អន្តរជាតិ
អង់គ្លេស ចាប់ផ្ដើមសិក្សាលើលទ្ធភាពឆ្លងកូវីដ-១៩ លើបុគ្គលធ្លាប់ឆ្លងម្ដងហើយ និងកម្រិតភាពស៊ាំ
20, Apr 2021 , 8:29 am        
រូបភាព
ដោយ៖ ឈួ ស៊ាវយីងជាវ
 
នៅថ្ងៃទី១៩ ខែមេសា ក្រុមអ្នកវិទ្យាសាស្រ្តអង់គេ្លសចាប់ផ្តើមការសាកល្បងមួយលើលទ្ធភាពដែលបុគ្គលធ្លាប់ឆ្លងជំងឺកូវីដ-១៩ ម្ដងហើយ អាចឆ្លងវីរុសលើកទីពីរឬយ៉ាងណា។ ក្នុងការធ្វើតេស្តនេះ អ្នកដែលសះស្បើយពីកូវីដ-១៩ នឹងត្រូវដាក់ឱ្យប្រឈមមុខនឹងវីរុស ក្នុងគោលដៅតាមដានការឆ្លើយតបរបស់ភាពសុំាផង និងតាមដានការចម្លងជាលើកទី២ផង។

 
កាលពីខែកុម្ភៈ អង់គ្លេសក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលចាប់ផ្តើមការសាកល្បងមួយដែលឱ្យអ្នកស្ម័គ្រចិត្តប្រឈមមុខការឆ្លងជំងឺកូវីដ-១៩ លើកដំបូង ដើម្បីស្រាវជ្រាវឱ្យបានស៊ីជម្រៅពីជំងឺដែលបណ្ដាលមកពីវីរុស SARs-Cov-2 ។ នាថ្ងៃទី១៩ ខែមេសា អង់គ្លេស ក៏ចាប់ផ្ដើមការសិក្សាមួយទៀត ដោយលើកនេះគេសិក្សាពីលទ្ធភាពឆ្លងជំងឺកូវីដ-១៩ លើកទីពីរ និងប្រព័ន្ធភាពស៊ាំវិញម្ដង។
 
លោកស្រី Helen Mcshane អ្នកជំនាញផ្នែកវ៉ាក់សាំងនៃសាកលវិទ្យាល័យ Oxford ដែលដឹកនាំការសិក្សានេះ លើកឡើងថា លទ្ធផលដែលទទួលបានពីការពិសោធនឹងផ្ដល់ព័ត៌មានដើម្បីបង្កើនគុណភាពវ៉ាក់សាំង និងការព្យាបាលប្រសើរជាងមុន។ លោកស្រីបន្តថា វាក៏ជួយអ្នកវិទ្យាសាស្រ្តដឹងថា អ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ អាចមានការការពារពីប្រព័ន្ធភាពស៊ាំឬអត់ ហើយបើមាន បានរយៈពេលប៉ុន្មានដែរ។
 
ការពិសោធ នេះនឹងជួយយើងឱ្យដឹងពីសកម្មភាពឆ្លើយតបរបស់ប្រព័ន្ធការពារប្រឆាំងនឹងការឆ្លងលើកទី២។ នេះជាការបញ្ជាក់របស់លោកស្រី McShane ដែលត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Reuters ។
 
ការពិសោធនេះ ត្រូវបែកចែងជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង គេនឹងបង្កើតបរិមាណកម្រិតទាបបំផុតនៃវីរុសកូវីដ-១៩ ចាំបាច់សម្រាប់ចម្លងលើអ្នកស្ម័គ្រចិត្តប្រមាណ៥០ភាគរយ ដោយការចម្លងនេះ នឹងមានរោគសញ្ញាតិចតួច និងគ្មានសោះ។ ដំណាក់កាលទីពីរ ចាប់ផ្ដើមនៅរដូវក្ដៅខាងមុខ ដោយមានលក្ខខណ្ឌដដែល តែអ្នកចូលរួមផ្សេងគ្នា។
 
អ្នកចូលរួមក្នុងដំណាក់កាលដំបូងមាន៦៤នាក់ ដែលមានសុខភាពរឹងមាំ, មានវ័យចន្លោះ១៨-៣០ឆ្នាំហើយជាសះស្បើយពីជំងឺកូវីដ-១៩ យ៉ាងតិច៣ខែ។ ពួកគេ តម្រូវឱ្យឆ្លងវីរុស SARs-CoV-2 ទម្រង់ដើមម្តងទៀត។ ពួកគេ ត្រូវធ្វើចត្តាឡីស័កយ៉ាងហោចណាស់១៧ថ្ងៃ ដើម្បីត្រួតពិនិត្យ។ បើចេញរោគសញ្ញា ពួកគេនឹងទទួលថ្នាំ Regeneron សម្រាប់ការព្យាបាល។
គួរបញ្ជាក់ថា ជាច្រើនទសវត្សគន្លងមកហើយ អ្នកវិទ្យាសាស្រ្តបានប្រើប្រាស់មនុស្សក្នុងការធ្វើពិសោធន៍ស្វែងយល់អំពីជំងឺផ្សេងៗដូចជា គ្រុនចាញ់ ផ្តាសាយ គ្រុនពោះវៀន និងអាសន្នរោគ ដើម្បីបង្កើនគុណភាពថ្នាំព្យាបាល និងវ៉ាក់សាំងប្រឆាំងនឹងមេរោគទាំងនោះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com