ជាតិ
បិទខ្ទប់៖ ការលក់បន្លែតាមផ្ទះខ្សត់អ្នកទិញ ឯការលក់តាមអនឡាញពិបាករកអ្នកដឹក
23, Apr 2021 , 8:59 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ បន្ទាប់ផ្សារធំៗមួយចំនួនត្រូវបានបិទបណ្តោះអាសន្ន ស្របពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាជីវករមួយចំនួន បានផ្លាសប្តូរមកលក់ ត្រីសាច់ និងគ្រឿងទេស នៅផ្ទះរបស់ខ្លួនវិញ ហើយខ្លះទៀតជ្រើសរើសការលក់តាមអនឡាញ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាជីវករទាំងនោះ លើកឡើងថា ការលក់នៅតាមផ្ទះ មិនសូវមានអ្នកទិញនោះទេ ខណៈអ្នកលក់តាមអនឡាញលក់ដាច់ តែពិបាករកអ្នកដឹកជញ្ជូនទៅវិញ។



លោក តូច សុភាព គឺជាអ្នកបន្លែ ត្រី សាច់ នៅផ្ទះ យូរឆ្នាំមកហើយ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសវ័យប្រមាណ៤០ឆ្នាំរូបនេះ នៅតែបន្តលក់ដូរដូចសព្វដង ទោះបីមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ តែយ៉ាងណាក៏ដោយ ការលក់ដូររបស់អាជីវកររូបបានធ្លាក់ចុះជាងពាក់កណ្តាល នៅក្នុងបិទខ្ទប់នេះ។  
 
បានជួបនឹងស្ថានភាពលក់មិនសូវដាច់ ក្នុងកាលៈទេសៈជំងឺឆ្លងកូវីដ-១៩។ បុរសវ័យ៤០ឆ្នាំប្លាយនេះ យល់ឃើញថាស្ថានភាពដែលខ្លួន កំពុងជួបប្រទះនេះ ដោយសារការបិទខ្ទប់ក្រុងភ្នំពេញ ដែលធ្វើឲ្យប្រជាជនខ្លះមិនអាចប្រកបមុខរបរបាន បណ្ដាលឲ្យបាត់បង់ចំណូល។ លោក តូច សុភាព រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទដូច្នេះថា៖ «មិនសូវមានអ្នកមកទិញទេ មានមួយៗ ព្រោះអីកម្មកររោងចក្រយើង គាត់អត់មានលុយដែរនោះ។ ហើយបើអ្នកកម្ម៉ង់ទិញតាមហ្វេសប៊ុកវិញ មួយថ្ងៃបានតែ ពីរ បីអ្នក អីហ្នឹងទេ»។
 
មិនខុសគ្នាដែរ ការលក់ដូររបស់អាជីវករមួយរូបទៀត នៅផ្ទះដែលស្ថិតនៅម្តុំស្ពានដែកចម្ការដូង ក៏មិនសូវមានអតិថិជនដែរ។ អាជីវករស្ត្រី ដែលបញ្ចេញតែគណនីហ្វេសប៊ុកឈ្មោះ Mak Yayaនោះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថាពីមុនអ្នកស្រីលក់នៅផ្សារដើមគរ ប៉ុន្តែផ្សារបានបិទ អ្នកស្រី ដាក់លក់បន្លែ និងគ្រឿងទេសផ្សេងៗនៅមុខផ្ទះវិញ។ ប៉ុន្តែការដូរមកលក់នៅមុខផ្ទះមិនកាកកប ដូចលក់នៅផ្សារឡើយ។ អាជីវកររូបនេះ ត្អូញត្អែរបន្ត៖ «មានតែអ្នកភូមិមួយៗទេ មកទិញ ហើយខ្ញុំទើបបង្ហោះលក់ តាមហ្វេសប៊ុកថ្ងៃហ្នឹង មិនទាន់មានអ្នកទិញទេ ចាំមើលតទៀតសិន»។ 
 
ខុសពីអាជីវករខាងលើ អ្នកស្រី ម៉េង ថានី ដែលទើបលក់បន្លែ និងគ្រឿងទេស តាមអនឡាញ នៅក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថាការលក់ដូររបស់ខ្លួនហាក់គាប់ប្រសើរ។ ស្ត្រីរូបនេះ អាចលក់បន្លែបានដល់ទៅ៥០គីឡូក្រាមឯណោះក្នុងមួយថ្ងៃ។ លក់បន្លែបង្ការដាច់គួរសម ប៉ុន្តែអាជីវកររូបនេះ ប្រឈមនឹងការរកអ្នកដឹកជញ្ជូនទៅវិញ។ អ្នកស្រី ថានី រៀបរាប់បន្ថែមថា៖ «អ្នកដឹកធម្មតាមិនខ្វះទេ តែស្ថានភាពនេះ អ្នកដឹកដែលមានឯកសារអនុញ្ញាតនោះ គាត់រវល់ខ្លាំង អ៊ីចឹងយើងហៅមកដឹក មិនសូវបានប៉ុន្មាននោះទេ»។ 
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៨មេសា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលបិទខ្ទប់នវ អាជ្ញាធរ ក៏បានផ្អាកបណ្ដោះអាសន្ន ផ្សារបោះដុំបន្លែ និងផ្សារនានាចំនួន ១៥នៅក្នុងរាជធានីភ្នំពេញ ក្រោយរកឃើញអាជីវករ និងសន្តិសុខផ្សារតេសត្តវិជ្ជមានកូវីដ-១៩។ ផ្សារខ្លះត្រូវបិទ ដើម្បីទប់ស្កាត់កុំឱ្យមានករណីឆ្លងកូវីដ-១៩។
 
ផ្សារទាំង១៥ ដែលត្រូវបានបិតបណ្តោះអាសន្ន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ  ផ្សារអូរឫស្សី , ផ្សារដើមគរ , ផ្សារចាស់, ផ្សារធំទួលសង្កែ , ផ្សារបឹងត្របែកផ្លាហ្សា, ផ្សារដេប៉ូ, ផ្សារកណ្ដាល , ផ្សារត្រពាំងថ្លឹង ,ផ្សារឯករាជ្យ១ ផ្សារទួលពង្រ  ផ្សារសេនជូរីផ្លាហ្សា ផ្សារពោធិ៍ចិនតុង  ផ្សារពិភពថ្មីឈូកមាស ,ផ្សាររីករាយ និងផ្សារផ្សារអូឡាំពិក៕
 
 
 
 
 
 

Tag:
 ThmeyThmey25
  អាជីវករលក់បន្លែ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com