COVID-19
ជាតិ
ទប់ស្កាត់កូវីដ-១៩៖ ការប្រើហិង្សាជាជម្រើសចុងក្រោយឬយ៉ាងណា?
21, Apr 2021 , 6:20 pm        
រូបភាព
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ អាជ្ញាធររាជធានីភ្នំពេញបានប្រើរំពាត់វាយពលរដ្ឋនៅតំបន់ក្រហមដែលចេញក្រៅផ្ទះដោយគ្មានការអនុញ្ញាត។ រដ្ឋាភិបាលចាត់ទុក ការចាត់វិធានការនេះ ជាការព្រមានកម្រិតស្រាល ហើយជារឿងចាំបាច់ដើម្បីការពារសុវត្ថិភាពនិងអាយុជីវិតរបស់ពលរដ្ឋ។ ប៉ុន្តែអ្នកតាមដានព្រឹត្តិការណ៍សង្គម បង្ហាញការសោកស្ដាយនិងការព្រួយបារម្ភថា ការធ្វើបែបនេះ មិនទទួលផលហើយ បង្កើតជាគំរូហិង្សាមិនល្អក្នុងសង្គម។




អត្ថបទទាក់ទង



លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក យល់ថា រដ្ឋាភិបាលមិនទាន់ឃើញមានវិធានការជាលាយលក្ខណ៍អក្សរណាមួយ តម្រូវឲ្យសមត្ថកិច្ចប្រើហិង្សាវាយពលរដ្ឋ ដែលមិនគោរពតាមវិធានការរបស់អាជ្ញាធរឡើយ។ ដូច្នេះប្រសិនសមត្ថកិច្ចធ្វើខុសពីសេចក្ដីណែនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំគួរអប់រំដល់ក្រុមការងារថ្នាក់ក្រោមឲ្យច្បាស់លាស់ មិនត្រូវបន្តប្រើអំពើហិង្សានេះឡើយ។
 
«ការប្រើប្រាស់ហិង្សានេះ វាមិនមែនជារឿងល្អមើលឡើយ សម្រាប់ការយល់ឃើញរបស់ខ្ញុំ។ ការប្រើប្រាស់អំពើហិង្សាជាអំពើខុសច្បាប់ វាជាការរំលោភសិទ្ធិបុគ្គលរូបរាយកាយពលរដ្ឋ។ ហើយការប្រើហិង្សានេះ គឺជាការបណ្ដុះវប្បធម៌ហិង្សា ដែលយើងតែងតែព្យាយាមលុបបំបាត់វប្បធម៌នេះ ព្រោះវាបណ្ដាលឲ្យកើតមានទៅថ្ងៃមុខឥតឈប់ឈរ»។ នេះជាការលើកឡើងរបស់លោក ករុណា ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២១មេសាថា សមត្ថកិច្ចប្រើរំពាត់វាយលើពលរដ្ឋបែបនេះ ជារូបភាពហិង្សាមួយ ដែលសមត្ថកិច្ចទំនងជាធ្វើតាមបណ្ដាប្រទេសផ្សេងៗ ដូចជាឥណ្ឌាជាដើម។ ប៉ុន្តែលោក សង្កត់ធ្ងន់ថា ការប្រើប្រាស់ហិង្សាមិនមែនជាជម្រើសល្អ និងទទួលបានផលឡើយ ជាស្ដែងដូចជាប្រទេសឥណ្ឌា ដែលប្រើប្រាស់ហិង្សាបែបនេះហើយ នៅតែមិនមានប្រសិទ្ធភាព។ 
 
ជាដំណោះស្រាយ រដ្ឋាភិបាលគួរផ្សាព្វផ្សាយបន្ថែម ពង្រឹងការអនុវត្តច្បាប់ឬវិធានការណែនាំ រួមទាំងខិតខំដោះស្រាយបញ្ហាលំបាកផ្សេងៗឲ្យពលរដ្ឋនៅតំបន់បិទខ្ទប់និងតំបន់ក្រហម។ សមត្ថកិច្ចគួរសួរនាំឬសិក្សាបញ្ហាពលរដ្ឋនៅតំបន់បិទខ្ទប់ឲ្យបានច្រើន ហើយបន្ថែមកម្លាំងនិងមធ្យោបាយអហិង្សាដើម្បីដោះស្រាយ ព្រោះហិង្សាមិនអាចបញ្ចប់បញ្ហាឡើយ។ នេះបើតាមលើកឡើងរបស់លោក ករុណា។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលអះអាងប្រាប់សារព័ត៌មានថ្មីៗថា វិធីសាស្រ្តដោះស្រាយបញ្ហានេះ គឺមានបីរបៀប មួយគឺគំរាមមិនឲ្យចេញដោយប្រើរំពាត់ ព្រោះជនទាំងនោះមិនគោរពច្បាប់និងមិនគោរពការណែនាំ។ ទីពីរ អនុវត្តន៍តាមវិធានការរដ្ឋបាលដែលចែង ហើយទីបី គឺបញ្ជូនទៅតុលាការ។ 
 
