រដ្ឋបាលខេត្តបាត់ដំបងបន្តបិទផ្នែកខ្លះទៀត នៃផ្សារចំនួន១០ ដល់ថ្ងៃទី២៨មេសា
ជាតិ
រដ្ឋបាលខេត្តបាត់ដំបងបន្តបិទផ្នែកខ្លះទៀត នៃផ្សារចំនួន១០ ដល់ថ្ងៃទី២៨មេសា
19, Apr 2021 , 10:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេក រដ្ឋបាលក្រុងបាត់ដំបង
រូបភាពពីហ្វេសប៊ុកផេក រដ្ឋបាលក្រុងបាត់ដំបង
ភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង សម្រេចបន្តបិទផ្នែកខ្លះនៃផ្សារចំនួន១០ ក្នុងខេត្តបាត់ដំបង រយៈពេល ៨ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២១ មេសា ដល់ថ្ងៃទី២៨ មេសា។ លោក ងួន រតនៈ បានបញ្ជាក់ថាការបន្តបិទផ្នែកខ្លះនៃផ្សារនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

 
បើតាមរដ្ឋបាលខេត្តបាត់ដំបង ផ្សារទាំង៨ នោះរួមមាន ផ្សារធំបាត់ដំបង(ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សាររោងល្ខោន ផ្សារភួពុយ ផ្សារអប្សរាផ្សារលើ ផ្សារវត្តលៀប ផ្សារពោធិវង្សផ្សារ ផ្សារថ្មីថ្មគោល និងផ្សារឃុំជ្រៃ។ 
 
ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបងបានរៀបរាប់ដូច្នេះ៖«បន្តបិទផ្នែកខ្លះនៃផ្សារ ក្នុងខេត្តបាត់ដំបង ដោយអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារ ដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ»។
 
មូលហេតុនៃការបិទផ្នែកខ្លះនៃផ្សារខាងលើ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ធ្លាប់បានពន្យល់ថា ការបិទផ្នែកខ្លះនៃផ្សារ គឺបិទកន្លែងណា ដែលមានសភាពងងឹង គ្មានខ្យល់ចេញចូលប៉ុណ្ណោះ និងលក់អ្វីដែលមិនមែនជាតម្រូវចាំបាច់។ 
 
បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ មេសា សម្រាប់អាជីវករដែលរដ្ឋបាលខេត្ត អនុញ្ញាតឲ្យលក់ដូរបន្តនេះ គឺត្រូវអនុវត្តតាមតាមវិធានសុខាភិបាល ក្នុងការរក្សាគម្លាតសង្គម និងគម្លាតបុគ្គល ពាក់ម៉ាស់ និងលាងដៃជាដើម។ 
 
ក្រៅពីភ្នំពេញ ដែលជាកន្លែងហានិភ័យខ្ពស់ទាក់ទងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រួមមានខេត្តដទៃដូចជា ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com