អន្តរជាតិ
ថៃថា ជំនួបនៅឥណ្ឌូណេស៊ីស្ដីពីវិបត្តិមីយ៉ាន់ម៉ា ជាការសាកល្បងសម្រាប់អាស៊ាន
22, Apr 2021 , 7:29 pm        
រូបភាព
កិច្ចប្រជុំមេដឹកអាស៊ានលើវិបត្តិនៅមីយ៉ាន់ម៉ាដែលគ្រោងធ្វើនៅឥណ្ឌូណេស៊ីនៅចុងសប្ដាហ៍នេះ ជាការសាកល្បងការរួបរួម និងភាពគួរឱ្យជឿជាក់របស់អាស៊ាន។ អ្នកនាំពាក្យក្រសួងការបរទេសថៃលើកឡើងបែបនេះនៅថ្ងៃទី២២ ខែមេសា ខណៈដែលស្ថានភាពនៅមីយ៉ាន់ម៉ា នៅតែមិនស្រាកស្រាន្តព្រោះក្រុមយោធានៅតែបន្តប្រើធម៌ក្ដៅលើក្រុមអ្នកតវ៉ាដដែល។ កិច្ចប្រជុំនៅទីក្រុងហ្សាការតា ក៏ត្រូវរំពឹងថា ទំនងមិនអាចមានលទ្ធផលដុំកំភួនអ្វីដែរ។

 
មេដឹកនាំ និងប្រមុខការទូតប្រទេសសមាជិកអាស៊ានទាំង១០ នឹងជួបប្រជុំគ្នានៅថ្ងៃទី២៤ ខែមេសា នៅទីក្រុងហ្សាការតាដើម្បីជជែកពីបញ្ហាក្នុងតំបន់ដែលគ្មានអ្វីក្រៅពីប្រធានក្ដៅនៅមីយ៉ាន់ម៉ាឡើយ។ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏នឹងមានវត្តមានក្នុងជំនួបពិសេសដែលអញ្ជើញដោយព្រុយណេដែលជាប្រធានប្ដូរវេនរបស់អាស៊ានផងដែរ ដែលជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោកក្រោយរដ្ឋប្រហារ។
 
នៅមីយ៉ាន់ម៉ា កម្លាំងសន្តិសុខ បានប្រើប្រាស់កម្លាំងដើម្បីបំបែកបាតុករសន្តិភាពដែឡប្រឆាំងរដ្ឋប្រហារខែកុម្ភៈ។ មនុស្សយ៉ាងហោចណាស់៧៣០នាក់ បានបាត់បង់ជីវិត រាប់រយនាក់ទៀតត្រូវបានឃុំខ្លួន ហើយជាង២៥ម៉ឺននាក់ ត្រូវភៀសខ្លួនពីលំនៅដ្ឋានពួកគេ។
 
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២២ ខែមេសា លើបញ្ហានានាទាក់ទងកិច្ចប្រជុំ ខណៈលោក ប្រាយុទ្ធ នឹងមិនទៅទីក្រុងហ្សាការតាឡើយ ដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ដុន ប្រាមុដវីណៃ ចូលរួមជាតំណាង ព្រោះលោកត្រូវនៅមើលការខុសត្រូវបញ្ហាស្រុក។ ក្នុងសេចក្ដីប្រកាសព័ត៌មាន លោក ប្រាយុទ្ធ ទទួលស្គាល់វិបត្តិមីយ៉ាន់ម៉ាជារឿងប្រឈមសម្រាប់សន្តិភាព និងស្ថិរភាពតំបន់។
 
ក្នុងសន្និសីទសារព័ត៌មានអនឡាញនៅថ្ងៃទី២២ ខែមេសានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសថៃ Tanee Sangrat អះអាងថា អាស៊ានដឹងពីក្ដីរំពឹងរបស់អន្តរជាតិដែលចង់ឱ្យអង្គការតំបន់មួយនេះ ចេញលទ្ធភាពជាក់លាក់ក្រោយកិច្ចប្រជុំ។ អ្នកនាំពាក្យដដែលសង្កត់ធ្ងន់ថា វិបត្តិមីយ៉ាន់ម៉ា ជាការសាកល្បងមួយសម្រាប់អាស៊ានផងដែរ។
 
«ឥឡូវវាអាស្រ័យលើអាស៊ានរាប់ទាំងមីយ៉ាន់ម៉ាផងក្នុងការការពារការរួបរួម និងភាពគួរឱ្យទុកចិត្តរបស់អាស៊ាន។» មន្រ្តីក្រសួងការបរទេសថៃបញ្ជាក់បែបនេះ។
 
យ៉ាងណាមិញ អាស៊ានទំនងជួបរឿងស្មុគស្មាញច្រើនដើម្បីឈានដល់ការចេញចំណាត់ការណាមួយលើមីយ៉ាន់ម៉ា។ គោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងគ្នា ការគោរពអធិបតេយ្យទៅវិញទៅមក បានចងដៃអាស៊ានមិនឱ្យធ្វើអ្វីកើតរាប់សិបឆ្នាំមកហើយ។ តាំងពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ាមក សមាជិកជាច្រើន ក៏បង្ហាញជំហរខុសៗគ្នាជាស្រេច។ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី ប្រើពាក្យធ្ងន់ជាងគេ ស្របពេលថៃដែលនៅជាប់មីយ៉ាន់ម៉ា ក៏មិននិយាយអ្វីខ្លាំងដែរ៕
 
 
 

Tag:
 ថៃ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com