ជាតិ
សង្គមជាតិ
អាជ្ញាធរភ្នំពេញ ចាប់ផ្ដើមអនុវត្តវិធានការក្តៅលើពលរដ្ឋ នៅតំបន់ផ្ទុះកូវីដ-១៩ ធ្ងន់ធ្ងរ
21, Apr 2021 , 11:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ចាប់ផ្ដើមអនុវត្តវិធានការក្តៅលើពលរដ្ឋ នៅតាមតំបន់ផ្ទុះកូវីដ-១៩ ធ្ងន់ធ្ងរ ដោយមិនអនុញ្ញាតឲ្យពលរដ្ឋចេញក្រៅផ្ទះឡើយ សូម្បីតែហាត់ប្រាណ។ អាជ្ញាធរ នឹងឃាត់ខ្លួនពលរដ្ឋណា ដែលបំពានលើបម្រាមអាជ្ញាធរ និងរដ្ឋាភិបាល។

 
អាជ្ញាធរខណ្ឌដូនពេញ បានចាប់ផ្ដើមអនុវត្តវិធានការតឹងរឹងលើពលរដ្ឋ ដែលចេញក្រៅផ្ទះ ដោយគ្មានការអនុញ្ញាតហើយ។ តាមរយៈវីដេអូ ដែលបានបង្ហោះលើបណ្ដាញសង្គមនោះ គេឃើញអាជ្ញាធរខណ្ឌដូនពេញ បានឃាត់ខ្លួនពលរដ្ឋដែលឈរហាត់ប្រាណនៅតាមសួនសាធារណៈ យកទៅអធិការដ្ឋានខណ្ឌ ក្រោយពីរដ្ឋាភិបាលចេញវិធានការបិទខ្ទប់ និងបម្រាមតឹងរឹងលើតំបន់ផ្ទុះកូវីដ-១៩ ធ្ងន់ធ្ងរ ជាពិសេសកន្លែងដែលត្រូវបានកំណត់ជា «តំបន់ក្រហម»។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដើម្បីសុំការបកស្រាយជុំវិញការឃាត់ខ្លួនពលរដ្ឋ ដែលចេញក្រៅផ្ទះ មកហាត់ប្រាណតាមផ្លូវសាធារណៈនេះបានទេ។
 
តែយ៉ាងណាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា ការរឹតបន្តឹងសកម្មភាពទាំងនេះ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នករណីឆ្លងវីរុសកូវីដ-១៩នៅកម្ពុជា កំពុងកើនឡើងយ៉ាងគំហុក។ លោក ឃួង ស្រេង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា បម្រាបរបស់រដ្ឋាភិបាលហាមឃាត់ដាច់ខាត មិនឲ្យពលរដ្ឋណាម្នាក់ចេញពីផ្ទះនោះទេ បើមិនចាំបាច់ ហើយសកម្មភាពកីឡានៅតាមទីសាធារណៈ គឺហាមដាច់ខាត។
 
«យើងមិនអនុញ្ញាតឲ្យមានសកម្មភាពកីឡានៅទីសាធារណៈនោះទេ។ បុគ្គលនោះអាចហាត់ប្រាណបាននៅក្នុងផ្ទះរបស់ខ្លួន សូម្បីតែហាត់នៅមុខផ្ទះក៏ខុសច្បាប់ដែរ ព្រោះនេះជាបម្រាបរបស់រាជរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់លោកអភិបាលរាជធានីភ្នំពេញ។
 
យោងតាមច្បាប់ស្ដីពីវិធានការរឹតបន្តឹងការអនុវត្ត សេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៩ មេសា បានបញ្ជាក់ថា ក្នុងករណីមានការបំពានវិធានការខាងលើ អាជ្ញាធរត្រូវអនុវត្តវិធានច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយឃាត់នូវមធ្យោបាយធ្វើដំណើរ រួមនឹងទណ្ឌកម្មរដ្ឋបាលផ្សេងទៀត។
 
វិធានការរឹតបន្តឹងរបស់រដ្ឋាភិបាល ក៏បានលម្អិតថា បុគ្គលគ្រប់រូបនៅក្នុងទីតាំងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ជា«តំបន់ក្រហម» ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅក្រៅផ្ទះ ឬទីសំណាក់របស់ខ្លួនទៀតផង។ 
 
ការឆ្លងរាលដាលជំងឺកូវីដ-១៩នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នេះ បានធ្វើឲ្យរាជធានីភ្នំពេញមានហានិភ័យខ្ពស់ ហើយអភិបាលរាជធានីភ្នំពេញ ក៏បានកំណត់តំបន់មួយចំនួនជា«តំបន់ក្រហម» រួមមាន៖ សង្កាត់ស្ទឹងមានជ័យទី១,ទី២,ទី៣ ក្នុងខណ្ឌមានជ័យ, សង្កាត់ចោមចៅទី១ក្នុងខណ្ឌពោធិ៍សែនជ័យ និងភូមិ១៤,១៧ និង១៧នៃសង្កាត់បឹងសាឡាង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com