ជាតិ
អាជ្ញាធរ ឃាត់ខ្លួននិងពិន័យអ្នកល្មើសច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ជាង៥០នាក់នៅព្រះសីហនុ អ្នកល្មើសបម្រាមនៃច្បាប់ទប់ស្កាត់ការរាលដាលកូវីដ-១៩ នៅព្រះសីហនុ។ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
× ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួននិងពិន័យអ្នកល្មើសច្បាប់ទប់ស្កាត់ការរាលដាលកូវីដ-១៩ ជាង៥០នាក់ហើយ ចាប់តាំងពីមានវិធានការបិទខ្ទប់នៅខេត្តព្រះសីហនុ ។ នេះបើតាមអ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃៀង ឃារម្យ ។
លោក ឃៀង ភារម្យ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា អ្នកល្មើសទាំងនេះ គឺភាគច្រើនគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យ មិនពាក់ម៉ាស់ និងគេចចេញពីមណ្ឌលចត្តាឡីស័ក ។
«អ្នកល្មើសបម្រាមមានអ្នកគេចវេះពីកន្លែងត្រួតពិនិត្យចត្តាឡីស័កមានជាង៤០ករណី ហើយក្រុមការងារក៏បានឃាត់ខ្លួនហើយពិន័យតាមច្បាប់អន្តរការណ៍។ ករណីទីពីរ គឺមិនពាក់ម៉ាស់មានជាង១០នាក់ ហើយទីបី គឺគេចចេញពីកន្លែងចត្តឡីស័កមាន២នាក់ បានបញ្ជូនទៅតុលាការហើយ»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យខេត្តព្រះសីហនុ ដោយបន្ថែមថា រដ្ឋបាលខេត្តអនុញ្ញាតឲ្យតែរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ ឬពលរដ្ឋណាពិតជាមានភាពចាំបាច់ផ្ទាល់ខ្លួនចេញពីខេត្តប៉ុណ្ណោះ ក្រោយពិនិត្យ និងសាកសួរពីសំណាកអាជ្ញាធរ។
បើតាមលោក ភារម្យ ខេត្តព្រះសីហនុ បានប្រកាសសម្រេចផ្អាកអាជីវកម្មសេវាដឹកជញ្ជូនអ្នកធ្វើដំណើរគ្រប់ប្រភេទ កាលពីថ្ងៃទី៤មីនា ។ ចំពោះពលរដ្ឋដែលកំពុងនៅខេត្តព្រះសីហនុ ត្រូវផ្អាកធ្វើដំណើរចេញ-ចូលមួយរយៈផងដែរ។
ចំណែករថយន្តដឹកទំនិញ ដែលត្រូវបានអនុញ្ញាតចេញ-ចូល គឺកម្រិតឲ្យមានតែមនុស្ស២នាក់ប៉ុណ្ណោះ។ ការអនុវត្តបែបនេះ រហូតទាល់តែមានសេចក្ដីជូនដំណឹងថ្មី ពីរដ្ឋបាលខេត្តព្រះសីហនុ។ នេះបើតាមអ្នកនាំពាក្យខេត្តព្រះសីហនុ។
សូមជម្រាបថា ច្បាប់ស្ដីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅមាត្រា១០ ចែងថា អ្នកមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ លើសពីនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល ប្រសិនបើបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ បើករណីនេះ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥លានទៅ២០លានរៀល។
ចំពោះករណីល្មើសបទរារាំងដល់ការអនុវត្តវិធានការ មាត្រា១១នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយពិន័យពី២ទៅ១០លានរៀល។ បទរារាំងដល់ការអនុវត្តវិធានការនេះ ត្រូវជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥ទៅ២០លានរៀល ប្រសិនបណ្ដាលឲ្យមានការឆ្លងកូវីដ-១៩ដល់អ្នកដទៃ ឬប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ៕
Tag:
ព្រះសីហនុ
ល្មើសបម្រាម
© រក្សាសិទ្ធិដោយ thmeythmey.com