អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស លុបចោលទស្សនកិច្ចទៅឥណ្ឌាព្រោះព្រួយបារម្ភពីស្ថានភាពកូវីដ-១៩
20, Apr 2021 , 2:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបថត AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបថត AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន  បានលុបចោលដំណើរទៅឥណ្ឌាដែលគ្រោងនឹងធ្វើឡើងនៅ សប្តាហ៍ក្រោយ។ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសបែបនេះនៅថ្ងៃទី១៩ ខែមេសា។  ស្ថានភាពជំងឺកូវីដ-១៩ នៅឥណ្ឌានាពេលបច្ចុប្បន្នដែលកំពុងរីករាលដាលខ្លាំង ជាហេតុផលនាំឱ្យ លោក ចនសុន មិនទៅប្រទេសអតីតអាណានិគមរបស់អង់គ្លេសមួយនេះ។


«ជាមួយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅឥណ្ឌាបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្រ្តី បូរីស ចនសុន នឹងមិនធ្វើដំណើរទៅឥណ្ឌា នាសប្តាហ៍ក្រោយបានទេ»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមពី រដ្ឋាភិបាលអង់គ្លេសនិងឥណ្ឌាដែលចេញផ្សាយដោយការិយាល័យរបស់លោក ចនសុន ។ គម្រោង ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ពេលលោកចូលរួម ក្នុងកិច្ចប្រជុំស្តីពីអាកាសធាតុដែលរៀបចំឡើងដោយអង់គ្លេសនៅដើមឆ្នាំនេះ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដំណើរទស្សនកិច្ចរបស់លោក ចនសុន មានគោលបំណងពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មកម្មអន្តរជាតិ បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប។ ការវិនិយោគ និងកិច្ចសហ ប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមមានសន្តិសុខជាតិ វិស័យសុខាភិបាល និងបម្រែបម្រួលអាកាសធាតុ ជាដើម ក៏ស្ថិតក្នុងគម្រោងរបៀបវារៈត្រូវជជែកដែរ។ ឥណ្ឌា ជាផ្នែកសំខាន់នៃមហិច្ឆតារបស់អង់គ្លេស ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មឡើងវិញជាមួយប្រទេសនៅខាងក្រៅតំបន់អឺរ៉ុប និងដើម្បីពង្រីក ឥទ្ធិពលនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផង។ 
ទោះដំណើរទៅឥណ្ឌាត្រូវលុបចោលក្ដី លោក ម៉ូឌី និងលោក ចនសុន នឹងចរចាគ្នាពីចម្ងាយនៅចុងខែ នេះដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងនានា និងដាក់ចេញនូវផែនការប្រកបដោយមហិច្ឆតាសម្រាប់ភាព ជាដៃគូក្នុងពេលអនាគតរវាងអង់គ្លេសនិងឥណ្ឌា។ ក្នុងសេចក្ដីថ្លែងការណ៍ខាងលើ មេដឹកនាំទាំងពីរ នឹងនៅតែទាក់ទងគ្នាជាទៀងទាត់ ព្រមទាំងរង់ចាំជួបផ្ទាល់នៅចុងឆ្នាំនេះផងដែរ។
 
សូមបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឥណ្ឌាមួយរយៈចុងក្រោយនេះ មានសភាពធ្ងន់ធ្ងរ យ៉ាងខ្លាំង។ ឥណ្ឌាមានករណីឆ្លងថ្មីបន្ថែមប្រចាំថ្ងៃជាង២០ម៉ឺនករណីចំនួន៥ថ្ងៃជាប់ៗគ្នាមកហើយ។ គិតក្នុងថ្ងៃទី២០ ខែមេសា ឥណ្ឌាមានករណីឆ្លងថ្មីបន្ថែមជាង២៥ម៉ឺនករណី ដែលធ្វើឱ្យតួលេខវិជ្ជមាន កើនឡើងដល់ជាង១៥លាននាក់។ 
លើសពីនេះ រដ្ឋធានីញូវដេលី ក៏ត្រូវបានដាក់ឱ្យនៅក្រោមវិធានការបិទខ្ទប់ រយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី ២០ ខែមេសានេះទៅផងដែរ៕
 

Tag:
 អង់គ្លេស
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com