COVID-19
ជាតិ
អាជ្ញាធរយកទីតាំងកីឡដ្ឋានក្រុងតាខ្មៅ ធ្វើជាផ្សារលក់ដូរបណ្តោះអាសន្នសម្រាប់អ្នកតាខ្មៅ
19, Apr 2021 , 10:29 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ កីឡដ្ឋានក្រុងតាខ្មៅ បានក្លាយជាទីផ្សារលក់ដូរបន្លែ ត្រី សាច់ បណ្តោះអាសន្ន សម្រាប់ពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅ អំឡុងពេលបិទខ្ទប់ក្រុងនេះ
ស្របពេលដែលផ្សារតាខ្មៅចាស់ និងផ្សារតាខ្មៅថ្មី ត្រូវបិតរយៈពេល១៤ថ្ងៃ។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

 
អាជ្ញាធរខេត្តកណ្តាល បានយកទីតាំងកីឡដ្ឋានក្រុងតាខ្មៅ ធ្វើជាផ្សារលក់ដូរ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគ បរិភោគផ្សេងៗបណ្តោះអាសន្ន សម្រាប់ពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅ អំឡុងពេលបិទខ្ទប់ក្រុង។ ផ្សារបណ្តោះអាសន្ននេះ ត្រូវបានអាជ្ញាធររៀបចំឡើង បន្ទាប់ពីផ្សារតាខ្មៅចាស់ និងផ្សារតាខ្មៅថ្មី ត្រូវបានបិទរយៈពេល១៤ថ្ងៃ ដោយសារភាពចង្អៀតណែន ដែលជាហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
 
ផ្សារបណ្តោះអាសន្ននេះ ត្រូវបានអាជ្ញាធររៀបចំឡើង ដោយរក្សាគម្លាតពីគ្នា យ៉ាងហោច ១ម៉ែត្រកន្លះ  ហើយអាជីវករដែលមកលក់នៅទីនេះទាំងអស់ នេះ មិនត្រូវបានគិតថ្លៃកជួល ឬភាស៊ីទេ។ នេះបើតាមការអះអាងរបស់អភិបាលខេត្តកណ្តាល។


 រូបភាពពីហ្វេសប៊ុកផេក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល

ក្រៅពីរៀបចំឱ្យអាជីវករលក់ដូរហើយនោះ លោក គង់ សោភ័ណ្ឌ ដែលបានចុះត្រួតពិនិត្យមើលការលក់ដូររបស់អាជីវករនៅផ្សារនេះ កាលពីរសៀលថ្ងៃទី ១៧ មេសានោះ បានអំពាវនាវ ឱ្យអាជីវករ អនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានអនាម័យ និងគោរពវិធានការ ៣កុំ ៣ការពារ។ មិនតែប៉ុណ្ណោះ លោក គង់ សោភ័ណ្ឌ ក៏ទទូចឱ្យឱ្យអាជីវករ កុំឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញផងដែរ។
សូមជម្រាបថា វិធានការបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ដែលបង្កើនលក្ខខណ្ឌដ៏តឹងរ៉ឹងបន្ថែមទៀត ទាក់ទងនឹងបែបបទធ្វើដំណើរ៕
 
 
 

Tag:
 ThmeyThmey
  ក្រុងតាខ្មៅ
  ផ្សារតាខ្មៅចាស់
  ផ្សារតាខ្មៅថ្មី
  កណ្ដាល
  គង់ សោភ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com