COVID-19
ជាតិ
មានតែ​អាជីវកម្ម​ទាក់ទង​នឹង​គ្រឿងឧបភោគ បរិភោគ អាច​បន្ត​បើក​តូប​លក់​ក្នុង​ផ្សារ​ព្រែក​ជ្រៃ​
20, Apr 2021 , 7:52 pm        
រូបភាព
 ​ភ្នំពេញ​៖ គណៈ​គ្រប់គ្រង​ផ្សារ​ព្រែក​ជ្រៃ សម្រេច​បិទ​អាជីវកម្ម​លក់ដូរ​មួយចំនួន​នៅក្នុង​ផ្សារ​ លើកលែងតែ ការលក់ដូរ​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ដែលជា​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។​

 
​តាម​សេចក្តីសម្រេច​របស់​គណៈ​គ្រប់គ្រង​ផ្សារ​ព្រែក​ជ្រៃ​ដែល​ស្ថិតក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ការផ្អាក​អាជីវកម្ម​ដែល​មិនចាំបាច់​ក្នុង​ផ្សារ​នាពេលនេះ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បើទោះជា​មិនមាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ចេញ​ផ្សារ​នេះ ក៏ដោយ​។ នៅក្នុង​សេចក្តីសម្រេច​ដដែល គណៈកម្មការ​ផ្សារ​ព្រែក​ជ្រៃ ក៏​មិនទាន់​កំណត់ពេល ឱ្យ​អាជីវក​របើក​ឱ្យ​លក់ដូរ​វិញ​ដែរ​។​
 


​បើទោះជា​អាជីវកម្ម​មួយចំនួន ត្រូវបាន​ផ្អាក​ក៏ដោយ ក៏​អ្នកគ្រប់គ្រង​ផ្សារ នៅតែ​អំពាវនាវ​ឱ្យ​អាជីវ​ករលក់​គ្រឿងឧបភោគ បរិភោគ​ទាំងអស់​អនុវត្ត​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ឱ្យ​ខ្ជាប់ខ្ជួន​ផងដែរ​។​
 


​មកទល់ពេលនេះ នៅ​រាជធានី​ភ្នំពេញ មាន​ផ្សារ​ជាច្រើន​បាន​បិទ​បណ្តោះអាសន្ន ក្រោយ​រកឃើញ​អ្នកលក់ដូរ​ក្នុង​ផ្សារ រួមទាំង​សន្តិសុខ​ផង មាន​វិជ្ជមាន​កូ​វីដ​-១៩​។ ផ្សារ​ខ្លះទៀត ក៏ត្រូវ​បិទទ្វារ​ទាំងស្រុង ឬ​បិទ​ផ្នែក​ខ្លះ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន ក្នុង​ផ្សារ និង​បង្ការ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ សរុប​៧៤៤៤​នាក់ ក្នុងនោះ ៦៨៩៩​នាក់​ពាក់ព័ន្ធ​សហគមន៍​២០​កុម្ភៈ​។ អ្នក​សះស្បើយ​មាន​២៥៥៥​នាក់ និង​ស្លាប់​៤៩​នាក់​៕
 
 
 
 

Tag:
 ផ្សារ​ព្រែក​ជ្រៃ​
  ខណ្ឌដង្កោ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com