«ជាការចាត់ចែងរបស់ក្រសួងសមត្ថកិច្ច(ការវាយដោយរំពាត់) ព្រោះដើម្បីអនុគ្រោះដល់ពលរដ្ឋហ្នឹងហើយ នៅឥណ្ឌាជាប្រទេសមហាប្រជាធិបតេយ្យក៏ប្រើរំពាត់»។ នេះបើតាមការលើកឡើងរបសអ្នកនាំពាក្យរដ្ឋាភិបាល ហើយសង្កត់ធ្ងន់ថា ក្រុមអ្នករិះគន់រដ្ឋាភិបាលគឺចេះតែរិះគន់ ហើយសមត្ថកិច្ចនៅតែបន្តចុះណែនាំ។ 
 
លោកប្រាប់យ៉ាងដូច្នេះថា៖ «យើងនៅតែបន្តណែនាំ ឯកឧត្ដម ឃួង ស្រេង អភិបាលក្រុង និងកងកម្លាំងនៅតែដាក់មេក្រូផ្សព្វផ្សាយណែនាំអ៊ីចឹង, ហើយបើពួកអស់ហ្នឹងមិនស្ដាប់ ជនពាល វ៉ៃវាយទៅ ខ្ញុំគាំទ្រ»។ 
 
ចំណែក លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជាក៏បានលើកឡើងដូចលោក ករុណាដែរ ថាលោកកំពុងស្រាវជ្រាវរកបម្រាមឬច្បាប់មួយណា អនុញ្ញាតឲ្យសមត្ថកិច្ចប្រើដំបងវាយពលរដ្ឋ។ លោកថា ទង្វើរបែបនេះ ឆ្លុះបញ្ចាំថាសង្គមកម្ពុជាមិនទាន់រួចផុតពីវដ្ដនៃហិង្សានៅឡើយទេ ទោះបីជារស់នៅក្នុងម្លប់ដែលគ្មានសង្គ្រាមរហូតដល់មានពាក្យអរគុណសន្តិភាព។ លើសពីនេះ គឺឆ្លុះបញ្ចាំពីការអសមត្ថភាពរបស់សមត្ថកិច្ចក្នុងការប្រើប្រាស់មធ្យោបាយអហិង្សា។ 
 
«ឃើញរូបភាពហ្នឹងទៅ(សមត្ថកិច្ចវាយពលរដ្ឋចេញក្រៅផ្ទះដែលស្ថិតក្នុងតំបនក្រហម) ខ្ញុំអាសូរដល់ជាតិណាស់លើឥរិយាបថក្នុងការទប់ស្កាត់ដោយប្រើប្រាស់ដំបងហ្នឹង វាមិនមែនជាវិធាការល្អក្នុងសង្គមទេ»។ នេះបើតាមលោក ច័ន្ទរឿន ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ដោយលើកឡើងថារដ្ឋគួរប្រើមធ្យោបាយអហិង្សាឲ្យអស់លទ្ធភាព និងបំពេញកត្តាព្វកិច្ចខ្លួន ជាក់ស្ដែងការដោះស្រាយលិខិតចេញចូលឲ្យប្រជាជនឲ្យបានទាន់ពេលហើយងាយស្រួល។ លើសពីនេះ លោកថា វិធានការរដ្ឋចេញជាបន្តបន្ទាប់ សូម្បីអាជ្ញាធរខ្លះតាមមិនទាន់ផង ហើយពលរដ្ឋគឺកាន់តែពិបាកជាងនេះទៅទៀត។ ដូច្នេះ អ្នកតាមដានសង្គមរូបនេះថា គួរបន្ថែមការអប់រំដោយអហិង្សាដល់ពលរដ្ឋទើបជាម្រើសល្អ។ 
 
