ជាតិ
ផ្សារ១៤ទីតាំងហើយ នៅភ្នំពេញត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយសារកូវីដ-១៩
22, Apr 2021 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានផ្សារចំនួន១៤ទីតាំងហើយ ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី២២ មេសា។

 
បើតាមលោក ម៉េត មាសភក្ដី ផ្សារទាំង១៤ ដែលបានបិទបណ្ដោះអាសន្នមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី ស្ថិតក្នុងខណ្ឌ៧មករា។ ផ្សារដើមគរ និងផ្សារបន្លែ ស្ថិតនៅខណ្ឌទួលគោក និងខណ្ឌបឹងកេងកង។ ផ្សារចាស់ ស្ថិតនៅខណ្ឌដូនពេញ។ ផ្សារធំទួលសង្កែ ស្ថិតនៅខណ្ឌឫស្សីកែវ។ ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតនៅខណ្ឌចំការមន។ 
 
ផ្សារត្រពាំងថ្លឹង ផ្សារឯករាជ្យ១ ផ្សារទួលពង្រ ផ្សារសេនជូរីផ្លាហ្សា និងផ្សារពោធិ៍ចិនតុង ផ្សារទាំង៥ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។ ផ្សារកណ្ដាល ស្ថិតនៅខណ្ឌដូនពេញ។ ផ្សារដេប៉ូ ស្ថិតក្នុងខណ្ឌទួលគោក។ ផ្សារពិភពថ្មីឈូកមាស និងផ្សាររីករាយ ស្ថិតនៅខណ្ឌសែនសុខ និងផ្សារអូឡាំពិក ស្ថិតក្នុងខណ្ឌបឹងកេងកង។
 
បើតាមអ្នកនាំពាក្យរដ្ឋបាលភ្នំពេញ គោលបំណងនៃការបិទផ្សារទាំង១៤បណ្ដោះអាសន្នខាងលើ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ រាប់រយនាក់ជាបន្តបន្ទាប់។ 
 
ភ្នំពេញជាតំបន់ដែលមានហានិភ័យខ្ពស់នូវការឆ្លងវីរុសកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានកំណត់តំបន់មួយចំនួនជា«តំបន់ក្រហម»។ គិតត្រឹមថ្ងៃទី២២ មេសា កម្ពុជាមានករណីកូវីដ-១៩ ចំនួន៨១៩៣ករណី ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មាន ៧៦៤៨ករណី។ អ្នកជាសះស្បើយ ២៩២៤នាក់ ខណៈអ្នកស្លាប់កើនដល់ ៥៩នាក់៕
 

Tag:
 បិទផ្សារ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com