ជាតិ
អាជ្ញាធរថា បន្លែនាំចូលពីវៀតណាមមកកម្ពុជាតាមច្រកជ្រៃធំ ថយចុះ ក្នុងពេលបិទខ្ទប់ភ្នំពេញ និងតាខ្មៅ
21, Apr 2021 , 2:59 pm        
រូបភាព
បន្លែចម្រុះដែលដឹកចេញពីវៀតណាម តាមច្រកជ្រៃធំ ខេត្តកណ្តាល ទៅកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦មករា ឆ្នាំ២០២០។
បន្លែចម្រុះដែលដឹកចេញពីវៀតណាម តាមច្រកជ្រៃធំ ខេត្តកណ្តាល ទៅកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦មករា ឆ្នាំ២០២០។
ដោយ:
ភ្នំពេញ៖ សកម្មភាពនៃការនាំចូលបន្លែពីប្រទេសវៀតណាមចូលកម្ពុជា តាមច្រកជ្រៃធំ នៅតែដំណើរធម្មតា មិនមានការផ្អាកនោះទេ ប៉ុន្តែនាំចូលក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ នេះបើតាមលោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី២០ មេសា។

 
ដោយសាររយៈចុងក្រោយនេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាមិនមានការថមថយ និងបន្តឆ្លងរាលដាលយ៉ាងគំហុក ធ្វើឲ្យភាគីវៀតណាមមានការរារែកចិត្តក្នុងការនាំបន្លែមកកម្ពុជា។ លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ថា ខាងភាគីកម្ពុជាបានពន្យល់ណែនាំខាងភាគីវៀតណាមរួចហើយ ដូច្នេះការនាំចូលបន្លែពីវៀតណាម មិនបានផ្អាកនោះទេ។
 
«ខាងភាគីវៀតណាមបារម្ភពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គេមិនចង់នាំបន្លែមកទេ។ តែយើងបានពន្យល់ពីវិធានការការពារជំងឺកូវីដ-១៩ដល់គេរួចហើយ ពេលនេះដំណើរការធម្មតាទេ មិនមានការព្រួយបារម្ភឡើយ»។ នេះជាការអះអាងរបស់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ហើយលោក មិនមានតួលេខជាក់លាក់នោះទេ ថាមួយថ្ងៃនាំចូលបន្លែប៉ុន្មានតោន។ ជាក់ស្ដែងសព្វថ្ងៃនេះ ការនាំចូលបន្លែតិចតួចទេ ត្រឹម ៣ ទៅ ៤ឡានប៉ុណ្ណោះ។
 
បើតាមរបាយការណ៍របស់នាយកដ្ឋានកសិកម្ម រួមទាំងរបាយការណ៍ស្តីពីស្ថានភាពនៃការគ្រប់គ្រង និងការផ្គត់ផ្គង់ផលិតផលកសិកម្ម ដែលក្រសួងកសិកម្មរាយការណ៍ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា ក្នុងឆ្នាំ២០២០កម្ពុជាមានតម្រូវការបន្លែជាង១០៤ម៉ឺនតោន តែផលិតផលក្នុងស្រុកអាចផ្គត់ផ្គត់បានជិត៧២ម៉ឺន(៦៩ភាគរយ) ប៉ុណ្ណោះ ដូច្នេះកម្ពុជាត្រូវការបន្លែ៣៣ម៉ឺនតោន(៣២ភាគរយ) ទៀតត្រូវនាំចូលពីបរទេស៕
 

Tag:
 ការនាំចូលបន្លែ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com