ជាតិ
រដ្ឋបាលខេត្តព្រះសីហនុលើកលែងចំពោះអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគ ក្នុងផ្សារលើ
21, Apr 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុសម្រេចកែសម្រួលការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរក្នុងផ្សារលើ ក្រុងព្រះសីហនុ។ ចំពោះអាជីវករ ដែលលក់ដូរគ្រឿងឧបភោគ បរិភោគ នឹងអាចបន្តឲ្យលក់ដូរវិញ ក្រោយធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ លើកទី២ ហើយមានលិខិតបញ្ជាក់អវិជ្ជមានជំងឺកូវីដ-១៩។



បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងផ្សារលើខេត្តព្រះសីហនុ និងការប្រកាសផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារលើ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កន្លងមក រដ្ឋបាលខេត្តព្រះសីហនុសម្រេចកែសម្រួលការផ្អាកអាជីវកម្ម ដើម្បីសម្រួលដល់ពលរដ្ឋក្នុងតំបន់។  


ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ 

ផ្សារលើ នឹងត្រូវបន្តផ្អាកជាបណ្តោះអាសន្នរយៈពេល ៤ថ្ងៃទៀត ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ដើម្បីទុកពេលឲ្យអាជីវករទាំងអស់ ផ្តល់សំណាកទៅវិភាគរកមេរោគកូវីដ-១៩ លើកទី២ ដល់មន្ត្រីសុខាភិបាល បន្ទាប់ពីផ្តល់វត្ថុសំណាកលើកទី១ រយៈពេល ៥ថ្ងៃ។ ក្រោយធ្វើតេស្តរកមេរោគកូវីដ-១៩ មានលទ្ធផលអវិជ្ជមានទាំងពីរលើក ហើយមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្ត ទើបអនុញ្ញាតឲ្យចូលលក់ដូរវិញធម្មតា។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ។
 
គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១០៤នាក់ទៀត ដែលជាករណីឆ្លងនៅក្នុងសហគមន៍។ ក្នុងចំណោមអ្នកវិជ្ជមានទាំង ១០៤នាក់ រួមមាន អាជីវករផ្សារលើ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយជីវករទាំងនោះ សូមជម្រាបថា រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ ខេត្តព្រះសីហនុ មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣៣នាក់ ក្នុងនោះខ្មែរ១៣២នាក់ និងវៀតណាម១នាក់ ដែលត្រូវបញ្ជូនសម្រាកព្យាបាលនៅសណ្ឋាគារសម័យថ្មី អន្តរជាតិ ខេត្តព្រះសីហនុ៕


 ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

Tag:
 Thmeythmey
  ព្រះសីហនុ
  កូវីដ-១៩
  ផ្សារលើ
© រក្សាសិទ្ធិដោយ thmeythmey.com