅអីមួយកន្លែងដល់ខ្លួននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ដែលនឹងត្រូវរៀបចំនៅឥណ្ឌូណេស៊ី ព្រោះមេដឹកនាំរបបយោធានឹងមានវត្តមានដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ក៏បានជំរុញឱ្យអាស៊ានកុំទទួលស្គាល់រដ្ឋាភិបាលយោធាផងដែរ។

 
ប្រសិនគ្មានការប្រែប្រួលទេ អាស៊ាននឹងរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំពិសេសមួយនៅថ្ងៃទី២៤ ខែមេសា ដើម្បីជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ ក្នុងកិច្ចប្រជុំនេះ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ក៏នឹងមានវត្តមានផងដែរ។ 
 
ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានជំរុញឱ្យអាស៊ាន ទុកកៅអីប្រជុំឱ្យខ្លួនមួយកន្លែងផងដែរ។ លោក Moe Zaw Oo អនុរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែមេសា កន្លងមក បានអះអាងថា អាស៊ាន មិនបានទាក់ទងមករដ្ឋាភិបាលខ្លួនឡើយ។ 
 
«ប្រសិនបើអាស៊ានចង់ដោះស្រាយស្ថានភាពមីយ៉ាន់ម៉ា អង្គការតំបន់នេះ នឹងមិនអាចសម្រេចអ្វីឡើយ ប្រសិនបើគ្មានការពិភាក្សាជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ»។ លោក Moe Zaw Oo បានប្រាប់វិទ្យុសំឡេងអាមេរិកជាភាសាមីយ៉ាន់ម៉ាបែបនេះ ដោយបន្ថែមថា វាចាំបាច់ដែលតម្រូវឱ្យមានការពិភាក្សាជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ ព្រោះវាមានការគាំទ្រពីសំណាក់ប្រជាជន។ 
 
លើសពីនេះ ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាមួយនេះ ក៏បានជំរុញឱ្យអាស៊ានកុំទទួលស្គាល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ។ ការហៅលោក មីន អ៊ុងឡាំង ឱ្យចូលប្រជុំនេះ ធ្វើឱ្យអាស៊ានរងការរិះគន់ និងត្រូវចោទថា ទទួលស្គាល់របបសឹក។
 
រដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬរដ្ឋាភិបាលស្រមោលនេះ ត្រូវបានបង្កើតឡើងដោយក្រុមតំណាងរាស្រ្ត ដែលត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារនៅពេលកន្លងទៅ។ រដ្ឋាភិបាលស្រមោលនេះ ក៏មានការចូលរួមពីសំណាក់អ្នកនយោបាយតំណាងឱ្យក្រុមជនជាតិភាគតិចផងដែរ។ 
 
គួរបញ្ជាក់ថា មកទល់ពេលនេះ បាតុកម្មមីយ៉ាន់ម៉ា នៅតែបន្តកើតមាននៅក្នុងប្រទេសជារៀងរាល់ថ្ងៃ ដើម្បីប្រឆាំងនឹងក្រុមយោធា ក៏ដូចជាគាំទ្ររដ្ឋាភិបាលបង្រួបបង្រួមជាតិ។ ទោះការបង្រ្កាបពីសំណាក់ក្រុមប៉ូលិសមីយ៉ាន់ម៉ា ដែលបង្កឱ្យមានមនុស្សស្លាប់ក៏ដោយ ក្រុមបាតុករនៅតែមិនព្រមបញ្ឈប់ការព្យាយាមរបស់ខ្លួនទេ។ 
 
មកទល់ពេលនេះ អ្នកស្លាប់ដោយសារការបង្រ្កាបពីសំណាក់រដ្ឋាភិបាលយោធា បានកើនដល់៧៣០នាក់ហើយ ខណៈអ្នកដែលត្រូវបានចាប់ខ្លួនមានរហូតដល់ជាច្រើនពាន់នាក់៕ 
 

Tag:
 មីយ៉ាន់ម៉ា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com