COVID-19
ជាតិ
បុរសខ្មែរម្នាក់វិជ្ជមានកូវីដ-១៩នៅកំពង់ចាម ដែលជាកម្មកររោងចក្រ សានសឹង នៅភ្នំពេញ មណ្ឌលចត្តាឡីស័កករបស់រដ្ឋបាលខេត្តកំពង់ចាម នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម។ រូបភាពពីហ្វេសប៊ុកផេក រដ្ឋបាលខេត្តកំពង់ចាម
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី១៩ ខែមេសានេះ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ រស់នៅខេត្តកំពង់ចាម និងជាកម្មកររោងចក្រ សាន សឹង នៅរាជធានីភ្នំពេញ។
រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា បុរសខ្មែរដែលឆ្លងកូវីដ-១៩ មានឈ្មោះ អ៊ុក សាឌី អាយុ ២៦ឆ្នាំ រស់នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងមុខរបរជាកម្មកររោងចក្រ សាន សឹង ក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នបុរសនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
បើតាមរដ្ឋបាលខេត្តកំពង់ចាម បុរសនេះសម្រាកការងាររោងចក្រ ចាប់ពីថ្ងៃទី៧ ដល់១៣មេសា ដោយសារជិះម៉ូតូដួល ។ បន្ទាប់ពីមានរបួសនេះ បុរសខាងលើ បានធ្វើដំណើរដោយម៉ូតូ ជាមួយមិត្រភក្ដិម្នាក់ទៀត ឈ្មោះ ហេង កុសល ភេទប្រុស ជាកម្មករសំណង់ នៅបែកចានរាជធានីភ្នំពេញ ទៅស្រុកកំណើត ។ នៅតាមផ្លូវទៅកាត់ស្រុកកំណើត ក្នុងភូមិថ្មី(ខ) បុរសរូបនេះ បានឈប់ចាក់សាំង នៅតូបមួយកន្លែង នៅម្ដុំរកាកោង ស្រុកកំពូល រួចជិះមកដល់ស្រុកកំណើត និងបានជួបជុំទទួលទានគ្រឿងស្រវឹង ជាមួយនឹងមនុស្សចំនួន១៤នាក់ផ្សេងទៀត។
បើតាមការរៀបរាប់ របស់រដ្ឋបាលខេត្តកំពង់ចាម អ្នកជាប់ប៉ះពាល់ដោយផ្ទាល់ជាមួយបុរសឈ្មោះ អ៊ុក សាឌី ទាំង១៤នាក់ រួមមាន ក្រុមគ្រួសារអ្នកជំងឺ ០៦នាក់, អ្នកចូលរួមជួបជុំទទួលទានគ្រឿងស្រវឹង ០៧នាក់ និងអ្នករួមដំណើរពីភ្នំពេញម្នាក់ផងដែរ។ បច្ចុប្បន្នអ្នកទាំង ១៤នាក់នេះ ត្រូវបាននាំខ្លួនទៅធ្វើចត្តាឡីស័ករដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវ ស្វែងរកទីតាំង និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ នឹងបុរសខាងលើ ទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរបង្អែកជិតលំនៅដ្ឋាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងកម្មករ កម្មការិនី មិត្រភក្ដិលោក អ៊ុក សាឌី ដែលធ្លាប់ទាក់ទង ត្រូវអនុវត្តវិធានការការពារ ឲ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបផងដែរថា នៅថ្ងៃទី១៨ ខែមេសា ក៏មានស្ត្រីខ្មែរវិជ្ជមានកូវីដ-១៩ ឈ្មោះ ឡេង ចាន់ថេង វ័យ៤៥ឆ្នាំ ជាអាជីវករផ្សារចាស រាជធានីភ្នំពេញ និងបានទៅស្រុកកំណើត នៅខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនាដែរ៕
Tag:
ThmeyThmey25
កំពង់ចាម
អ៊ុក សាឌី
រោងចក្រ សាន សឹង
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com