តើការវាយពលរដ្ឋដោយរំពាត់បែបនេះ ខុសច្បាប់ឬទេ? 
តាមការសង្កេតរបស់ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចំពោះវិធានការដែលសមត្ថកិច្ចបានប្រើរំពាត់វាយពលរដ្ឋនេះ មិនមែនប្រើជាទូទៅឡើយ គឺប្រើតែតំបន់ក្រហមដែលអាជ្ញាធរហាមតឹងរឹងមិនឲ្យចេញក្រៅផ្ទះ។ «ប្រហែលជាសមត្ថកិច្ចអប់រំណែនាំនិយាយលែងស្ដាប់ហើយបានឈានដល់វិធានការបង្ខំបែបនេះ តែទោះជាយ៉ាងណា ក៏ជាវិធានការចាំបាច់ ហើយក៏នៅគ្រាន់បើជាងយកពួកគាត់ទៅកាត់ទោសពន្ធនាគារដែរ។ អ៊ីងចឹង ក្នុងស្ថានភាពនេះ ប្រហែលមិនមានមធ្យោបាយផ្សេងល្អក្រៅពីនេះ ដើម្បីការពារអាយុជីវិតពលរដ្ឋទូទាំងប្រទេសប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩»។ នេះបើតាមលោក ជិន ម៉ាលីន ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ WhatsApp នៅថ្ងៃទី២១មេសានេះ។ 
 
អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​សាន សុខសីហា ក៏អះអាងដែរថា ការចុះអប់រំណែនាំរបស់សមត្ថកិច្ចដោយប្រើរំពាត់នេះ គឺធ្វើឡើយនៅតំបន់ក្រហមនិងតបន់រាលដាលកូវីដ-១៩ច្រើនតែប៉ុណ្ណោះ។ ​ករណីតំបន់នេះ លោក សុខសីហា ថាហាមដាច់ខាតមិនឲ្យចេញក្រៅ លើកលែងតែករណីសង្គ្រោះបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងលើកទីពីរប៉ុណ្ណោះ ដើម្បីបង្ការទប់ស្កាត់ការរីករាលកូវីដ-១៩។ អ្នកនាំពាក្យរូបនេះ អះអាងថា ពលរដ្ឋនៅតំបន់នោះមួយចំនួននៅតែចរចេះមិនស្ដាប់ការណែនាំ ទើបសមត្ថកិច្ចវាយ ដើម្បីឲ្យខ្លាច។ ហើយជំហានទីពីរ ឈានដល់ការពិន័យអន្តរការណ៍ និងបើធ្ងន់ធ្ងរគឺអនុវត្តតាមនីតិវិធីច្បាប់។ ការធ្វើបែបនេះ ទើបអាចទប់ស្កាត់ដូចអ្វីដែលរដ្ឋាភិបាលណែនាំ។ 
 
«ក្នុងតំណាក់កាល Lockdown វាដូចជាគ្មានអីទេ ព្រោះយើងមិនមែនទៅវ៉ៃគាត់រហូតដល់បែកឈាម រហូតដល់សន្លប់ឯណា, សំខាន់ឲ្យគាត់មានការយល់ថា ច្បាប់ Lockdown។ ពាក្យថាច្បាប់ Lockdown គឺដូចជាច្បាប់ប្រកាសអាសន្នមួយអ៊ីចឹង, សមត្ថកិច្ចមានសិទ្ធិអាចអនុវត្តន៍នូវច្បាប់មួយចំនួន គឺយើងអាចធ្វើបាន។ ហើយបើគាត់មិនស្ដាប់ សមត្ថកិច្ចក៏អាចចាប់គាត់បញ្ជូនទៅតុលាការបានដែរ»។ នេះបើតាមការលើកឡើងរបស់លោក សុខសីហា ដោយអះអាងថា ពលរដ្ឋភាគច្រើនសាទរវិធានការនេះ ជាងក្រុមមួយចំនួនតូចដែលរិះគន់។ ជាមួយគ្នាដែរ លោកស្នើឲ្យក្រុមអ្នករិះគន់ ពិចារណាឡើងវិញ ព្រោះការធ្វើបែបនេះ គឺដើម្បីការពារអាយុជីវិតពលរដ្ឋទាំងអស់ រួមក្រុមរិះគន់ផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com