ជាតិ
ផ្សារចំនួន៤ ក្នុងខណ្ឌពោធិ៍សែនជ័យត្រូវបានផ្អាកបណ្ដោះអាសន្ន
19, Apr 2021 , 5:29 pm        
រូបភាព
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ(រូបភាព៖ ហ្វេសប៊ុក)
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ(រូបភាព៖ ហ្វេសប៊ុក)
ដោយ:
ភ្នំពេញ៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ សម្រេចបិទផ្សារចំនួន៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

 
បើតាមរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្សារដែលត្រូវបិទរួមមាន ផ្សារសេនជូរីផ្លាហ្សា ផ្សារទួលពង្រ ផ្សារឯករាជ្យ១ និងផ្សារត្រពាំងថ្លឹង។ គោលបំណងក្នុងការបិទផ្សារទាំង៤នេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
 
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏អំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងអ្នកពាក់ព័ន្ធធ្លាប់ចេញ-ចូល ផ្សារខាងលើនៅថ្ងៃទី៥ មេសា ដល់ថ្ងៃទី១២ មេសា បើមានអាការសង្ស័យណាមួយ ទាក់នឹងជំងឺកូវីដ-១៩ ត្រូវទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកជាបន្ទាន់។
 
ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេលចុងក្រោយចំនួនអ្នកឆ្លងកូវីដ-១៩ បានកើនឡើងយ៉ាងគំហុក ហើយកន្លងមកអាជ្ញាធរ ក៏បានបិទផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ ដូចជាផ្សារអូរឫស្សី ផ្សារចាស់ ផ្សារដើមគ និងផ្សារនាគមាស ផ្សារមួយចំនួនទៀតក្នុងរាជធានី-ខេត្ត និងទីតាំងជាច្រើនទៀត ដែលបានផ្ទុះជំងឺកូវីដ-១៩ រួមទំាងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com