ជាតិ
សង្គមជាតិ
មនុស្សជាង១៨០០នាក់ហើយ វិជ្ជមានកូវីដ-១៩ដែលផ្ទុះចេញពីផ្សារធំៗ និងរោងចក្រ
21, Apr 2021 , 10:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែមេសា មានមនុស្សចំនួន១៨៧៦នាក់ហើយ ឆ្លងជំងឺកូវីដ-១៩ ដែលផ្ទុះចេញពីផ្សារអូរឬស្សី ផ្សារចាស់ ផ្សារដើមគរ ផ្សារនាគមាស ផ្សារបឹងត្របែក និងរោងចក្រមួយចំនួន ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការផ្សាយព័ត៌មានរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩។

 
ក្នុងចំណោមអ្នកជំងឺទាំង១,៨៧៦នាក់នោះ មានមនុស្ស៤៣៤នាក់ ពាក់ព័ន្ធនឹងផ្សារអូរឬស្សី,មនុស្ស២៥៣នាក់ នៅផ្សារដើមគរ, មនុស្ស៩១នាក់នៅផ្សារនាគមាស, មនុស្ស១៧នាក់នៅផ្សារបឹងត្របែក និងមនុស្ស១,០៨១នាក់ ផ្ទុះចេញពីរោងចក្រមួយចំនួន ក្នុងរាជធានីភ្នំពេញ។ នេះបើតាមប្រភពខាងលើ។ 
 
ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩បានអំពាវនាវដល់ពលរដ្ឋ អាជីវករ ក្រុមគ្រួសារ ឬអ្នកស្នាក់នៅជាមួយកម្មករកម្មការិនីរោងចក្រ ដែលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ឬអ្នកមានរោគសញ្ញា រួសរាន់ប្រញាប់ទៅធ្វើតេស្តមេរោគកាចសាហាវនេះ។ 
 
ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចចិត្តបិទក្រុងតាខ្មៅ និងភ្នំពេញរយៈពេល២សប្តាហ៍ ចាប់ពីយប់ថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា និងបានកំណត់ភូមិសាស្ត្រខ្លះជាតំបន់ក្រហម ដោយមិនអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរ និងចេញពីផ្ទះឡើយ។ ទន្ទឹមនេះផ្សារធំៗក្នុងរាជធានីភ្នំពេញ និងផ្សារតាមបណ្តាខេត្ត ហើយតំបន់ផ្សេងៗទៀតក៏បានបិទខ្ទប់ផងដែរ៕
 
 
 

Tag:
 ជំងឺកូវីដ-១៩
 ផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com