ជាតិ
ក្រសួងកសិកម្មកម្ពុជា ពន្យល់មូលហេតុដែលនៅតែនាំចូលបន្លែពីក្រៅប្រទេស
21, Apr 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជាមានតម្រូវការបន្លែប្រមាណ ១លានតោនរៀងរាល់ឆ្នាំ តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានតែ ០,៧៥លានតោន (៧៥ភាគរយ)ប៉ុណ្ណោះ។ ដូច្នេះកម្ពុជាត្រូវការនាំចូលប្រភេទបន្លែដែលពិបាកដាំ និងមិនមានលក្ខណៈអំណោយផល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

 
ការស្រាយបំភ្លឺរបស់ក្រសួងកសិកម្ម កើតឡើងក្រោយសាធារណជនបានលើកឡើងតាមបណ្ដាញសង្គមបានចោទថា ហេតុអ្វីកម្ពុជានៅតែនាំចូលបន្លែពីក្រៅប្រទេ ខណៈកម្ពុជាជាប្រទេសកសិកម្ម? ទន្ទឹមនឹងនេះ សកម្មភាពដឹកជញ្ជូនបន្លែពីប្រទេសវៀតណាម ចូលកម្ពុជា នៅតែបន្តមាន ខណៈដែលអ្នកដាំបន្លែក្នុងស្រុក មានតម្លៃទាប ឬពិបាកក្នុងការដឹកជញ្ជូន ក្នុងអំឡុងបិទខ្ទប់ភ្នំពេញ ។
 
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មបានបញ្ជាក់ដូច្នេះ៖«កម្ពុជាមិនមែននាំចូលបន្លែគ្រប់មុខនោះទេ ពោលគឺនាំចូលប្រភេទបន្លែតំបន់ត្រជាក់មួយចំនួន ដែលពិបាកដាំនៅកម្ពុជា។ ហើយនៅរដូវវស្សា មិនមានលក្ខណៈអំណោយផល សម្រាប់ផលិតកម្ម»។
 

បន្លែពីវៀតណាមចូលមកកម្ពុជាតាមច្រកជ្រៃធំ

ខណៈមធ្យោបាយដឹកជញ្ជូនត្រូវបានរឹតបន្តឹង ផលិតផលកសិកម្មក្នុងស្រុក បានជួបនូវហានិភ័យ ព្រោះមិនអាចដឹកមកផ្គត់ផ្គង់ លើទីផ្សារ នៅរាជធានីភ្នំពេញ។ ក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា៖«បច្ចុបប្បន្ន មិនមែនខ្វះបន្លែក្នុងស្រុកទេ តែលំបាកដឹកមកលក់ នៅភ្នំពេញ ដោយសារវិធានការបិទខ្ទប់ ការរាលដាលនៃជំងឺកូវីដ-១៩។ អ្នកប្រមូលទិញបន្លែថយចុះ ធ្វើឲ្យបណ្ដាផ្សារទំនើប និងហាងបន្លែសុវត្ថិភាព ពុំមានបន្លែគ្រប់គ្រាន់»។
 
កន្លងមក ក្រសួងកសិកម្ម បានបង្កើតសហគមន៍កសិកម្មចំនួន ១ ២០០សហគមន៍ និងបានបង្កើតបណ្ដុំអាជីវកម្មចំនួន ១ ៩២០បណ្ដុំ ទូទាំងប្រទេស ដើម្បីជួយដល់កសិករ តែបញ្ហាទីផ្សារលក់ផលិតផលកសិកម្ម នៅតែជាបញ្ហាប្រឈមសម្រាប់កសិករ និងសហគមន៍កសិកម្ម។
 
ដើម្បីដោះស្រាយបញ្ហាទីផ្សារកសិកម្ម ក្រសួងកសិកម្ម បានខិតខំជំរុញការចរាចរណ៍ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើមុខដំណាំសំខាន់ៗ ដើម្បីបើកទីផ្សារជាមួយបណ្ដាប្រទេសដែលមានបំណងនាំចូលកសិផលកម្ពុជា។ ជាក់ស្ដែងក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាង ២០លានតោន និងកសិផលសរុបជាង ១៣លានតោន ដោយទទួលបានចំណូលពីការនាំចេញជាង ៣ពាន់លានដុល្លារ។ 
 
ក្រសួងកសិកម្មបន្តជំរុញកិច្ចសហការ យ៉ាងជិតស្និទជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន ពិសេសក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់៕
 
 
 

Tag:
 ការនាំចូលបន្លែ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com