COVID-19
ជាតិ
មនុស្ស១៧៩នាក់នៅភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារល្មើសបម្រាបបិទខ្ទប់របស់រដ្ឋ
22, Apr 2021 , 1:59 pm        
រូបភាព
អ្នកល្មើសបម្រាប់បិទខ្ទប់ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)1
អ្នកល្មើសបម្រាប់បិទខ្ទប់ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)1
ភ្នំពេញ៖ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអះអាងថា មនុស្ស១៧៩នាក់ហើយ ត្រូវបានសមត្ថកិច្ចពិន័យអន្តរការណ៍ ហើយខ្លះទៀតបានបញ្ជូនទៅតុលាការ ដោយសារល្មើសបម្រាមបិទខ្ទប់របស់រដ្ឋាភិបាល។


លោក សុខសីហា ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២២មេសានេះថា អ្នកទាំង១៧៩នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ភាគច្រើនគឺជាអ្នកចេញក្រៅផ្ទះដោយគ្មានការអនុញ្ញាត។ បើតាមលោក សីហា ពួកគេទាំងនោះ ល្មើសពីបទមិនគោរពវិធានការរដ្ឋបាល(មាត្រា១០) និងបទរារាំងដល់ការអនុវត្តវិធានការ(មាត្រា១១)។ 
 
«ចាប់ពីថ្ងៃទី១៥ដល់ព្រឹកថ្ងៃទី២២នេះ សមត្ថកិច្ចបានឃាត់មនុស្ស១៧៩នាក់ ហើយភាគច្រើនគឺពិន័យអន្តរការណ៍តាមច្បាប់ចាប់ពី២លានរៀលទៅ ដោយសារពួកគាត់ចេញក្រៅខុសម៉ោង ដែលអាជ្ញាធរហាមឃាត់ឬបិទខ្ទប់ហើយនិងចេញក្រៅផ្ទះដោយគ្មានការអនុញ្ញាត»។ នេះបើតាមការលើកឡើងរបស់លោក សុខសីហា ដោយបន្ថែមថា អ្នកល្មើសបម្រាមទាំងនេះ មានអ្នកល្មើសបម្រាម៥នាក់បានបញ្ជូនទៅតុលាការ ហើយ១នាក់ទៀតកំពុងដំណើរនីតិវិធីច្បាប់ និងអប់រំ១នាក់។ 
 
ជាមួយគ្នាដែរ លោក សុខសីហា ក៏អំពាវនាវឲ្យពលរដ្ឋទាំងចូលរួមសម្ដាប់តាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីឲ្យអាជ្ញាធរងាយស្រួលដោះស្រាយបញ្ហា និងដើម្បីចូលរួមទប់ស្កាត់ការរាលដាលកូវីដ-១៩។ 
 
សូមជម្រាបថា ច្បាប់ស្ដីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនៅមាត្រា១០ ចែងថា អ្នកមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ លើសពីនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល ប្រសិនបើបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ បើករណីនេះ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥លានទៅ២០លានរៀល។ 
 
ចំពោះករណីល្មើសបទរារាំងដល់ការអនុវត្តវិធានការ មាត្រា១១នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយពិន័យពី២ទៅ១០លានរៀល។ បទរារាំងដល់ការអនុវត្តវិធានការនេះ ត្រូវជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥ទៅ២០លានរៀល ប្រសិនបណ្ដាលឲ្យមានការឆ្លងកូវីដ-១៩ដល់អ្នកដទៃ ឬប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ៕
 

Tag:
 ល្មើសច្បាប់
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com