ជាតិ
ព្រះសីហនុ៖ ១៣៣នាក់ទៀតវិជ្ជមានកូវីដ-១៩ ក្នុងនោះ១០៤នាក់ ជាអាជីវករផ្សារលើ និងអ្នកពាក់ព័ន្ធ
20, Apr 2021 , 6:29 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
មនុស្សចំនួន ១៣៣ នាក់ទៀតត្រូវបានរកឃើញឆ្លងកូវីដ-១៩ នៅព្រះសីហនុ ក្នុងនោះ១០៤នាក់ ជាអាជីវករផ្សារលើ និងពលរដ្ឋអ្នកពាក់ព័ន្ធអាជីវករផ្សារលើ។
នេះបើតាមរបាយការណ៍ដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ដែលចេញផ្សាយនៅថ្ងៃទី២០ មេសានេះ។


ក្រសួងសុខាភិបាល បានប្រកាសពីតួលេខសរុបអ្នកវិជ្ជមានកូវីដ-១៩ នៅព្រះសីហនុ ចំនួន១៣៣នាក់។ ដោយឡែករដ្ឋបាលខេត្តព្រះសីហនុ
បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងត្រឹម ១០៤នាក់ប៉ុណ្ណោះ ដោយក្នុងចំណោមនោះមានពលរដ្ឋរស់នៅសង្កាត់លេខ៤ មានចំនួនច្រើនជាងគេគឺ ៦៣នាក់ ក្រៅពីនោះជា គ្រួសារ
អាជីវករផ្សារលើ ព្រមទាំងពលរដ្ឋរស់នៅសង្កាត់លេខ១ ដល់លេខ៣ជាដើម។ រីឯ ចំនួន២៩នាក់ទៀតក្រសួងសុខាភិបាលមិនបានបញ្ជាក់អត្តសញ្ញាណឡើយ។ 

រដ្ឋបាលខេត្តព្រះសីហនុក៏បានបន្តអំពាវនាវដល់ អាជីវករ និងពលរដ្ឋ ដែលធ្លាប់ទាក់ទងដោយផ្ទាល់និងប្រយោលជាមួយអ្នកជំងឺ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីប្រញាប់ទៅធ្វើតេស្តនិងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ករណីមានរោគសញ្ញាសង្ស័យ
ត្រូវទំនាក់ទំនងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈលេខ ០១២ ៧៩៤ ៨៩៦ និង០១៦ ៥២៦  ៥២០។  

សូមជម្រាបថាអាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទផ្សារលើ ក្រុងព្រះសីហនុ បណ្តោះអាសន្ន ចាប់ពីថ្ងៃទី
១៦ ដល់ថ្ងៃទី២៩មេសា។បន្ទាប់ពីរកឃើញអាជីវករក្នុងផ្សារមានវិជ្ជមានកូវីដ-១៩។ លើសពីនេះនៅថ្ងៃទី២០ មេសានេះ អាជ្ញាធរ បានបិទអាជីវកម្មលក់ដូរទាំងអស់
នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន) រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់៣ឧសភា។ ដ្បិតអាជ្ញាធរមិនបញ្ជាក់ពីការឆ្លងរបស់អាជីវករនៅផ្សារនេះក្ដី
តែអាជ្ញាធរ បានតម្រូវឱ្យអាជីវករទាំងអស់ ទៅធ្វើតេស្តរកកូវីដ-១៩និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវផងដែរ។

មកដល់ពេលនេះកម្ពុជាមានឆ្លងកូវីដ-១៩ រហូតដល់ ៧,៤៤៤នាក់ ដោយនៅក្នុងនោះ មាន៦,៨៩៩នាក់ ជាអ្នកឆ្លងពីព្រឹត្តិការណ៍២០កុម្ភៈ។  កម្ពុជា មានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន២,៥៥៥នាក់ខណៈមាន៤៩នាក់ បានបាត់បង់ជីវិត ដោយសារជំងឺនេះ៕ 
 
 

Tag:
 កូវីដ-១៩
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com