ជាតិ
អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាព ត្រូវបានអាជ្ញាធរក្រុងបានលុង ខេត្តរតនគិរី ដកហូត
22, Apr 2021 , 6:29 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ អាល់កាលក្លែងក្លាយប្រមាណ ៣០លីត្រ និងទំនិញខូចគុណភាពជិត ២០០គីឡូក្រាម ត្រូវបានអាជ្ញាធរ ខេត្តរតនគិរី ដកហូតនៅថ្ងៃទី២២ ខែមេសានេះ។ ប្រភេទទំនិញខូចគុណភាពទាំងនោះ ជាគ្រឿងឧបភោគបរិភោគហួសកាលបរិច្ឆេទប្រើប្រាស់ ដែលបង្កផលប៉ះពាល់សុខភាព។


 
អាជ្ញាធរខេត្តរតនគិរី បានរកឃើញ និងដកហូត អាល់កុលសម្លាប់មេរោគក្លែងក្លាយ(មេតាណុលក្លែងបន្លំជាអេតាណុល)ប្រមាណ ៣១,៥លីត្រ និងទំនិញខូចគុណភាពជាង ១៨៩គីឡូក្រាម  នៅចំណុចផ្សារស៊ីត្រា និងផ្សារបានលុង រួមទាំងតូបលក់ទំនិញតាមផ្ទះ ក្នុងក្រុងបានលុង ។ ទំនិញខូចគុណភាពទាំងនោះ រួមមាន ត្រីសាលម៉ុន ភេសជ្ជៈកំប៉ុង ទឹកដោះគោ ទឹកម្ទេស និងទឹកសៀង។ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)។


 
ការរឹបអូសបានទំនិញខូចគុណភាពទាំងនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងមន្ត្រី ក.ប.ប និងមន្ត្រីមន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរី រួមទាំងអាជ្ញាធរដែនដីនេះ ដែលបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផល និងអង្កេតតាមដានតម្លៃលក់ទំនិញជាតម្រូវការចំបាច់ ជាពិសេសទប់ស្កាត់ការដំឡើងថ្លៃ អំឡុងពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តជំងឺឆ្លងកូវីដ-១៩។ 
 
មន្ត្រីក.ប.ប ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋអ្នកលក់ដូរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ នៅគ្រាដែលប្រទេសកំពុងជួបការលំបាកនេះ ពោលគឺត្រូវចូលរួមធ្វើអាជីវកម្មប្រកបដោយសីលធម៌ និងភាពស្មោះត្រង់៕


 

Tag:
 ThmeyThmey25
  ក្រុងបានលុង
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com