អត្ថបទពាណិជ្ជកម្ម
វីង ត្រូវបានផ្តល់អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ជាធនាគារពាណិជ្ជ
19, Apr 2021 , 3:49 pm        
រូបភាព
 វីង បានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។ អាជ្ញាប័ណ្ណនេះ អនុញ្ញាតឱ្យវីង ធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។


លោក គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារវីង បានមានប្រសាសន៍ថា៖ ”នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់យើង ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីជួយដល់កំណើនសេដ្ឋកិច្ច។ ជាមួយនឹងបច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយ អំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ងារវីង និងដៃគូរបស់យើងទាំងអស់ ប្រឹងប្រែងរួមគ្នា ដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈ ការផ្តល់ឧបករណ៍ហិរញ្ញវត្ថុ ដល់ប្រជាជនមិនស្ថិតក្នុងបណ្តាញធនាគារ។”


 
ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារវីង អាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើន ដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើពីសាធារណជនជាដើម។ សេវាកម្មទាំងនេះ នឹងបំពេញបន្ថែម លើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថល របស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូន តាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីង ដែលមានជាង ៩.៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង។ វីង នឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួនដូចធម្មតា ដោយគ្មានការប៉ះពាល់ដល់សេវាកម្ម ដែលមានស្រាប់ ដែលត្រូវបានផ្តល់ជូន តាមរយៈភ្នាក់ងារវីង និងកម្មវិធីស្មាតហ្វូនវីងឡើយ។
 


លោក Manu Rajan អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “យើងប្តេជ្ញាធានាឲ្យបានថា ការវិវត្តខ្លួនក្លាយជាធនាគារពាណិជ្ជរបស់យើង មានឥទ្ធិពលជាវិជ្ជមាន ទៅលើសហគមន៍ ដៃគូអាជីវកម្ម និងអ្នកចូលរួមក្នុងទីផ្សារផ្សេងៗទៀតរបស់យើង។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូ និងសាធារណជន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា” ។
 
អាជ្ញាប័ណ្ណ ដែលទទួលបានពីធនាគារជាតិនៃកម្ពុជានេះ នឹងពង្រឹងចក្ខុវិស័យរបស់វីង ក្នុងការធ្វើឱ្យប្រសើរឡើង នូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដែលមិនស្ថិតក្នុងបណ្តាញធនាគារ។ ចាប់តាំងពីត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៩ វីង បានខិតខំផ្តល់អំណាច ដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់លទ្ធភាព ក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលអាចទុកចិត្តបាន ងាយស្រួល និងមានសុវត្ថិភាព។
 







(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Wing
© រក្សាសិទ្ធិដោយ thmeythmey.com