ជាតិ
ចិន ផ្ដល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្ដាម ១០ម៉ឺនដូសទៀត ដល់កម្ពុជា
22, Apr 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលចិន បានផ្ដល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្ដាម ១០ម៉ឺនដូសដល់ក្រសួងកសិកម្មកម្ពុជា កាលពីថ្ងៃទី២០ មេសា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ នៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបង្ហោះនៅថ្ងៃទី២២ ខែមេសា។

 
ការផ្ដល់វ៉ាក់សាំងនេះ ជាដំណាក់កាលទី២ហើយ ក្រោយចិនបានវ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្ដាម ដំណាក់កាលទី១ ចំនួន១០ម៉ឺនដូស កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ បើតាមលោក វេង សាខុន ដំណាក់កាលទី២ ចិនបានផ្ដល់១០ម៉ឺនដូសទៀត ដល់កម្ពុជា។
 
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន លើកឡើងថា៖«វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនេះ ត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា ដូច្នេះយើងមានជំនឿជាក់យ៉ាងមុតមាំថាវ៉ាក់សាំងទាំងនេះ នឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក»។


 
បើតាមរដ្ឋមន្រ្តីកសិកម្ម ជំនួយវ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្ដាម ចំនួន ២០ម៉ឺនដូសមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺសាទឹក និងអ៊ុតក្តាម(FMD) ។ លោករដ្ឋមន្រ្តីកសិកម្ម បន្ថែមថា វ៉ាក់សាំងជំងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកផ្តល់ និងចាក់វ៉ាក់សាំងដល់សត្វគោក្របីរអស់ចំនួន ៤៧ ០០០ដូសហើយ៕
 
 

Tag:
 ជំងឺសាទឹក
 អ៊ុតក្ដាម
© រក្សាសិទ្ធិដោយ thmeythmey.com